សេដ្ឋកិច្ច
កម្ពុជា ផ្តោតលើការជំរុញឧស្សាហកម្ម និងការចាប់យកបច្ចេកវិទ្យាទំនើប
មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្ម ឆ្នាំ២០២៦ បានបើកដំណើរការជាផ្លូវការនៅថ្ងៃនេះ ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកវិនិយោគ ក្រុមហ៊ុនបច្ចេកវិទ្យា និងសមាគមធុរកិច្ច ដើម្បីជំរុញភាពជាដៃគូក្នុងវិស័យឧស្សាហកម្ម បង្ហាញបច្ចេកវិទ្យាទំនើបៗ និងគាំទ្រការធ្វើទំនើបកម្មវិស័យឧស្សាហកម្មកម្ពុជា។

ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងជាលើកទី១ ដោយសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា ក្រោមវត្តមាន លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោក ហែម វណ្ណឌី បានលើកឡើងពីការផ្លាស់ប្តូរខឿនឧស្សាហកម្មរបស់កម្ពុជាពីការប្រកួតប្រជែងផ្តោតលើថ្លៃដើមផលិតកម្មទាប ឆ្ពោះទៅការពឹងផ្អែកលើបច្ចេកវិទ្យា នវានុវត្តន៍ ផលិតភាព និងគុណភាព ដើម្បីឱ្យឧស្សាហកម្មកម្ពុជាអាចឈានឡើងកាន់តែជ្រៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។
លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «ការអភិវឌ្ឍឧស្សាហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់ទាំងកំណើនចំនួនរោងចក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគចំពោះស្ថិរភាព សក្ដានុពល និងអនាគតនៃឧស្សាហកម្មកម្ពុជា»។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រធុនធ្ងន់កំពុងដំណើរការចំនួន ៣.៣១៩ ផ្តល់ការងារ ជាង ១,៣ លានកន្លែង និងទាក់ទាញទុនវិនិយោគសរុបប្រមាណ ២៧,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ហែម វណ្ណឌី ក៏បានលើកឡើងពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិស័យផលិតកម្មសកល ដោយសារការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ស្វ័យប្រវត្តិកម្ម បច្ចេកវិទ្យារ៉ូបូត និងបច្ចេកវិទ្យាឌីជីថល ដែលកំពុងក្លាយជាកត្តាកំណត់ភាពប្រកួតប្រជែងនៃឧស្សាហកម្មក្នុងប្រទេសជាច្រើន។
លោករដ្ឋមន្ត្រីបន្ថែមថា៖«សម្រាប់ការប្រកួតប្រជែងសកល កម្ពុជាមិនអាចនៅក្រៅសង្វៀនបច្ចេកវិទ្យា បានទេ។ យើងត្រូវចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម លើកកម្ពស់គុណភាពផលិតផល និងពង្រឹងភាពប្រកួតប្រជែងនៃសហគ្រាសរបស់យើង»។

មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៦នេះ មានការចូលរួមតាំងពិព័រណ៍ពីក្រុមហ៊ុនចំនួន ១៦២ ក្នុងនោះមាន ៣៦ ក្រុមហ៊ុនមកពីប្រទេសចិន និង ១១៨ ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដោយដាក់តាំងបង្ហាញផលិតផល និងបច្ចេកវិទ្យាឧស្សាហកម្មតាមរយៈស្តង់ពិព័រណ៍ចំនួន ១៩៩ ស្តង់។
តំណាងស្ថានទូតចិនប្រចាំកម្ពុជា លោកស្រី Guan Wei បានលើកឡើងថា ព្រឹត្តិការណ៍នេះគឺជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងប្រទេសទាំងពីរ។
លោកស្រីបានលើកឡើងថា៖ «យើងសង្ឃឹមថា សហគ្រាសនៃប្រទេសទាំងពីរនឹងចាប់យកឱកាសដែលព្រឹត្តិការណ៍នេះផ្តល់ជូន បង្កើតទំនាក់ទំនង ស្វែងរកឱកាសធុរកិច្ចតាមរយៈការផ្លាស់ប្តូរយោបល់ សម្រេចផលប្រយោជន៍រួមតាមរយៈកិច្ចសហប្រតិបត្តិការ និងរួមគ្នាបង្កើតសករាជថ្មីនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-ចិន»។

លោក Lee Allen ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា បានបញ្ជាក់គោលបំណងរបស់សមាគមក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាវេទិកាយូរអង្វែង សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម។
លោក Lee Allen បន្ថែមថា ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង។ យើងនឹងបន្តពង្រីកវិសាលភាព ពង្រឹងគុណភាព និងឥទ្ធិពលនៃព្រឹត្តិការណ៍នេះ ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ក្រោយៗ ក្លាយជាអត្តសញ្ញាណនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា និងជាកម្លាំងដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម។
ព្រឹត្តិការណ៍រយៈពេល២ថ្ងៃ ពីថ្ងៃ១៧-១៨ ខែកក្កដា មានការតាំងបង្ហាញបច្ចេកវិទ្យាឧស្សាហកម្ម កម្មវិធីផ្គូផ្គងធុរកិច្ច និងការកសាងបណ្តាញទំនាក់ទំនងអាជីវកម្ម សំដៅជំរុញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសកម្ពុជា និងសហគ្រាសពីបរទេស៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


