ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ៖ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មិនគួរប្រទេសណាមួយ ឆ្លៀតយកជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននោះឡើយ
ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅក្នុងសុន្ទរកថាគន្លឹះ នាសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពី “ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩” ដែលរៀបចំធ្វើឡើង រយៈពេល២ ថ្ងៃ គឺនៅថ្ងៃទី០៣ និង០៤ ខែធ្នូ ឆ្នាំ២០២០។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើមរបស់ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan) ក្នុងការស្នើឲ្យមានសម័យប្រជុំពិសេសស្តីពី “ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩” នេះ ដើម្បីប្រមូលផ្តុំការឆ្លើយតបជារួម និងសកល ពីសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចបន្តថា មកដល់បច្ចុប្បន្ន ជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលដល់គ្រប់ប្រទេស និងបានធ្វើឲ្យមនុស្ស រាប់សែននាក់បាត់បង់ជីវិត។ ក្នុងន័យនេះ កម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ “មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ ខ្លួននោះឡើយ។ ខណៈដែលជីវិតមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកកំពុងស្ថិតនៅក្នុងហានិភ័យ ការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេ លើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង គឺមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ។ ផ្ទុយទៅវិញ សាមគ្គីភាព និងឯកភាពគ្នាក្នុងតំបន់ និងជាសកល គឺជាធាតុសកម្មមិនអាចខ្វះបាននៅក្នុងអំឡុងពេលនៃវិបត្តិបែបនេះ”។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារនូវការសម្រេចចិត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ទោះជារដ្ឋនោះធំ ឬតូច មាន ឬក្រ ក៏ដោយ។
ជាមួយគ្នានោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់នូវការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជា ចំពោះតួនាទីរបស់ អសប និងអង្គការសុខភាពពិភពលោក ក្នុងកិច្ចប្រឹងប្រែងជាសកល ចំពោះការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ។ លើសពីនេះទៀត កម្ពុជា ក៏សូមគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់បំផុតសម្រាប់ការធានាថា វ៉ាក់ សាំងដែលត្រូវបានរកឃើញ គឺជាទំនិញសាធារណៈ និងមានចរិតសកល ដែលនឹងត្រូវបានផ្គត់ផ្គង់ និងចែកចាយ ក្នុង ស្មារតីមនុស្សធម៌ ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេស ចំពោះប្រទេសដែលងាយរងគ្រោះបំផុត។ សម្តេចបន្តថា ទោះបីជាវិបត្តិសុខភាពសាធារណៈនេះអាចនឹងបញ្ចប់ទៅនាពេលអនាគតខ្លីខាងមុខក៏ដោយ ប្រទេសទាំងអស់ នឹងនៅតែត្រូវដោះស្រាយបន្តទៀតនូវបញ្ហាប្រឈម ក្នុងដំណាក់កាលនៃការស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ជាការពិត ជំនួយអាចជាចំណែកតូចមួយនៃការស្តារនេះ ក៏ប៉ុន្តែកត្តា ដែលសំខាន់មិនអាចខ្វះបាន គឺការបន្តរក្សាបាននូវយន្តការពហុភាគីនិយម, សកលភាវូបនីយកម្មនិយម, ពាណិជ្ជសេរីភាវូបនីយកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោកពាណិជ្ជកម្មឆ្លងកាត់ព្រំដែន, ការវិនិយោគ, ទេសចរណ៍អន្តរជាតិ និងការធ្វើដំណើរជាទូទៅ។
ជាថ្មីម្ដងទៀតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រពេញទំហឹង នូវគំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការ អសប អំពីការបង្កើតមូលនិធិ អសប សម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការរៀបចំស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានដាក់ចេញកាលពីដើមឆ្នាំនេះ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


