នយោបាយ
បណ្តឹងទាក់ទងដំណើរការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឡើងដល់២៤៥
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនារសៀលនេះថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប ទទួលបានបណ្ដឹងសរុប២៤៥បណ្ដឹង ដែលបណ្ដឹងនេះត្រូវបានដាក់នៅក្នុងដំណាក់កាលឃោសនាបោះឆ្នោត (រយៈពេល១៤ថ្ងៃ) និងមួយថ្ងៃមុនថ្ងៃបោះឆ្នោត គឺនៅថ្ងៃស (ថ្ងៃទី០៤ ខែមិថុនា) ថ្ងៃបោះឆ្នោត និងបណ្ដឹងទាក់ទងទៅនឹងលទ្ធផលបណ្ដោះអាសន្ន ដែលបានបិទផ្សាយនៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត។
សម្រាប់ដំណើរការឃោសនាបោះឆ្នោត ដែលមានរយៈពេល១៤ ថ្ងៃ គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត បានទទួលបណ្ដឹងសរុបចំនួន៥៣បណ្ដឹង ហើយត្រូវបានដោះស្រាយចប់សព្វគ្រប់នៅថ្នាក់គណៈកម្មការ ឃុំ សង្កាត់ រៀបចំការបោះឆ្នោត។ នៅក្នុងចំណោមបណ្ដឹងទាំង៥៣ បណ្ដឹងនេះ មានបណ្ដឹងចំនួន២២ បានប្ដឹងបន្តទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ហើយក៏បានដោះស្រាយចប់សព្វគ្រប់ផងដែរ ប៉ុន្តែក្នុងចំណោមបណ្ដឹងទាំង២២ នេះ បានប្ដឹងបន្តមក គ.ជ.ប ចំនួន១៥បណ្ដឹង ហើយ គ.ជ.ប បានដោះស្រាយចប់ទាំង១៥ បណ្ដឹងរួចរាល់ហើយ។
ចំណែកនៅមុនថ្ងៃបោះឆ្នោតមួយថ្ងៃ និងថ្ងៃបោះឆ្នោត គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត បានទទួលបណ្ដឹងសរុបចំនួន៨៥បណ្ដឹង ហើយក្នុងចំណោមបណ្ដឹងទាំង៨៥ មកដល់ពេលនេះ ក៏បានដោះស្រាយចប់សព្វគ្រប់អស់ហើយ។ ក្នុងចំណោម៨៥បណ្តឹងនេះ មានបណ្តឹងចំនួន៣២ បានប្ដឹងបន្តទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត។ ក្នុងនោះក៏មានការប្ដឹងផ្ទាល់ ទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតចំនួន៥៦ បណ្ដឹងផងដែរ ដែល៥៦បណ្ដឹងនេះ បានប្ដឹងសុំឱ្យដាក់ទោសទៅលើគណៈកម្មការការិយាល័យរៀបចំការបោះឆ្នោត ។
ដូច្នេះសរុបនៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ទាំងបណ្ដឹងបន្តពីគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត បូកជាមួយបណ្ដឹងផ្ទាល់នៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតមានចំនួន៨៨បណ្ដឹង។ ក្នុងចំណោម៨៨ បណ្ដឹងនេះ គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត បានដោះស្រាយរួចរាល់ចំនួន៧៤ បណ្ដឹង ហើយ១៤ បណ្ដឹងទៀតកំពុងដោះស្រាយ ហើយក្នុងចំណោម៧៤ បណ្ដឹងនោះ ក៏មាន២បណ្ដឹង បានប្ដឹងបន្តទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ក្នុងនោះ ១បណ្ដឹងបានដោះស្រាយរួចរាល់ ហើយនៅសល់១បណ្ដឹងទៀតកំពុងដោះស្រាយ។
ដោយឡែក ក្នុងដំណាក់កាលបិទផ្សាយលទ្ធផលបឋមនៅគណៈកម្មការ ឃុំ សង្កាត់ រៀបចំការបោះឆ្នោតនោះ ទទួលបាន៥០បណ្ដឹង ហើយមកដល់ពេលនេះ បណ្ដឹងទាក់ទងទៅនឹងលទ្ធផលបឋមនេះ ត្រូវបានដោះស្រាយចប់សព្វគ្រប់អស់ហើយ ហើយក្នុងចំណោមបណ្ដឹងទាំងអស់៥០បណ្ដឹងនេះ មិនទាន់មានពាក្យបណ្ដឹងណាមួយបន្តមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នោះទេ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី