Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ស្នើ​ជប៉ុន​គាំទ្រ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ជប៉ុន​នៅ​កម្ពុជា

បានផុស

នៅ

អនុប្រធានទី១​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ស្នើ​ដល់​ប្រទេស​ជប៉ុន​គាំទ្រ​ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ជប៉ុន​នៅ​កម្ពុជា​ ដើម្បី​បន្ត​ពង្រីក​សក្ដានុពល​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​ក្នុង​តំបន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លើក​ឡើង​ក្នុង​ពិធី​ដាក់​ដំណើរ​ការ​ការ​ផ្គុំ​ និង​ដំឡើង​រថយន្ត​ Toyota ម៉ូដែល​ថ្មី​នៅ​កម្ពុជា​ ព្រឹក​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៦ នៅ​រោង​ចក្រ​តូយូតា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ​បាន​លើក​ឡើង​ថា គំនិត​ផ្ដួច​ផ្ដើម​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ជប៉ុន​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២៣ និង​បាន​លើក​ឡើង​បន្ថែម​ទៀត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​សម្ដេច​ធិបតី បាន​ស្នើ​ដល់​វិទ្យា​ស្ថាន​សិក្សា​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូព៌ា​ ឱ្យ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​លើ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃ​តង​កម្ពុជា-​ជប៉ុន​ បន្ថែម​ទៀត​ដែល​បម្រើ​នូវ​តម្រូវ​ការ​ជាក់​ស្ដែង និង​កម្រិត​ស្តង់ដារ​អ្នក​វិនិយោគ​ជប៉ុន​ ព្រម​ទាំង​សម្រួល​ដល់​ការ​វិនិយោគ​​នៅ​កម្ពុជា​ផង​ដែរ​។ ​

លោក​ថា៖ «ឆ្លៀត​ក្នុង​ឱកាស​នេះ​ខ្ញុំ​សូម​ស្នើ​ភាគី​មិត្ត​ជប៉ុន​មេត្តា​គាំទ្រ និង​ជំរុញ​ឱ្យ​គម្រោង​យុទ្ធសាស្ត្រ​នេះ​​លេច​ចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​»


ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក អ៊ូអិណុ អាត់ស៊ូស៊ី ​​មាន​ប្រសាសន៍​ថា ទោះ​បី​កម្ពុជា​មាន​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​ និង​បញ្ហា​​ Scam ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សម្លឹង​មើល​ពី​អ្នក​វិនិយោគ​មក​ក្នុង​ប្រទេស​នេះ​ក្ដី តែ​ការ​ឈរ​ជើង​យ៉ាង​រឹង​មាំ​របស់​ក្រុម​ហ៊ុន​ជប៉ុន​ដូច​ជា​តូយូតា​នៅ​ពេល​នេះ​ ជា​ការ​បង្ហាញ​ថា​ប្រទេស​កម្ពុជា​គួរ​ជា​ទី​ចាប់​អារម្មណ៍​នៃ​អ្នក​វិនិយោគ​។ លោក​ថា​លោក​នៅ​តែ​បន្ត​គាំទ្រ​ឱ្យ​មាន​អ្នក​វិនិយោគ​បន្ថែម​ទៀត​មក​កម្ពុជា​។

លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​អំណរគុណ​ជប៉ុន​ដែល​ផ្ដល់​ការ​ទុក​ចិត្ត​ និង​ជំរុញ​ការទូត​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​ជាមួយ​កម្ពុជា​។ ​លោក​បាន​ឱ្យ​ដឹង​ថា​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-ជប៉ុន​នៅ​ឆ្នាំ​២០២៥​បាន​កើន​ឡើង​ ២,៥ពាន់លានដុល្លារ​អាមេរិក កើន​១៧​%​បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ខណៈ​ក្នុង​ត្រី​មាស​ទី​១​ឆ្នាំ​២០២៦ មាន​ទំហំ​ប្រមាណ ១,២ ពាន់លានដុល្លារ​៕​


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម