Connect with us

ព័ត៌មានអន្ដរជាតិ

តួលេខអ្នក​ស្លាប់កើនដល់ជិត ២ ០០០​នាក់ហើយ ព្រោះគ្រោះ​រញ្ជួយដីនៅ​វ៉េណេស៊ុយអេឡា

បានផុស

នៅ

ក្រោយ​មហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លាពីរដងជាប់ៗគ្នា បានវាយប្រហារ​ប្រទេស​វ៉េណេស៊ុយអេឡា កាលពីថ្ងៃទី២៤ ខែមិថុនា ឥឡូវនេះ​តួលេខ​អ្នកដែលបាត់បង់ជីវិត បានហក់ឡើងខ្ពស់រហូតដល់ ១ ៩៤៣នាក់ទៅហើយ គិតត្រឹម​ថ្ងៃ​ទី​១កក្កដា។ នេះបើយោងតាមការថ្លែងប្រាប់ទាំងក្តីក្តុកក្តួលរបស់លោក Jorge Rodriguez ប្រធានរដ្ឋសភាជាតិ តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​ចុះផ្សាយរបស់​សារព័ត៌មាន TRT World ក្រៅពីអ្នកស្លាប់ លោក Rodiguez ក៏បានបន្ថែមទៀតថា មានមនុស្សរហូតដល់ ១០ ៥៧១​នាក់ផ្សេងទៀត ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​​ឯ​មន្ទីរពេទ្យ​​នៅ​ឡើយ។

នៅក្នុងគ្រាដ៏ខ្មៅងងឹតនេះ ក្រុម​អ្នក​សង្គ្រោះ កំពុងតែប្រជែងនឹងពេលវេលា ដើម្បីកាយគំនរបាក់បែកជួយអាយុជីវិតមនុស្ស។ មកទល់​នឹង​បច្ចុប្បន្ន ពួកគេអាចទាញមនុស្សចំនួន ៦ ៤៦១​នាក់ ចេញពីមាត់ជ្រោះ​នៃ​សេចក្តីស្លាប់បានដោយជោគជ័យ។ យ៉ាងណាមិញ លោកប្រធានរដ្ឋសភា Jorge Rodriguez បានបង្ហើបថា ចំនួនអ្នកដែលរួចជីវិតពិតប្រាកដ អាចមានរហូតដល់ទៅជិត ២០ ០០០នាក់ឯណោះ។ តួលេខដ៏ច្រើននេះ គឺដោយសារតែនៅរដ្ឋ La Guaira ដែលជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ មានពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាខំប្រឹងវារលូនចេញពីគំនរបែកបាក់​ដោយខ្លួនឯង ខ្លះទៀតក៏ត្រូវ បានសាច់ញាតិ និងមិត្តភក្តិជិតខាងមកជួយកាយទាញចេញទាន់ពេលវេលា។

ការរញ្ជួយដីភ្លោះ​នៅ​វ៉េណេស៊ុយអេឡា មាន​កម្រិតធ្ងន់ធ្ងរបំផុត រហូតដល់ ៧.២រ៉ិចទ័រ និង ៧.៥រ៉ិចទ័រ។ ទំហំនៃការបំផ្លិចបំផ្លាញវិញ គឺធំធេងហួសពីការស្មាន ដោយសារតែទីភ្នាក់ងារអវកាស NASA បានពិនិត្យមើលពីលើមេឃមក ហើយរាយការណ៍ថា មានផ្ទះសម្បែង និងអគារ​ប្រហែល ៥៨ ៨៧០ខ្នង ត្រូវ​បានបាក់រលំខ្ទេចខ្ទី ឬខូចខាតស្ទើរតែទាំងស្រុង ដោយបន្សល់ទុកត្រឹមតែគំនរផេះផង់ និងទឹកភ្នែកពលរដ្ឋរាប់សែននាក់ដែលគ្មានទីជម្រក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម