Connect with us

ព័ត៌មានអន្ដរជាតិ

JD Vance ត្រៀមចេញ​ទៅស្វីស ដើម្បី​ចុះ​ហត្ថលេខា​ជាមួយអ៊ីរ៉ង់ ខណៈ វត្តមាន ត្រាំ នៅ​ស្រពេច​ស្រពិល​

បានផុស

នៅ

អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ថា លោកមានគម្រោងចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ នៅប្រទេសស្វីស នាប៉ុន្មានថ្ងៃខាងមុខនេះ ហើយប្រធានាធិបតី ដូណាល់ ត្រាំ ក៏អាចនឹងមានវត្តមានផ្ទាល់ផងដែរ។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទូរទស្សន៍ Fox News ឆ្លើយតបទៅនឹងសំណួរថាតើ លោកនឹងមានវត្តមាននៅក្នុងពិធីនោះដែរឬទេ? លោក JD Vance បានបញ្ជាក់ថា «ខ្ញុំពិតជាមានគម្រោងនឹងទៅទីនោះ ប៉ុន្តែ វាក៏អាចទៅរួចដែរដែលលោកប្រធានាធិបតីត្រាំ ផ្ទាល់ នឹងអញ្ជើញទៅទីនោះដែរ។ យើងកំពុងរៀបចំផែនការថា តើនរណាខ្លះនឹងត្រូវចូលរួមក្នុងពិធីចុះហត្ថលេខានោះ»។ យ៉ាងណា លោកបានចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់នេះថាជា សមិទ្ធផលដ៏ធំធេងមួយសម្រាប់សហរដ្ឋអាមេរិក។

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលជាអ្នកសម្របសម្រួល បានប្រកាសកាលពីព្រឹកព្រលឹមថ្ងៃច័ន្ទថា អាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ ក្រោយការចរចាយ៉ាងស្វិតស្វាញ ដោយភាគីទាំងសងខាងបានប្រកាសបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅលើគ្រប់សមរភូមិ ក្នុងនោះរួមទាំងនៅលីបង់ផងដែរ។ លោក Sharif បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា ពិធីចុះហត្ថលេខាជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា នៅក្នុងប្រទេសស្វីស។

លោក Vance បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះមានការចែងពីយន្តការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីធានាថា អ៊ីរ៉ង់មិនអាចបង្កើតអាវុធនុយក្លេអ៊ែរបានឡើយ។ លោកបានថ្លែងដោយទំនុកចិត្តថា «យើងអាចនិយាយបានដោយភាពជឿជាក់ថា អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ»។ ប្រសិនបើភាគីអ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនេះ វានឹងផ្លាស់ប្តូរមុខមាត់តំបន់មជ្ឈិមបូព៌ាយ៉ាងពិតប្រាកដសម្រាប់រយៈពេល ៥០ ឆ្នាំខាងមុខ តាមរយៈការបញ្ចប់ជម្លោះក្នុងតំបន់ ការទាក់ទាញការវិនិយោគ និងការធ្វើឲ្យតម្លៃថាមពលធ្លាក់ចុះ។

គួរបញ្ជាក់ថា លោក ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ថា «កិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ឥឡូវនេះត្រូវបានសម្រេចជាស្ថាពរហើយ។ សូមអបអរសាទរទាំងអស់គ្នា!»។ ជាមួយគ្នានោះ លោកបានបញ្ជាឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញដោយមិនមានការយកកម្រៃ និងបង្គាប់ឲ្យដកការឡោមព័ទ្ធផ្លូវទឹករបស់កងទ័ពជើងទឹកអាមេរិកជាបន្ទាន់។ លោកក៏បានផ្ញើសារសញ្ញាទៅកាន់ការធ្វើចរាចរណ៍ដែនសមុទ្រ និងការដឹកជញ្ជូនថាមពលឡើងវិញដោយសរសេរថា «នាវាទាំងអស់នៅលើពិភពលោក ចូរចាប់ផ្តើមបញ្ឆេះម៉ាស៊ីន។ ទុកឲ្យប្រេងហូរចុះ!»៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ត្រាំ រម្លឹក លោក ណេតាន់យ៉ាហ៊ូ ថា​ «បើគ្មានអាមេរិកទេ​ អ៊ីស្រាអែលមិនអាចរស់ សូម្បីតែ​២ម៉ោង»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម