Connect with us

ព័ត៌មានជាតិ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថា គ្មានអ្វី​ធំ ជាង​ជីវិត សុខភាព ក្តី​សុខ​គ្រួសារ ដែល​ត្រូវ​ចូលរួម​ជួយ​ដល់​ប្រជាពលរដ្ឋ​

បានផុស

នៅ

​ការលើកឡើង​របស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រ​យុវជន​សម្តេច​តេ​ជោ( TYDA) នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​ធនាគារ​ព្រី​នស៍ ដើម្បី​ចូលរួម​សកម្មភាព​មនុស្សធម៌​កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហ៊​ន់ សុ​រចនា បាន​មានប្រសាសន៍ថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ពង្រឹង​នូវ​មូលដ្ឋាន​សម្រាប់​ការបង្កើត និង​រក្សា​ទំនាក់ទំនង​រវាង​ធនាគារ ព្រី​នស៍ និង TYDA ដោយ​ធនាគារ ព្រី​នស៍ នឹងចូលរួម​ឧបត្ថម្ភ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​TYDA រយៈពេល​០៣​ឆ្នាំ ក្នុង​ចំនួន​ទឹកប្រាក់ ៣០០,០០០ ដុល្លារ​អាមេរិក ក្នុងការ​ដឹកនាំ​គម្រោង​វេជ្ជសាស្ត្រ រួមមាន​កម្មវិធី និង​សកម្មភាព​នានា​ក្នុង​វិស័យ​ថែទាំ​សុខភាព សុខភាព​សាធារណៈ និង​ផ្នែក​ដែល​ជាប់​ពាក់ព័ន្ធ សម្រាប់​ការពិនិត្យ និង​ព្យាបាល​ជូន​ប្រជាជន ដោយ​ឥតគិតថ្លៃ ដើម្បី​ជួយ​សម្រាល​បន្ទុកគ្រួសារ​ដែល​ខ្វះខាត​ហិរញ្ញវត្ថុ នៅតាម​បណ្តា​ខេត្ត​នានា និង​តំបន់​ដាច់ស្រយាល​នៅ​ទូទាំងប្រទេស​។

លោក ហ៊​ន់ សុ​រចនា បាន​បន្ដថា ជាក់ស្តែង ធនាគារ ព្រី​នស៍ បាន​ចូលរួម​ឧបត្ថម្ភ​ដល់​TYDA ចាប់តាំងពី​ឆ្នាំ​២០១៩ មកម្ល៉េះ ដោយ​យើង​ដឹង​ច្បាស់​ថា វិស័យ​សុខាភិបាល ជា​វិស័យ​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​លើកកម្ពស់​សុ​ខ​ភាព និង​វេជ្ជសាស្ត្រ​ក្នុងការ​ព្យាបាល​ជំងឺ​ដោយមាន​ប្រសិទ្ធភាព សម្រាប់​ប្រជាជន​កម្ពុជា​នៅតាម​តំបន់​ជនបទ​ដែល​ខ្វះខាត​ធនធាន​។ ជាពិសេស តាមរយៈ​កម្មវិធី និង​សកម្មភាព​របស់​TYDA ក៏បាន​បណ្តុះ បណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល និង​ផ្តល់ឱកាស​ដល់​ប្អូនៗ សិស្ស និស្សិត និង​យុវជន​ស្ម័គ្រចិត្ត​ក្នុងការ​ចូលរួម​បម្រើ​ការងារ​មនុស្សធម៌​ដល់​សង្គមជាតិ ដែល​នេះ​ក៏​ជា​ផ្នែក​មួយ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ផងដែរ​។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បាន​មានប្រសាសន៍ថា ការចុះ​អនុស្សារណៈ​នាពេលនេះ គឺជា​បុព្វ​ហេតុដែល​យើង​រួមគ្នា​ធ្វើ​ការងារ​មនុស្សធម៌​ដើម្បី​ដល់​ក្តីសង្ឃឹម​ស្នាមញញឹម និង​ក្តី​សុខ​ជូន​ប្រជាពលរដ្ឋ​។ លោក​បញ្ជាក់ថា គ្មានអ្វី​ធំ​ជាង​ជីវិត សុខភាព ក្តី​សុខ​គ្រួសារ ដែល​យើង​ត្រូវ​ចូលរួម​ជួយ​ដល់​ប្រជាពលរដ្ឋ និង​ទាមទារ​ចូលរួម​ផ្ដល់​លទ្ធភាព​ពេល​វិស័យ​ឯកជន និង​ផ្នែក​ដែល​ពាក់ព័ន្ធ​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​ធនាគារ​ព្រី​នស៍​ដែល​បាន​ចូលរួម​ជួយផ្តល់​លទ្ធភាព​ជួយ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​(TYDA) តាមរយៈ​ការចុះ​អនុស្សារណៈ​យោគយល់​ផ្ដល់​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​ក្នុង​ការចូលរួម​សកម្មភាព​មនុស្សធម៌​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​។

មកដល់​ពេលបច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើរ និង​មាន​លក្ខណៈ​ធូរស្រាល​ដែល​ទាំងអស់នេះ​ក៏បាន​មកពី​ការចូលរួមចំណែក​ពី​វិស័យ​ឯកជន​។​សង្ឃឹមថា​ធនាគារ​ព្រី​ន​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ដើម្បី​ផ្ដល់ឱកាស លទ្ធភាព និង​ការបណ្ដុះបណ្ដាល​សមត្ថភាព​ដល់​សមាជិក និង​ក្រុមការងារ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​លំបាក​ពិតប្រាកដ​។​

​សូមបញ្ជាក់ថា គិតដល់​ថ្ងៃនេះ​សមាគម​បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទាំងប្រទេស​បាន​ចំនួន​៣៣៦,៣៥៣ នាក់ អ្នកជំងឺ​ធ្ងន់​ចំនួន ៦,១៥៣ នាក់​ត្រូវ​ប​ញ្ជួ​ន​មក​ព្យាបាល​បន្ត​នៅ​រាជធានី​ភ្នំពេញ និង ជាមួយ​ដៃគូ​សហការ​នានា​នៅក្នុង​នោះ​ផងដែរ និង​មាន​អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ចំនួន ៥៦​នាក់​ត្រូវបាន​ព្យាបាល​គិតថ្លៃ​។

​នេះ​ជា​មោទនភាព​ចំពោះ​ជោគជ័យ​របស់​យើង​ដែល​បានមកពី​សុខសន្តិភាព និង​ឱកាស​ដែល​យើង​អាច​រួមគ្នា​ជា​កាតព្វកិច្ច​សីលធម៌ គុណធម៌ មនុស្សធម៌​ដើម្បី​បុព្វហេតុ​សង្គម​និង​ជួយ​ប្រជាពលរដ្ឋ​ដែល​លំបាក​ពិតប្រាកដ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម