Connect with us

កីឡា

World Cup 2026 ប្រែវាសនាកីឡាករ ៣ នាក់ពីកីឡាករធម្មតា ក្លាយ​ជាកីឡាករល្បីខ្លាំងក្នុងលោក

បានផុស

នៅ

កីឡាករជាច្រើនកំពុងទទួលបានភាពល្បីល្បាញខ្លាំងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ប៉ុន្តែក្នុងចំណោមនោះ មានកីឡាករ ៣ នាក់ផ្ទុះការចាប់អារម្មណ៍ជាងគេបំផុត បន្ទាប់ពីបង្ហាញសមត្ថភាពល្អសឹងមិននឹកស្មាន។ អ្វីគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត គឺកីឡាករទាំងនោះសុទ្ធតែជាអ្នកចាំទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករផ្ទុះការចាប់អារម្មណ៍ដំបូងគេបំផុត គឺអ្នកចាំទីវ័យ ៤០ ឆ្នាំ Vozinha របស់ក្រុមជម្រើសជាតិ កាបវែរ។ ពីមុន អ្នកចាំទីរូបនេះ ពុំសូវមានអ្នកស្គាល់ច្រើននោះទេ ដោយអាជីពរបស់គេបានលេងនៅលីគនៃកោះ កាបវែរ ផ្ទាល់ និងក្លិបមួយចំនួនទៀតនៅតំបន់ អឺរ៉ុប ដូចជាប្រទេស ស្លូវ៉ាគី និង ព័រទុយហ្គាល់ ជាដើម។

បន្ទាប់ពីការប្រកួតបើកឆាកពូល H នៃ World Cup 2026 កាលពីថ្ងៃទី ១៥ ខែ មិថុនា ទល់នឹងក្រុម អេស្ប៉ាញ បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់រូបគេល្បីរន្ទឺខ្លាំងសឹងមិននឹកស្មាន។ ក្នុងការប្រកួតនោះកីឡាករបានរួមចំណែកសង្គ្រោះបាល់គ្រោះថ្នាក់ ៧ ដង រហូតជួយឱ្យក្រុម កាបវែរ ទប់ស្មើ អេស្ប៉ាញ ០-០។ ក្រោយពីការប្រកួតនោះ កីឡាករបានកើនអ្នកតាមដានលើ IG ពី ៤៣,០០០ នាក់ រហូតដល់ជាង ១៥ លាននាក់។

កីឡាកទី ២ គឺអ្នកចាំទីរបស់ក្រុមជម្រើសជាតិ គូរ៉ាកៅ កីឡាករ Eloy Room។ កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ ពុំសូវមានការចាប់អារម្មណ៍ច្រើនទេ អំឡុងការប្រកួតដំបូងក្នុងពូល E ដែលពេលនោះបានចាញ់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ៧-១។ កេរ្តិ៍ឈ្មោះរបស់អ្នកចាំទីក្រុម Miami FC រូបនេះ បានប្រែផ្ទុយស្រឡះ បន្ទាប់ពីរូបគេសង្គ្រោះពីការស៊ុតរបស់ក្រុម អេក្វាឌ័រ រហូតដល់ ១៥ លើក ដែលជួយឱ្យ គូរ៉ាកៅ ទប់ស្មើ អេក្វាឌ័រ ០-០។

ការសង្គ្រោះបាល់ចំនួន ១៥ លើកនេះ បានធ្វើឱ្យ Eloy Room បំបែកកំណត់ត្រាក្លាយជាកីឡាករសង្គ្រោះបាល់បានច្រើនជាងគេបំផុតក្នុងរយៈពេល ៩០ នាទី ប្រចាំប្រវត្តិសាស្ត្រ World Cup។ បន្ទាប់ពីការប្រកួតនោះ Eloy Room បានកើនអ្នកតាមដានលើ IG ពី ៩៥,០០០ នាក់ ដល់ជាង ១ លាននាក់។

កីឡាករទី ៣ គឺអ្នកចាំទីរបស់ក្រុមជម្រើសជាតិ អ៊ីរ៉ង់ កីឡាករ Alireza Beiranvand។ អ្នកចាំទីវ័យ ៣២ ឆ្នាំរូបនេះ ហាក់ពុំសូវមានអ្នកស្គាល់ច្រើនទេ នាមុនការប្រកួតទល់នឹងក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក ក្នុង World Cup 2026។

ទោះបីជាយ៉ាងណា កីឡាកររបស់ក្រុម Tractor រូបនេះ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបគេសង្គ្រោះបាល់គ្រោះថ្នាក់រហូតដល់ទៅ ៧ លើក ជួយឱ្យក្រុម អ៊ីរ៉ង់ ទប់ស្មើក្រុមខ្លាំង ប៊ែលហ្ស៊ិក ០-០។ បន្ទាប់ពីការប្រកួតនោះ Beiranvand មានអ្នកចុចតាមដាននៅលើ IG ច្រើនគួរឱ្យកត់សម្គាល់ ដោយពេលនេះកើនដល់ជាង ៤ លាននាក់ហើយ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម