Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច បោះដៃឲ្យគ្នា ឃាត់អ្នកបើកបរល្មើសច្បាប់ ជាការអនុវត្តត្រឹមត្រូវដែរឬទេ?

បានផុស

នៅ

ការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់កងកម្លាំងនគរបាល ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការ​ជួ​​​យកាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសករណីស្លាប់ និងរងរបួសតែម្ដង។ មន្ត្រីនគរ​បាលចរាចរណ៍ រាជធានីភ្នំពេញ នៅតែបន្តសកម្មភាព ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំថ្ងៃ​ ទោះស្ថិតក្នុងបរិបទ នៃការ​រាត​ត្បា​តជំងឺកូវីដ-១៩ ក៏ដោយ ដែលនាំឲ្យករណីគ្រោះថ្នាក់ ចរាចរណ៍បានកាត់បន្ថយច្រើន ក្នុងរាជធានីភ្នំពេញ។​

ទោះបីជាយ៉ាងនេះក្ដី មានមតិខ្លះមានចង្ងល់ថា តើនគរបាលចរាចរណ៍ បោះដៃឲ្យគ្នាតាមប្រព័ន្ធ អាយឌី ឬ​អាយកូម ដើម្បី​ឃា​ត់​​អ្នកបើកបរម៉ូតូ និងរថយន្តល្មើសច្បាប់នោះ ជាការអនុវត្តត្រឹមត្រូវដែរឬទេ? សម្រាប់បញ្ហានេះ​ លោកវ​រ​សេ​នី​យ៍​ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ប្រសិន​បើ​សមត្ថកិច្ច ឈរនៅលើចិញ្ចើមផ្លូវ ហើយប្រើអាយឌី ឬអាយកូម ផ្ដល់ព័ត៌មានឲ្យគ្នា ដើម្បីឃាត់យានយន្តល្មើសច្បាប់ គឺជា​ការ​អនុវត្តត្រឹមត្រូវ មិនមានអ្វីខុសឆ្គងឡើយ។ លើកលែងតែមានការពួនស្ទាក់ ទើបជាបញ្ហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវ​រ​សេ​នី​យ៍​ឯក សាន សុខសីហា បានឲ្យដឹងទៀតថា «ការអនុវត្តហ្នឹង យើងនិយាយជារួម មានន័យថា បើ​សិន​ជាគាត់ឈរធម្មតា ឧបមាថា នៅគោលដៅ គឺការអនុវត្ត គេមានបែងចែកកម្លាំង មាននៅខាងមុខ មាន​នៅកន្លែង​គោ​ល​ដៅផាកពិន័យ និងនៅខាងមុខហ្នឹងទៀត ពីព្រោះក្នុងករណីខ្លះ មានជនមួយចំនួន គាត់ព្យា​យាមបើកគេច ពីសម​ត្ថ​កិច្ច ចឹងគឺយើងអាចមាន ជា៣ដំណាក់ ដំណាក់កាលខាងមុខ ដំណាក់កាលទីតាំង នៃការអនុវត្ត ដើម្បីចេញប័ណ្ណ​ផា​កពិន័យ ហើយហ្នឹងដំណាក់កាលខាងមុខទៀត ដែលយើងអាចមានកម្លាំងអន្​តរាគមន៍…សំខាន់មានន័យថា កុំឲ្យ​តែគាត់ពួនស្ទាក់អី មើលទៅកាឡេមកាឡឺមអីពេញហ្នឹង សំខាន់គឺមាន​ន័យថា បើសិនឈរក្នុងលក្ខណៈ​នៅលើ​ចិ​ញ្ចើម​ផ្លូវ កាន់អាយឌី ដើម្បីព័ត៌មានអាហ្នឹងជារឿងធម្មតា ក្នុងការអនុវត្ត»។

ជាមួយគ្នានេះ អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា សម្រាប់ការណែនាំ និង​បទ​​​បញ្ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ មិនឲ្យហៅ ឬឃាត់យានយន្ត ដែលមិន​មានការ ល្មើសច្បាប់ណាមួយនោះទេ។ លោកមានប្រសាសន៍ថា «បទបញ្ជារបស់សម្ដេចក្រឡា​ហោ​ម ក៏ដូចជា​ឯក​ឧត្ដមអគ្គស្នងការ បើសិនជាមិនខុសទេ គឺសមត្ថកិច្ចមិនហៅទេ មិនឲ្យហៅដាច់ខាត ឧប​មា​ថា គាត់បើកបររថយន្ត គាត់ពាក់ខ្សែក្រវ៉ាត់ អីត្រឹមត្រវូ គឺមិនហៅដាច់ខាត ប៉ុន្តែបើសិនជាគាត់ អត់ពាក់ខ្សែក្រវ៉ាត់ ឬគាត់និយាយទូរស័ព្ទ ពេលកំពុងបើកបរ គឺយើងហៅ ហើយពេលយើងហៅ បទល្មើសហ្នឹង យើងអាចសួរគាត់ផ្សេងថា យើងសុំឆែកមើល​ថា តើគាត់មានពាក់មីឬអត់? អាហ្នឹងយើង អាចមានសិទ្ធិ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់»។

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានក្រើនរំលឹកដល់មន្ត្រី មានសមត្ថកិច្ចដឹក នាំ និងប្រតិបត្តិការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្តឲ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារ សេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។

មន្ត្រីនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវ​គោក​នៅ​រាជ​​ធានីភ្នំពេញ នៅតែបន្តធ្វើយ៉ាងសកម្មភាព​ ទោះបីស្ថិតក្នុងបរិបទ នៃការរាតត្បាតជំងឺកូវីដ- ១៩ក៏ដោយ ហើយការអនុវត្តបែបនេះ គឺជាករណីចាំបាច់មួយ ដើម្បីជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម