Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!

បានផុស

នៅ

មួយសប្តាហ៍ពេញហើយ ដែលអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា ធ្វើឲ្យកក្រើកតំបន់មជ្ឈិមបូព៌ា នៅក្នុងសង្គ្រាមដ៏សាហាវ ដែលផ្ទុះឡើងសាជាថ្មី ក្រោយកិច្ចព្រមព្រៀងសន្តិភាព ដែលមានប្រទេសប៉ាគីស្ថាន ជាអ្នកសម្របសម្រួល ត្រូវរលាយ។

(រូប៖ Centcom)

តាមការផ្សាយរបស់ Al Jazeera នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ បានចេញបញ្ជាផ្ទាល់ ឲ្យបញ្ជាការកណ្តាលអាមេរិក (CENTCOM) បើកការវាយប្រហារនៅថ្ងៃទី៧ ដោយប្រើប្រាស់ទាំងយន្តហោះចម្បាំង នាវាចម្បាំង និងដ្រូន។

ការវាយប្រហារថ្មីនេះ បានពង្រីកពីតំបន់ឆ្នេរភាគខាងត្បូង ចូលទៅជ្រៅក្នុងទឹកដីស្នូលរបស់អ៊ីរ៉ង់ រួមទាំងខេត្ត Yazd ដែលស្ថិតនៅចំកណ្តាលប្រទេស ខណៈការផ្ទុះកក្រើកក៏កើតឡើងផងដែរ នៅតំបន់ Bushehr, Sirik និងកោះ Qeshm។

(រូប៖ Reuters)

យ៉ាងណា អ៊ីរ៉ង់ មិននៅស្ងៀមឡើយ ដោយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានបាញ់មីស៊ីលបាលីស្ទីក និងដ្រូន សងសឹកវិញយ៉ាងសន្ធាប់ តម្រង់ទៅរកបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ក្នុងតំបន់ ដែលមានមូលដ្ឋានទ័ពអាមេរិក ឈរជើង ដូចជា បារ៉ែន កូវ៉ែត កាតា ហ្សកដានី ស៊ីរី និងអូម៉ង់។

ក្នុងនោះ ការវាយប្រហារដោយមីស៊ីល លើរោងចក្រចម្រោះទឹកស្អាត និងរោងចក្រអគ្គិសនី ក្នុងប្រទេសកូវ៉ែត បានបំផ្លាញម៉ាស៊ីនធំ បង្ខំឲ្យរដ្ឋាភិបាលប្រកាសកាត់បន្ថយ និងកំណត់ការប្រើប្រាស់អគ្គិសនី។ ចំណែកនៅកាតា, បំណែកមីស៊ីលដែលធ្លាក់ បានបណ្តាលឲ្យកុមារម្នាក់រងរបួស។

(រូប៖ Reuters)

នៅថ្ងៃទី៦ នៃសង្គ្រាមថ្មីនេះ! អ៊ីរ៉ង់ បញ្ជាក់ថា ស្ពានចំនួន ៨ ត្រូវបានអាមេរិក កម្ទេច រួមជាមួយសំណង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត ហើយជនស៊ីវិល ៨នាក់ ក៏ត្រូវបាត់បង់ជីវិត និង ២០នាក់ រងរបួសផងដែរ។

ក្នុងចំណោមនោះ មានស្ពាន Bandar-e Khamir ស្ថិតក្នុងខេត្ត Hormozgan ភាគខាងត្បូង ដែលត្រូវអាមេរិកទម្លាក់គ្រាប់បែកផ្តាច់ចោល ខណៈក្នុងការវាយប្រហារនោះ ក៏បណ្តាលឲ្យជនស៊ីវិល ៧នាក់ស្លាប់ និង៩នាក់ រងរបួសផងដែរ។

(រូប៖ Reuters)

មិនត្រឹមប៉ុណ្ណឹង អាមេរិក ក៏បំផ្ទុះប៉មដ៏ខ្ពស់មួយផងដែរ នៅកំពង់ផែ Chabaharរបស់ប្រទេសអ៊ីរ៉ង់ ស្ថិតនៅឈូងសមុទ្រអូម៉ង់ ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ប្រទេសជិតខាង អាហ្វហ្គានីស្ថាន ដែលជាប្រទេសគ្មានច្រកចេញចូលសមុទ្រ។

សង្គ្រាមផ្ទុះឡើងខ្លាំងជាថ្មីនេះ គឺបន្ទាប់ពីអាមេរិក ចោទថា អ៊ីរ៉ង់ បានបំពាន MoU ដែលភាគីទាំងពីរ ចុះហត្ថលេខាកាលពីខែមិថុនា តាមរយៈការវាយប្រហារលើកប៉ាល់ដឹកទំនិញ នៅច្រក Hormuz ទើបទីក្រុងវ៉ាស៊ីនតោន ឆ្លើយតបយ៉ាងចាស់ដៃបែបនេះ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម