Connect with us

ព័ត៌មានជាតិ

ក្របីមេ​ពូជចំនួន៣ក្បាលត្រូវចោរលួចដាក់ឡានស្ងាត់ឈឹង នៅស្រុក ភ្នំស្រុក

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ មេក្របីពូជចំនួន៣ក្បាលត្រូវចោរលួចដាក់ឡានទៅដោយសុវត្ថិភាព ម្ចាស់​បាត់​នៅ​វេលា​ម៉ោង១​រំលងអធាត្រឈានចូល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចជាប់​ខ្នង​ទំនប់អាងទឹកត្រពាំងថ្ម ម្ដុំលូកំពង់ធំ ស្ថិតក្នុងភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យ​ដឹងថា ជនរងគ្រោះដែលជាម្ចាស់សត្វក្របី ឈ្មោះ ពែក ហាត់ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅ​ភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់​ថា​ តាមការ​ឱ្យដឹងពីម្ចាស់ក្របីបានរៀបរាប់ថា គាត់មានសត្វក្របីសរុបទាំងអស់ចំនួន២០ក្បាល កូនចំនួន​៧ក្បាល​​ ធ្វើក្រោលជាប់ខ្នងទំនប់អាងទឹកត្រពាំងថ្ម ដែលមានចំងាយពីផ្ទះរបស់គាត់ ប្រហែល​១០០ម៉ែត្រ។

ជារៀងរាល់យប់គាត់តែងតែក្រោកដើរមកពិនិត្យមើលក្របីរបស់គាត់មិនដែល​ដាច់។ នៅយប់កើតហេតុវេលាម៉ោង១ រំលងអធាត្រគាត់បានក្រោកទៅមើលក្របីក្នុងក្រោលដូច​សព្វដង ស្រាប់តែបាត់ក្របីអស់ចំនួន៣ក្បាល ជាក្របីមេពូជទៀត។

លោកវរសេនីយ៍ឯក យ៉ត សុផល បានបញ្ជាក់បន្ថែមថា ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញ​ព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃ បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការ​ស្រាវជ្រាវ និងត្រួតពិនិត្យជុំវិញករណីខាងលើឃើញថា គន្លងរថយន្តធុនតូច បើកមកពីទិសខាង​កើត​ថយ​ចូលតាមផ្លូវជាប់ខ្នងទំនប់អាងទឹកត្រពាំងថ្ម ខាងកើតកន្លែងកើតហេតុចំងាយ​ប្រមាណ​១៥០ម៉ែត្រ និងឃើញមានស្នាមជើងសត្វក្របីដែលជនល្មើសបានដេញឡើងលើរថយន្ត រួចបើក​មកទិសខាងកើតតាមខ្នងទំនប់អាងទឹកត្រពាំងថ្ម។

ទាក់ទិននឹងករណីខាងលើ កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃកំពុងស្រាវជ្រាវដើម្បីឈានដល់ការបង្រ្កាបចាប់ខ្លួនជនប្រព្រឹត្តល្មើសយកទៅផ្តន្ទាទោសតាមច្បាប់នៅខាងមុខនេះ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម