ព័ត៌មានជាតិ
តើពេលណាគួរវិនិយោគ លើ ដីឡូត៍ ពេលណាគួរវិនិយោគ លើផ្ទះក្នុងបុរី និងពេលណាគួរវិនិយោគ លើខុនដូ?
ជាការពិត ការវិនិយោគលើអចលនទ្រព្យ លើប្រភេទណាក៏ដោយ ក៏មានផលល្អ និងបានផលចំណេញដែរ តែគ្រាន់តែផលចំណេញ ពីការវិនិយោគខ្លះ ត្រូវចំណាយពេលយូរ ឬឆាប់រហ័ស តិច រឺច្រើនតែប៉ុណ្ណោះ។ នេះបើតាមការលើកឡើង របស់អ្នកជំនាញផ្នែកអចលនទ្រព្យ។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន Sam Sn Realty Co., Ltd នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចែករំលែកចំណេះដឹង ថាតើ នៅពេលណាយើង គួរវិនិ យោគលើដីឡូត៍ នៅពេលណាយើងវិនិយោគ លើផ្ទះក្នុងបុរី នៅពេលណាយើង គួរវិនិយោគលើខុនដូ ឬដីក្នុងក្រុង និងនៅពេលណាយើង គួរវិនិយោគ លើដីជាយក្រុងភ្នំពេញ។

បើតាមលោក សំ សុខនឿន ប្រធានសមាគមនអចលនទ្រព្យសកល (GRA) ការវិនិយោគនីមួយៗ គឺផ្អែកទៅលើស្ថានភាព និងហិរញ្ញវត្ថុរបស់អ្នកវិនិយោគ។
សម្រាប់ដីឡូត៍៖ អ្នកវិនិយោគដីឡូត៍ ជាទូទៅគឺជាអ្នកវិនិយោគ ដែលមានស្ថានភាពប្រាក់ចំណូលទាប ឬមិនមានលុយគ្រប់ដុំក្នុងការទិញនោះទេ អ្នកវិនិយោគលើដីឡូត៍នេះ គឺជាអ្នកវិនិយោគ ដែលមានចំណូលជាប្រចាំខែហើយ អាចបង់លុយជាប្រចាំខែ សម្រាប់ការទិញដីឡូត៍ ដែលចាត់ទុកជាការសន្សំប្រាក់លើដីឡូត៍ និងសង្ឃឹមថាមានផលចំណេញខ្លះៗ នាពេលអនាគត។ ការវិនិយោគលើដីឡូតិ៍ មិនអាចឲ្យយើងបានផលចំណេញខ្ពស់ ពីការវិនិយោគបានឡើយ ព្រោះគម្រោងដីឡូត៍ជាទូទៅ គឺនៅឆ្ងាយពីក្រុង ហេដ្ឋារចនាសម្ព័ន្ធមិនទាន់បានល្អប្រសើរ និងត្រូវការរង់ចាំរយ:ពេលយូរ ហើយតម្លៃដែលដាក់លក់ពីអ្នកអភិវឌ្ឍ មានតម្លៃថ្លៃរួចទៅហើយ បើប្រៀបធៀបនឹងតម្លៃ ដែលអ្នកអភិវឌ្ឍបានទិញ ឬតម្លៃទីផ្សារតំបន់នោះ។ ប្រសិនបើលោកអ្នក ចង់ចំណេញបានឆាប់រហ័ស លោកអ្នកមិនគួរវិនិយោគលើដីឡូត៍ឡើយ។ តែការទិញដីឡូត៍ គឺជាការសន្សំប្រាក់យ៉ាងល្អបំផុត ដែលអ្នកបានផលចំណេញខ្លះៗ ពេលអនាគត។
សម្រាប់ផ្ទះក្នុងបុរី៖ អ្នកវិនិយោគផ្ទះក្នុងបុរី គឺជាអ្នកវិនិយោគ ដែលបានសាច់ប្រាក់ ឬចំណូលមធ្យមឡើងទៅ ដែលអ្នកវិនិយោគប្រភេទនេះ អាចបានផលចំណេញពីការវិនិយោគផ្ទះ ក្នុងបុរីចាប់តាំងពីអំឡុងពេលបុកគ្រឹះដំបូងរហូតដល់ផ្ទះសាងសង់រួច អ្នកវិនិយោគអាចចំណេញបានរង្វង់៥០% ក្នុងរយៈពេល២ឆ្នាំ ទៅ៣ឆ្នាំ។ តែសុំបញ្ជាក់ថា អ្នកវិនិយោគប្រភេទអចលនទ្រព្យនេះ គឺជាអ្នកមានចំណូលថេរ និងកម្រិតពីមធ្យមឡើងទៅ។
សម្រាប់ខុនដូ៖ ខុនដូគឺជាអគារសហកម្មសិទ្ធិ ដែលជាទូទៅស្ថិតនៅក្នុងក្រុងភ្នំពេញ ស្ថិតនៅតំបន់ដែលមានតម្លៃដីថ្លៃ មិនអាចសាងសង់ជាបុរីបាន ហើយជាទូទៅអ្នករស់នៅគឺជាអ្នកមានជីវភាពធូរធារ និងចង់បានការរស់នៅបែបស៊ីវិល័យ និងទាន់សម័យ។ អ្នកវិនិយោគអចលនទ្រព្យប្រភេទនេះ គឺជាអ្នកដែលចង់បានប្រាក់ចំណូលប្រចាំខែ ពីការជួលត្រលប់មកវិញ ដែលជាទូទៅខុនដូពិបាកនឹងលក់បន្ត និងមិនសូវបានផលចំណេញ ពីការលក់បន្តនោះទេ។ តែតម្លៃជួលរបស់ខុនដូ អាចបានផលចំណេញ រហូតដល់១២% ក្នុងមួយឆ្នាំ ដែលជាអាត្រាខ្ពស់បើបៀបធៀបការ ជួលផ្ទះនៅក្នុងបុរី។
សម្រាប់ដីធ្លីក្នុងក្រុង៖ បច្ចុប្បន្នតម្លៃដីក្នុងទីក្រុងភ្នំពេញ គឺបន្តកើនឡើងឥតឈប់ឈរ ដែលជាកត្តាជំរុញឲ្យមានអ្នកវិនិយោគពីក្រៅស្រុក ក៏ដូចជាអ្នកវិនិយោគ ក្នុងស្រុកបន្តការទិញ-លក់ ឥតឈប់ឈរ អ្នកវិនិយោគទៅលើដី ក្នុងក្រុង គឺជាអ្នកវិនិយោគ ដែលមានសាច់ប្រាក់ ក្នុងដៃចំណូលខ្ពស់ និងមានបំណងចង់លក់បន្ត ក្នុងអំឡុងពេលឆាប់ៗដើម្បីបានចំណេញ ឬមានបំណងសាងសង់អគារពាណិជ្ជកម្ម អគារការិយាល័យ ឬលំនៅដ្ឋានសម្រាប់ខ្លួនក្នុងការរស់នៅក្នុងទីក្រុងភ្នំពេញ។ អ្នកវិនិយោគប្រភេទនេះ មិនសូវមានហានិភ័យលើការវិនិយោគ ព្រោះដីធ្លីក្នុងក្រុងមានហេដ្ឋានរចនាសម័្ពន្ធគ្រប់គ្រាន់ មានតម្រូវការគ្រប់ពេល ដែលធ្វើឲ្យគាត់មានការងាយស្រួល ក្នុងការលក់បញ្ចេញយកសាច់ប្រាក់ បើទោះបីជាស្ថិតនៅក្នុងស្ថានភាព លំបាកយ៉ាងណាក្តី។
សម្រាប់ដីធ្លីជាយក្រុង៖ បើសិនលោកអ្នក ចង់បានផលចំណេញខ្ពស់ នៅពេលអនាគតពីចន្លោះ ៥ ទៅ១០ឆ្នាំ នោះការវិនិយោគដីជាយក្រុងភ្នំពេញ ជាជម្រើសល្អបំផុត ដែលអ្នកវិនិយោគ អាចចំណេញបាន រហូតទៅដល់៤០ដង នៃតម្លៃដើម ឬលើសពីនេះទៅទៀត ប្រសិនអ្នកវិនិយោគបានដឹង ពីផែនការអភិវឌ្ឍច្បាស់លាស់ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់រាជធានីភ្នំពេញ។ តែអ្នកវិនិយោគប្រភេទនេះ ត្រូវតែមានលុយដុំ និងកប់ទុកទៅក្នុងការវិនិយោគដី រយៈពេលវែងរហូតដល់១០ឆ្នាំ ដែលរង់ចាំពេលវេលា នៃការអភិវឌ្ឍបានទៅដល់ជាពិសេសការពង្រីកទីក្រុងភ្នំពេញ។ ទោះជាយ៉ាងនេះក្តី ការវិនិយោគប្រភេទនេះ មានហានិភ័យខ្ពស់ប្រសិនបើ អ្នកវិនិយោគមិនមានលុយ ឬក៏ទុនទុករយៈពេលយូរ ឬមិនដឹងពីព័ត៌មាន នៃការអភិវឌ្ឍច្បាស់លាស់ ឬកត្តាកម្មសិទ្ធស្របច្បាប់ផ្សេងៗរបស់ដីដែលកំពុងវិនិយោគ ហើយការវិនិយោគខ្លះ អាចប៉ះពាល់ទៅលើដីរបស់រដ្ឋ ដីមិនអាចចេញកម្មសិទ្ធប្លង់រឹង ឬដីដែលមានជម្លោះផ្សេងៗ ដែលកើតដោយអ្នកវិនិយោគមិនបានដឹងច្បាស់។
លោក សំ សុខនឿន ប្រធានសមាគមនអចលនទ្រព្យសកល (GRA) និងជាអគ្គនាយក ក្រុមហ៊ុន SAM SN REALTY CO., LTD បានឲ្យដឹងថា សម្រាប់បទពិសោធន៍របស់លោក គឺអ្នកវិនិយោគមួយចំនួន កាលពីឆ្នាំ២០១២ លោកទិញដីតម្លៃតែ USD៥ ក្នុង១ម៉ែត្រការ៉េ ដែលពេលនោះជាដីជាយក្រុង រហូតក្រោយមកតម្លៃដីនេះ មានតម្លៃពី USD១៥០ ទៅ USD៣០០ ក្នុង១ម៉ែត្រការ៉េ។ សរុបសេចក្តីមកការវិនិយោគដីធ្លី លើប្រភេទណា ក៏មានការចំណេញដែរគ្រាន់តែការវិនិយោគនោះ ត្រូវប្រាកដថា ការវិនិយោគដីស្របច្បាប់ នោះនឹងបានផលចំណេញតិច ឬច្រើនតាមស្ថានភាពហិរញ្ញវត្ថុ របស់អ្នកវិនិយោគ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច