Connect with us

សន្តិសុខសង្គម

អាជ្ញាធរ ចុះ​បិទ​ការដ្ឋាន​ស្តា​របឹង​ពារាំង​បណ្តោះអាសន្ន ដោយសារ​ក្រុមហ៊ុន​ចំនួន​២​បាន​បង្ក​ហិង្សា​ដាក់គ្នា

បានផុស

នៅ

សៀមរាប​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​រដ្ឋបាល​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ​ ឆ្នាំ២០២២​នេះ បាន​ចុះ​បិទ​ការដ្ឋាន​ជីកដី​ចំនួន​២ ដែល​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ជីក​ស្តា​របឹង​ពារាំង​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​បឹង​ពារាំង ស្ថិត​ក្នុង​សង្កាត់​ជ្រាវ ក្រោយពី​ម្ចាស់​ការដ្ឋាន​ទាំង​២​នេះ បាន​ផ្ទុះ​អំពើ​ហិង្សា​ដាក់គ្នា​ទៅវិញទៅមក​បង្ក​ជា​របួសស្នាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាប់ ដា ប្រធាន​សហគមន៍​ចុង​ឃ្នៀ​ស បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន​លោក​សាន្ត រដ្ឋ​ស៊ី​ង ជា​ម្ចាស់​គ្រឿងចក្រ និង​ក្រុមហ៊ុន​ជីកដី វាយ​ចំនួន​២​ដៃ​នឹង​ប្រមាថ​ដល់​អាយុជីវិត​គាត់​ថែមទៀត​។ ​លោក​បន្ត​ថា ចំពោះ​ករណីនេះ​លោក​បាន​ប្តឹងទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​រក​យុត្តិធម៌ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២​ម៉ឺន​ដុល្លារ​និង​ស្នើ​ឲ្យ​សមត្ថ​កិច្ចចាត់ការ​ទៅលើ​ជនបង្ក​តាមផ្លូវ​ច្បាប់​។ ​ចំណែក​ភាគី​ខាង​លោក​សាន្ត រដ្ឋ​ស៊ី​ង បាន​បដិសេធ​ថា លោក​មិនបាន​វាយ​លោក ហាប់ ដា ប្រធាន​សហគមន៍​ចុង​ឃ្នៀ​ស​នោះទេ​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ ​លោក ហាយ យ៉ង់ តំណាង​រដ្ឋបាល​ក្រុង​សៀមរាប ដែល​ដឹកនាំ​កម្លាំង​ចុះ​បិទ​ការដ្ឋាន​នេះ បាន​ឲ្យ​ដឹង​ថា ការ​បិទ​ការដ្ឋាន​ជីករណ្តៅ​ដី​ក្នុង​បឹង​ពារាំង​ទាំងពីរ​កន្លែង​នេះ គឺ​ធ្វើ​ទៅតាម​បញ្ជា​ថ្នាក់លើ​។ លោក​បន្ត​ថា ក្រុមហ៊ុន​ជីកដី​ទី​១ គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សហគមន៍​បឹង​ពារាំង ដែលមាន​ឈ្មោះ សាន្ត រដ្ឋ​ស៊ី​ង ជា​ម្ចាស់​គ្រឿងចក្រ និង​ក្រុមហ៊ុន​ជីកដី​ទី​២ គឺ​ស្ថិតក្រោម​គ្រប់គ្រង​របស់​សហគមន៍​នេសាទ​ចុង​ឃ្នៀ​ស ដែល​មាន​ឈ្មោះ ហាប់ ដា ជា​ម្ចាស់​គ្រឿងចក្រ ហើយ​ការឈាន​ទៅដល់​បិទ​ការដ្ឋាន​នេះ ដោយ​មូលហេតុ​ក្រុមហ៊ុន​ជីកដី​ទាំងពីរ ធ្វើ​ការមិន​សហការគ្នា បង្ក​ភាពអនាធិបតេយ្យ ដឹកជញ្ជូន​ដី​មិនបាន​បាញ់​ទឹក​តាមផ្លូវ ដែល​បង្ក​ឲ្យ​មានការ​ហុយ​ដី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​ឈានដល់​ការប្រើ​ហិង្សា​បង្ក​ជា​របួស​ស្នាម​។ លោក​ហាយ យ៉ង់ បន្ថែមថា ក្នុង​កិច្ចសន្យា​ក្រុមហ៊ុន​ខាងលើ ត្រូវ​បំពេញ​កាតព្វកិច្ច​របស់ខ្លួន ប៉ុន្តែ​ពួកគេ​បំពាន​កិច្ចសន្យា ហើយ​បង្ក​ជា​របួស​ស្នាម​ថែមទៀត ហេតុ​នេះ​ហើយ​ទើប​ថ្នាក់លើ​សម្រេច​បិទ​អាជីវកម្ម​បែបនេះ ហើយ​ការ​បិទ​ការដ្ឋាន​ជីកដី​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​បឹង​ពារាំង​នេះ គឺ​មិន​មាន​ថ្ងៃ​កំណត់​ឡើយ ប្រសិនបើ​គ្មាន​បញ្ជា​ពី​ថ្នាក់លើ​។​លោក ហាយ យ៉ង់ បន្តថា ចំពោះ​រឿង​បង្ក​បួស​ស្នាម​នោះ ជា​បទល្មើស​ព្រហ្មទណ្ឌ ដូច្នេះ​ទុក​ឲ្យ​សមត្ថកិច្ច​ជំនាញ​អនុវត្តតាម​នីតិ​វិធី។

គួរ​បញ្ជាក់​ថា បឹង​ពារាំង​ជា​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ដ៏​សំខាន់​មួយ​ក្នុង​ខេត្តសៀមរាប ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​ការ​ជីក​ស្តារ​ដើម្បី​រក្សា​ទឹក​សម្រាប់​សង្គ្រោះ​ត្រី និង​សត្វ​ស្លាប​នា​រដូវប្រាំង ព្រោះ​ទីនោះ​ក៏​មាន​ភ្ញៀវ​ទេសចរណ៍​និយម​ចូលចិត្ត​ទៅ​ទស្សនា​ផងដែរ​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម