Connect with us

ព័ត៌មានអន្ដរជាតិ

​ម៉ាឡេស៊ី​ច្រានចោលការលើកឡើងរបស់ថៃ ថាខ្លួននឹងដកបម្រាមលើបង្គា​នាំចូលពីថៃ

បានផុស

នៅ

អាជ្ញាធរម៉ាឡេស៊ីបានច្រានចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោក Suriya Jungrungreangkit ដែលបានអះអាងថា ម៉ាឡេស៊ីនឹងដកបម្រាមលើការនាំចូលបង្គាពីថៃ និងអនុញ្ញាតឱ្យការនាំចេញបង្គារបស់ថៃត្រឡប់ទៅធម្មតាវិញក្នុងរយៈពេល ៣០ថ្ងៃ ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ជំនួបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោក Suriya Jungrungreangkit (ស្ដាំ) និងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង​ម៉ាឡេស៊ី លោក Mohamad Sabu (ឆ្វេង) កាលពីថ្ងៃពុធ សប្ដាហ៍មុន។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Suriya បានលើកឡើងពីភាពជឿជាក់របស់ខ្លួន​កាលពីថ្ងៃពុធសប្ដាហ៍មុន​ បន្ទាប់ពីជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង​ម៉ាឡេស៊ី លោក Mohamad Sabu។

លោក Suriya បានឱ្យដឹងថា ​ថៃ និងម៉ាឡេស៊ី បានឯកភាពពន្លឿននីតិវិធីត្រួតពិនិត្យស្តង់ដារវិធានការអនាម័យ និងភូតគាមអនាម័យ រួមទាំងការពិនិត្យសំណល់សារធាតុគីមី និងអនាម័យ ដើម្បីស្ដារសកម្មភាពពាណិជ្ជកម្មឡើងវិញ។ លោកបានបន្ថែមថា ប្រសិនបើដំណើរការនេះប្រព្រឹត្តទៅតាមផែនការ ការត្រួតពិនិត្យនឹងបញ្ចប់ក្នុងរយៈពេល ៣០ ថ្ងៃ ហើយថៃនឹងអាចនាំចេញបង្គាទៅម៉ាឡេស៊ីដូចកាលពីមុន។

​ផ្ទុយពីការលើកឡើងនេះ អគ្គនាយកនៃនាយកដ្ឋានជលផលម៉ាឡេស៊ី លោក Adnan Hussain ឯណោះវិញ បានបដិសេធការរំពឹងទុក​ពេលវេលា​ ៣០ ថ្ងៃ​​ ដោយបញ្ជាក់ថា ម៉ាឡេស៊ីត្រូវការពេលបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងឯកសារដែលភាគីថៃបានដាក់ស្នើ មុននឹងសម្រេចថាតើអាចបើកទីផ្សារបង្គាឡើងវិញ ឬអត់។

យោងតាមទីភ្នាក់ងារព័ត៌មាន Bernama លោក Adnan បាននិយាយកាលពីថ្ងៃសៅរ៍ថា ព័ត៌មានដែលថៃបានផ្តល់ទៅម៉ាឡេស៊ី កំពុងស្ថិតក្រោមការវាយតម្លៃរបស់ក្រុមបច្ចេកទេស ហើយបើទោះបីជាឯកសារទាំងអស់មានភាពពេញលេញក៏ដោយ ម៉ាឡេស៊ីនៅតែត្រូវការយ៉ាងហោចណាស់ ៣០ ថ្ងៃ ដើម្បីពិនិត្យ និងវាយតម្លៃរាល់ព័ត៌មាន និងឯកសារដែលបានដាក់ស្នើ។

គួរគូសបញ្ជាក់ថា ម៉ាឡេស៊ីបានដាក់បម្រាមបណ្តោះអាសន្នលើការនាំចូលបង្គាពីថៃ ចាប់តាំងពីថ្ងៃទី ១ ខែមិថុនា ​មក​ ដោយអះអាងថា ជាផ្នែកនៃវិធានការថ្មីដើម្បីរឹតបន្តឹងស្តង់ដារលើការនាំចូល និងនាំចេញផលិតផលកសិកម្ម។ ទោះយ៉ាងណា វិធានការនេះក៏ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបនឹងការហាមឃាត់របស់ថៃលើការនាំចូលត្រីឆ្ពុង (seabass) ពីម៉ាឡេស៊ី ដោយសារក្តីបារម្ភអំពីសុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់នៅថៃ។

គេមើលឃើញថា ជម្លោះពាណិជ្ជកម្ម​រវាងប្រទេសទាំង២ ​អាច​នឹងក្លាយជារបៀបវារៈសំខាន់មួយ នៅពេលនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុណ ​ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ​អំឡុងដំណើរទស្សនកិច្ចទៅកាន់​ម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម