Connect with us

ព័ត៌មានជាតិ

លោក កែវ ឈា បញ្ជាក់ទៅក្រុមប្រឹក្សាសន្តិសុខថា កម្ពុជាប្ដេជ្ញាចិត្តបន្តជំរុញតួនាទីស្ត្រីក្នុងការរក្សាសន្តិភាព

បានផុស

នៅ

លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៧ ខែមិថុនា បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហរកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ស្ដីពី“ស្ត្រី សន្តិភាព និងសន្តិសុខ”។ ស្របនឹងប្រធានបទនៃកិច្ចប្រជុំ លោក បានបញ្ជាក់ទៅក្រុមប្រឹក្សាសន្តិសុខ ពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញតួនាទីស្ត្រីក្នុងការចូលរួមរក្សាសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីថ្លែងការណ៍របស់លោក កែវ ឈា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ទាំងនៅកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោក។

ក្នុងន័យនេះ លោក បានសង្កត់ធ្ងន់ពីការចូលរួមរបស់កម្ពុជាជាមួយសហគមន៍អន្តរជាតិ តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង១ម៉ឺននាក់ ដែលក្នុងនោះមានកម្លាំងរក្សាសន្តិភាពស្ត្រីជាង១ពាន់នាក់ បានទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅ១២ប្រទេស ទូទាំងពិភពលោក ក្រោមឆត្រអង្គការសហប្រជាជាតិ។

កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ជាប្រទេសដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ក្រោមឆត្រអង្គការសហប្រជាជាតិ សម្រាប់បេសកកម្មថែរក្សាសន្តិភាពនៅតាមប្រទេសនានា ពោលគឺប្រមាណ១០លើកមកហើយ។ កម្ពុជាបានប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព ដោយរាជរដ្ឋាភិបាល បានដាក់ចេញកម្មវិធីនយោបាយជាអាទិភាពក្នុងការបន្តចូលរួមបេសកកម្មរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពដល់ប្រជាជនកំពុងតែរងគ្រោះរងទុក្ខលំបាក ដោយសារសង្គ្រាមនៅប្រទេសដទៃនៅលើពិភពលោក។ 

កម្ពុជា គឺជារដ្ឋសមាជិកអាស៊ានឈានមុខគេមួយ ដែលត្រូវបានទទួលស្គាល់ថា បានបង្កើនការចល័តកម្លាំងជាស្រ្តីទៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិច្រើនជាងគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម