Connect with us

ព័ត៌មានជាតិ

ជប៉ុន ផ្ដល់កម្ចីជាង១៦២លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោង​ស្តារប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគនិរតីនៃរាជធានី

បានផុស

នៅ

រដ្ឋាភិបាលជប៉ុន ផ្ដល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប​ ២៤.២៣៧​ លានយ៉េន (ប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក) ដល់កម្ពុជា ដើម្បីអនុវត្តគម្រោង​ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមិថុនា នៅទីស្តីការក្រសួង  ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា UENO Atsushi។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  គម្រោង​ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ មានគោលបំណងលើកកម្ពស់ផលិតភាពកសិកម្មនៅតំបន់ជនបទ និងកាត់បន្ថយការខូចខាតដោយគ្រោះទឹកជំនន់ តាមរយៈការស្ដារ និងកែលម្អប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកដែលមានស្រាប់ នៅច្រករបៀងភាគនិរតីនៃរាជធានីភ្នំពេញ។

ក្រសួងការបរទេស ចាត់ទុក ការបន្តផ្ដល់ជំនួយហិរញ្ញវត្ថុនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋាភិបាលជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។

កម្ពុជា និងជប៉ុន​ បានចាប់ផ្ដើមបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅឆ្នាំ១៩៥៣ ដែលគិតមកទល់បច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរឈានដល់ខួប៧៣ឆ្នាំ។ នៅឆ្នាំ២០២៣ ថ្នាក់ដឹកនាំ​កម្ពុជា​ និង​ជប៉ុន​ បាន​ព្រម​ព្រៀង​គ្នា​ដំឡើង​ភាព​ជា​ដៃគូ​ទៅ​ជា​«ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» ​ ចំគ្រាដែលទំនាក់ទំនងប្រទេសទាំងពីរគ្រប់អាយុ៧០ឆ្នាំគត់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម