Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ បន្តដឹកនាំមន្ត្រីចុះត្រួតពិនិត្យការដ្ឋានជួសជុលដាក់ប្រព័ន្ធលូបង្ហូរទឹក និង ការស្តារព្រែកអូរវែង ដើម្បីដោះស្រាយបញ្ហាជន់លិច

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានបន្តដឹកនាំគណៈអភិបាលខណ្ឌ និង មន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារស្តារព្រែកអូរវែង និង ការដ្ឋានជួសជុលដាក់ប្រព័ន្ធលូបង្ហូរទឹកនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដើម្បីពន្លឿនការរំដោះទឹក និង កាត់បន្ថយបញ្ហាជន់លិចក្នុងរដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យនេះកាលពីរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ និង លោក ឡុង ង៉ែត អភិបាលរងខណ្ឌ ព្រមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ គណៈអភិបាលខណ្ឌ បានចុះពិនិត្យវឌ្ឍនភាពការងារស្តារព្រែកអូរវែង ដែលបច្ចុប្បន្នសម្រេចបានប្រមាណ ៩០ ភាគរយហើយ ខណៈការងារទាំងមូលត្រូវបានគ្រោងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ ២០២៦ នេះ។ ការស្តារព្រែកអូរវែង ត្រូវបានចាត់ទុកជាគម្រោងសំខាន់មួយក្នុងការបង្កើនសមត្ថភាពរំដោះទឹក និង ជួយសម្រួលដល់ប្រព័ន្ធបង្ហូរទឹកនៅក្នុងតំបន់ដែលធ្លាប់រងការជន់លិចដោយទឹកភ្លៀងកន្លងមក។

បន្ទាប់មក លោកអភិបាលខណ្ឌ បានបន្តចុះពិនិត្យការដ្ឋានជួសជុល និង ដាក់ប្រព័ន្ធលូបង្ហូរទឹកថ្មីនៅក្នុងសង្កាត់ចំនួន ២ រួមមាន សង្កាត់ឫស្សីកែវ និង សង្កាត់ទួលសង្កែទី ១។ គម្រោងនេះ ត្រូវបានអនុវត្តចាប់ពីផ្លូវលេខ ៩៣ ស្ថិតក្នុងភូមិសាមគ្គី ដោយប្រើប្រាស់លូដែលមានទំហំមុខកាត់ ១ ម៉ែត្រ និង មានប្រវែងសរុប ២៨០ ម៉ែត្រ ព្រមទាំងបន្តស្ថាបនាចាប់ពីតំបន់ផ្សារភូមិសាមគ្គី រហូតដល់ផ្លូវលេខ ៩៩។

ក្នុងអំឡុងពេលចុះពិនិត្យការងារ លោក ជិន ប៊ុនធឿន ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយការដ្ឋាន និង ស្តាប់ពីស្ថានភាពរស់នៅ ក៏ដូចជាក្តីកង្វល់នានាផងដែរ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតមានជាយថាហេតុ ដោយសារតំបន់មួយចំនួនមានលក្ខណៈតូចចង្អៀត និងមានលំនៅឋានស្ថិតនៅជិតគ្នា។

លោក ជិន ប៊ុនធឿន បានបញ្ជាក់ថា ក្រោយពេលគម្រោងស្ថាបនាប្រព័ន្ធលូបង្ហូរទឹក និង ការស្តារព្រែកអូរវែង ត្រូវបានបញ្ចប់ជាស្ថាពរ អាជ្ញាធរខណ្ឌ មានសង្ឃឹម និង ជឿជាក់ថា បញ្ហាជន់លិចដោយសារទឹកភ្លៀងនៅតំបន់នេះ នឹងត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម