Connect with us

ព័ត៌មានអន្ដរជាតិ

មហាវិនាសកម្ម រញ្ជួយដីវ៉េណេស៊ុយអេឡា! រកឃើញមនុស្សស្លាប់ ដល់ ១ ៤៥០នាក់ ខណៈ ៣ ១៥០នាក់ របួស

បានផុស

នៅ

ប្រទេសវ៉េណេស៊ុយអេឡា បានរកឃើញជនរងគ្រោះកាន់តែច្រើនឡើងៗ ក្នុងមហាសោកនាដកម្មគ្រោះរញ្ជួយភ្លោះដ៏ ដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្រ្តជាង ១០០ឆ្នាំរបស់ខ្លួន ដោយគិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ មនុស្សស្លាប់ កើនដល់ ១ ៤៥០នាក់ហើយ។

(រូប៖ Reuters)

តាមការបញ្ជាក់ពីប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez តួលេខចុងក្រោយនេះ គឺបូកបញ្ចូលទាំង សពមនុស្ស ២០នាក់ ដែលត្រូវបានទាញចេញពីគំនរអគារ ក្នុងទីក្រុង La Guaira កាលពីថ្ងៃអាទិត្យ។

ទន្ទឹមនោះ លោកបញ្ជាក់ថា មនុស្ស ៣ ១៥០នាក់ទៀត បានរងរបួស, ១២ ៧២១នាក់ បាត់បង់ផ្ទះសម្បែង និងអគារចំនួន ៧៧៤ ត្រូវបាក់រលំ។

(រូប៖ Reuters)

យ៉ាងណា មនុស្ស ៣៣នាក់ ក៏ត្រូវបានជួយសង្គ្រោះផងដែរ ក្នុងនោះមានកុមារច្រើននាក់ ខណៈមនុស្សខ្ទង់ ៥០ ០០០នាក់ បន្តបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយទេ ធ្វើឲ្យគេហ៊ានសន្និដ្ឋានថា តួលេខមនុស្សស្លាប់ អាចហក់ឡើងខ្ពស់ ជាបន្តទៀត។ 

ទោះបែបនេះ! ពេលវេលាប្រកាសអាសន្ន ៧២ម៉ោងដំបូង ដែលជាឱកាស ក្នុងការរស់រានមានជីវិត បានបិទបញ្ចប់ទៅហើយកាលពីចុងសប្តាហ៍ ដែលធ្វើឲ្យលទ្ធភាព នៃការស្វែងរកឃើញអ្នកនៅរស់ កាន់តែស្តួចស្តើងទៅៗ។

(រូប៖ Reuters)

បុគ្គលិកសង្គ្រោះជាង ២ ៦០០នាក់ មកពី ២១ប្រទេស រួមទាំងក្រុមជំនាញមកពីសហរដ្ឋអាមេរិក ម៉ិកស៊ិក អែលសាល់វ៉ាឌ័រ កូឡុំប៊ី និងស្វីស ត្រូវបានដាក់ពង្រាយដើម្បីជួយអន្តរាគមន៍។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាផ្តល់ជំនួយដំបូង ចំនួន ១៥០លានដុល្លារ ហើយរំពឹងថា នឹងមានការផ្តល់ជំនួយរាប់រយលានដុល្លារបន្ថែមទៀត។

សូមជម្រាបជាថ្មី ស្ថាប័នស្រាវជ្រាវភូគព្ភសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីទាំងពីរលើកនេះ មានកម្លាំងខ្លាំងរហូតដល់ ៧.២រ៉ិចទ័រ និង ៧.៥រ៉ិចទ័រ ដោយវាយប្រហារបន្តបន្ទាប់គ្នា ក្នុងរយៈពេលត្រឹមតែ ៣៩វិនាទីប៉ុណ្ណោះ។

(រូប៖ Reuters)

ចំណុចកណ្តាលនៃការរញ្ជួយដីកម្លាំង ៧.៥រ៉ិចទ័រ គឺស្ថិតនៅចម្ងាយប្រហែល ២៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Yumare ក្នុងរដ្ឋ Yaracuy ខណៈការរញ្ជួយដីកម្លាំង ៧.២រ៉ិចទ័រ គឺស្ថិតនៅក្បែរទីក្រុង San Felipe ក្នុងរដ្ឋដដែលនេះ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម