Connect with us

ព័ត៌មានជាតិ

ស្វាយរៀង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ព្រះសង្ឃ នៅ​ក្នុង​ក្រុង​-​ស្រុក​៣​ក្នុង​ខេត្ត​

បានផុស

នៅ

​លោក ម៉ែន វិ​ប​ល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១​នេះ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ក្នុង​កម្មវិធី​បើ​ក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩ ក្រោម​អធិបតីភាព​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន​យោធ​សេវា ក្រសួងការពារជាតិ ជូន​ដល់​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី ព្រះសង្ឃ ក្នុងភូមិ​សាស្ត្រ​ក្រុង​បាវិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​នោះ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​បញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​នាពេលនេះ គឺជា​ការ​គិតគូរ​ក្រោម​ការយកចិត្តទុកដាក់​បំផុត​របស់​សម្តេច​តេ​ជោ ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​សុខភាព​មាំមួន ក្នុងការ​ប​ង្កើន​ភាពស៊ាំ និង​អង់ទីគ័រ​ការពារ​ប្រឆាំងនឹង​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩ ជាពិសេស​វ៉ាក់សាំង​អាចជួយ​កាត់បន្ថយ​ការឆ្លង​រាលដាល​បាន​មួយផ្នែកធំ ទោះបី​វា​មានការ​ឆ្លង ក៏​អ្នកជំងឺ​មិន​ធ្ងន់ធ្ងរ មិន​មាន​ហានិភ័យ​ដល់​អាយុជីវិត​នោះឡើយ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា ដំណើរ​ការចាក់​វ៉ាក់សាំង​នៅក្នុង​ខេត្តស្វាយរៀង នា​ថ្ងៃនេះ មាន​ចំនួន​៣​ក្រុង​-​ស្រុក​រួមមាន​៖ ១.​ក្រុង​បាវិត មាន​ចំនួន​២​ទីតាំង ទទួលខុសត្រូវ​ចាក់​វ៉ាក់សាំង​ដោយ​ក្រុមគ្រូពេទ្យ នៃ​ក្រសួងការពារជាតិ​។ ២.​ស្រុក​កំពង់រោទិ៍​មាន​ចំនួន​១០​ទីតាំង ទទួលខុសត្រូវ​ចាក់​វ៉ាក់សាំង​ដោយ​ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត និង៣.​ស្រុក​រំដួល​មាន​ចំនួន​៨​ទីតាំង ទទួលខុសត្រូវ​ចាក់​វ៉ាក់សាំង​ដោយ​ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន​យោធ​សេវា ក្រសួងការពារជាតិមានប្រសាសន៍ថា នេះ​ជា​ថ្ងៃទី​មួយ​នៃ​ការបើក​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្រុង​បាវិត ដែល​ប្រព្រឹត្តទៅ​ដោយមាន​ការសហកា​រ​ជាមួយ​រដ្ឋបាលខេត្ត​-​ក្រុង​ព្រមទាំងអាជ្ញាធរ​ពាក់ព័ន្ធ​ ដើ​ម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មកចាក់​វ៉ាក់សាំង​តាម​លំដាប់លំដោយ​របស់​ក្រុមគ្រូពេទ្យ​បានរៀបចំ​ជូន​។

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង ត្រូវ​មក​តាម​ការកំណត់​រប​ស់​អាជ្ញាធរ ជៀសវាង​មក​ប្រជ្រៀត​គ្នា​ធ្វើឱ្យ​បាត់​សណ្ដាប់ធ្នាប់​ជា​ដើ​ម​។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ដល់​វេន​មក​ទទួល​វ៉ាក់សាំង ត្រូវ​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​១ ដោយ​យក​ឯកសារ​មកជា​មួយ​មានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សំបុត្រកំណើត ឬ​ឯកសារ​ពាក់ព័ន្ធ​នានា ម្យ៉ាងទៀត​ក្រោយ​ទទួលបាន​វ៉ា​ក់រួច​ត្រូវតែ​បន្ត​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​”៣​ការពារ ៣​កុំ​”​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

​លោក​បាន​បន្តថា ការ​គិតគូរ​ដ៏​ឈ្លាសវៃ​និង​ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​វ៉ាក់សាំង និង​បាន​ចាត់​ឱ្យ​កងយោធពល​ខេមរភូមិន្ទ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ កម្មករ ព្រះសង្ឃ​ ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ​នៅថ្ងៃនេះ និង​ជំហាន​បន្ត​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​ទាំងមូល និង​ទទួលបាន​ការចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា ដើម្បី​ទប់ស្កាត់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ធ្វើឱ្យ​ស្ថានភាព​សេដ្ឋកិច្ច វិល​ទៅរក​ភាព​ដើម​វិញ​នាពេលខាងមុខ​។

​បន្ទាប់ពី​ចប់​កម្មវិធី​បើក និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​ក្រុង​បាវិត លោក ម៉ែន វិបុល អភិបាលខេត្ត បាន​អ​ញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់រោទិ៍ និង​ស្រុក​រំដួល ខេត្តស្វាយរៀង ផងដែរ​៕​

អត្ថបទ៖ គឹម​សេង​

សូមចុចអាន​៖ ខេត្តព្រះសីហនុបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់ពលរដ្ឋជាង១៧ម៉ឺននាក់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម