Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ប្រាប់ដល់អាជីវករក្នុងខេត្តឱ្យយកមនសិការជាតិមកប្រើក្នុងការនាំទំនិញចូល

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី ១៤ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់ទៅកាន់អាជីវករអ្នកនាំទំនិញចូលមកកម្ពុជាទាំងអស់ អោយប្រើមនសិកាជាតិក្នុងការនាំទំនិញចូល ហើយចែកចាយទៅកាន់ពលរដ្ឋប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន សង្កត់ធ្ងន់លើការនាំទំនិញរបស់ថៃ ដែលជាទំនិញខុសច្បាប់ និងជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវធ្វើពហិកា ដើម្បីសងគុណដល់ការលះបង់ជីវិតរបស់ពលរដ្ឋ និងវីរកងទ័ពកម្ពុជា ដែលបង្កឡើងដោយប្រទេសថៃ។

ក្នុងដំណើរដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ចុះពិនិត្យទីតាំងនាំចូលទំនិញ និងឃ្លាំងស្តុកទំនិញ គ្រឿងបង្កកផ្សេងៗក្នុងមូលដ្ឋានក្រុងកំពត លោក ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធថ្នាក់ខេត្ត បានលើកឡើងថា ក្រោយមានជម្លោះព្រំដែនជាមួយប្រទេសថៃ ប្រជាជនកម្ពុជាបានធ្វើពហិការឈប់ប្រើប្រាស់ទំនិញដែលជាផលិតផលរបស់ប្រទេសថៃ ដើម្បីបង្ហាញពីជាតិនិយម ក៏ដូចការឈឺចាប់ចំពោះការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ហើយក៏ជាការតបស្នងចំពោះការបាត់បង់ជីវិតរបស់ពលរដ្ឋ និងលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ព។

លោកអភិបាលខេត្តកំពតបានបន្តថា ក្រោយពេលរកឃើញថា មានអាជីវករ និងជនទុច្ចរិតមួយចំនួននៅតែបន្តលួចនាំចូលទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកផ្សេងៗដោយខុសច្បាប់ នាពេលថ្មីនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងគ្រប់រាជធានី-ខេត្ត ត្រូវចុះពិនិត្យ និងទប់ស្កាត់អោយបានទាន់ពេលវេលាកុំឱ្យមានការនាំចូលជាដាច់ខាត ហើយប្រសិនបើករណីរកឃើញអ្នកលួចនាំចូល ត្រូវនាំយកមកអនុវត្តន៍តាមផ្លូវច្បាប់ដោយគ្មានការលើកលែង។ ទមន្ទឹមនោះដែរ សម្តេចតេជោក៏បានចាត់ទុកទំនិញថៃ ជាទំនិញខុសច្បាប់ ជាទំនិញបំផ្លាញេជាតិ និងជាទំនិញប្រមាថជាតិ។

ក្នុងដំណើរចុះពិនិត្យនេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានក្រើនរំលឹក និងប្រាប់ដល់អាជីវករក្នុងខេត្តទាំងអស់ ត្រវមានមនិសិការជាតិ ដើម្បីគិតគូរឱ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តនាំទំនិញផ្សេងៗមកពីក្រៅប្រទេស ដោយផ្តោតលើគុណភាព និងសុខភាពពលរដ្ឋជាធំ។

ក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានធ្វើការណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវត្រួតពិនិត្យឱ្យបានច្បាស់ពីប្រភពនាំចូល មធ្យោបាយនាំចូល តាមផ្លូវទឹក ឬផ្លូវគោក តាមច្រកណា ពិសេសគុណភាពទំនិញ តើមានផលប៉ះពាល់ដល់សុខភាពឬទេ។ ក្នុងករណីរកឃើញថា មានជនណាម្នាក់ ឬអាជីវករណាលួចនាំចូលទំនិញពីប្រទេសថៃពិតប្រាកដ គឺត្រូវកសាងសំណុំរឿងទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមផ្លូវច្បាប់ដោយមិនមានការលើកលែងជាដាច់ខាត។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត, អាជ្ញាធរក្រុងកំពត, សាខាគយ និងរដ្ឋាករខេត្ត, មន្ទីរពាណិជ្ជកម្មខេត្ត, សាខា ក.ប.ប. ខេត្ត រួមនឹងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម