Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីអ៊ីរ៉ាក់ ថា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ចរចារវាងអាមេរិក និងអ៊ីរ៉ង់ ជុំថ្មី

បានផុស

នៅ

​អ្នកការទូត​អ៊ីរ៉ាក់ បានប្រកាសឲ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ថា ទីក្រុងបាកដាដ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់​ការ​រៀបចំកិច្ចចរចារវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ប្រសិនបើមានតម្រូវការចាំបាច់ ស្របពេលដែល​ការ​ប្រឈម​ដាក់​គ្នា​ជាថ្មី​​រវាង​អាមេរិក​និង​អ៊ីរ៉ង់​​បាន​ផ្ទុះ​​​ឡើង​វិញ​។

លោក Abdulkarim Hashim Mustafa ឯកអគ្គរដ្ឋទូតអ៊ីរ៉ាក់ប្រចាំប្រទេសរុស្ស៊ី (រូបភាព៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភ្នាក់ងារសារព័ត៌មាន Caliber.Az ដោយដកស្រង់ពីសារព័ត៌មានរុស្ស៊ី​ TASS, បាន​ចុះ​ផ្សាយ​ថា លោក Abdulkarim Hashim Mustafa ឯកអគ្គរដ្ឋទូតអ៊ីរ៉ាក់ប្រចាំប្រទេសរុស្ស៊ី បានឲ្យដឹង​ថា «កាលពីឆ្នាំ ២០១៤ អ៊ីរ៉ាក់ធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាដោយប្រយោលជាលើកដំបូង បំផុតរវាងអាមេរិក និងអ៊ីរ៉ង់ រួច​ទៅ​​ហើយ​។ អ៊ីរ៉ាក់តែងតែត្រៀមខ្លួនជានិច្ចក្នុងការបំពេញតួនាទីមួយនេះ ប៉ុន្តែ វាអាស្រ័យទៅលើឆន្ទៈ និងបំណងប្រាថ្នារបស់ភាគីទាំងពីរ ពោលគឺអាមេរិក និងអ៊ីរ៉ង់»។

ទន្ទឹមនឹងនេះ អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ាក់រូបនេះ ក៏បានកត់សម្គាល់ផងដែរថា មីស៊ីលរបស់អ៊ីស្រាអែលជាច្រើនគ្រាប់ ដែលបានបាញ់សំដៅទៅលើអ៊ីរ៉ង់ គឺមិនត្រឹមតែឆ្លងកាត់ដែនអាកាសរបស់អ៊ីរ៉ាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លងកាត់ដែនអាកាស ស៊ីរី លីបង់ និងហ្សូដង់ ផងដែរ។ លោកបានបន្ថែមថា មានប្រទេសតិចតួចណាស់ ដែលមានសមត្ថភាពបច្ចេកទេសគ្រប់គ្រាន់ក្នុងការស្ទាក់ចាប់កាំជ្រួចមីស៊ីលទាំងនោះ។

ពាក់ព័ន្ធនឹងស្ថានការណ៍នៅក្នុងប្រទេសលីបង់ លោក ឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីជំហររបស់អ៊ីរ៉ាក់ ក្នុងការប្រឆាំងដាច់ខាតចំពោះការឈ្លានពានរបស់អ៊ីស្រាអែលលើលីបង់ ដោយលោកបានថ្លែងថា «ជំហររបស់អ៊ីរ៉ាក់គឺច្បាស់លាស់ជានិច្ច គឺយើងប្រឆាំងនឹងការកាន់កាប់ទឹកដីប៉ាឡេស្ទីន ទឹកដីលីបង់ និងការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់»។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រួមជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅលីបង់ កាលពីថ្ងៃទី ២៦ ខែមិថុនា កន្លងទៅនេះ បន្ទាប់ពីបានឆ្លងកាត់កិច្ចចរចាយ៉ាងស្វិតស្វាញចំនួន ៥ ជុំ។

នៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះ កងកម្លាំងអ៊ីស្រាអែលនឹងចាប់ផ្តើមប្រគល់ការគ្រប់គ្រងតំបន់ចំនួនពីរ នៅភាគខាងត្បូង និងភាគខាងជើងនៃទន្លេ Litani ទៅឲ្យកងទ័ពជាតិលីបង់ជាអ្នកគ្រប់គ្រងវិញ។

សូមជម្រាបជូនថា កាលបើអ៊ីរ៉ាក់ដើរតួជាអ្នកសម្របសម្រួលសំខាន់រវាងអាមេរិក និងអ៊ីរ៉ង់ ពោលគឺដើម្បីចៀសវាងសង្រ្គាមប្រូកស៊ី (Proxy War) ឬសង្គ្រាមតំណាង នៅលើទឹកដីខ្លួន ខណៈប្រទេសជិតខាងកំពុងរងផលប៉ះពាល់ពីមីស៊ីលឆ្លងកាត់ដែនអាកាសក្នុងការវាយប្រហារសងសឹកគ្នាទៅវិញទៅមក៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ប្រធានសភា លីបង់ ចាត់ទុកកិច្ចព្រមព្រៀង​សម្រប​សម្រួលដោយអាមេរិក ជា «ការបង្គាប់» ឲ្យ​ចាញ់អុីស្រាអែល
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម