Connect with us

កីឡា

ថ្ងៃ​ស្អែក ក្រុម​នារី​កម្ពុជា ​ចេញ​ទៅ​ប្រកួត​ពាន AFF Women’s Cup ជា​មួយ​ក្តី​សង្ឃឹម​ខ្ពស់

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ ២០២៦ ដើម្បី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​នារី​​អាស៊ាន​កម្រិត​ទី​២ AFF Women’s Cup ឆ្នាំ ២០២៦។

ក្រុម​នារី​កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ចូល​រួម​ប្រកួត​របស់​ក្រុម​នារី​កម្ពុជាលើក​នេះ​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ និង​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ខ្ពស់ បន្ទាប់​ពី​សិក្សា​ស្វែង​យល់​​ពី​ដៃ​គូ​ប្រកួត និង​ការ​ត្រៀម​ខ្លួន​បាន​ល្អ។

កាល​ពី​ខែ​មិថុនាកន្លង​ទៅ ក្រុម​នារី​កម្ពុជា បាន​ចេញ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ចំនួន ២ ប្រកួត គឺ​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​នារី​សិង្ហបុរី ដោយ​លទ្ធផល ៥-០ និង​ស្មើ​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ១-១។ នេះ​ជា​ការ​ត្រៀម​ខ្លួន​យ៉ាង​ល្អមុន​ពេល​ការ​ប្រកួត​ផ្លូវ​ការ​ឈាន​ចូល​មក​ដល់​។

ក្រុម​នារី​កម្ពុជា ទទួល​បាន​លេខ ២ កាល​ពី​ឆ្នាំ ២០២៤

ជា​មួយ​គ្នា​នេះ ក្រុម​នារី​កម្ពុជា បាន​នាំ​ចូល​កីឡាការិនី​កូន​កាត់​មក​ពី​ក្រៅ​ប្រទេស ២ នាក់​ទៀត​គឺ​កីឡាការិនី​ខ្មែរ-កាណាដា ឈីវ សាលីណា និង​កីឡាការិនី​ខ្មែរ-អាមេរិក សាំង​ រ៉ូ​សាន​ហ្គីនដូលីន។ ពេល​បាន​ចូល​រួម​ហ្វឹក​ហាត់​ជា​មួយ​មិត្ត​រួម​ក្រុម កីឡាការិនី​ទាំង​ពីរ​នាក់​សុទ្ធ​តែ​រំពឹង​ខ្ពស់​ក្នុង​ការ​ឈ្នះ​ជើង​ឯក។

ពាន​រង្វាន់ AFF Women’s Cup ឆ្នាំ ២០២៦ នេះ​មាន​ក្រុម​ចំនួន ៦ ចូល​រួម​ប្រកួត​គឺ កម្ពុជា ឥណ្ឌូណេស៊ី ទីម័រ​ខាង​កើត សិង្ហបុរី ឡាវ និង​ម្ចាស់​ផ្ទះ ម៉ាឡេស៊ី។ ក្នុង​ចំណោម​ក្រុម​ទាំង​អស់​នេះ បើ​គិត​លើ​ស្ថិតិ និង​​លទ្ធផល​នៃ​ការ​ប្រកួត​កន្លង​មក​គឺ​មាន​តែ ឥណ្ឌូណេស៊ី ​មាន​គុណភាពល្អ​ដែល​ក្លាយ​ជា​គូ​ប្រជែង​ធំ​ សម្រាប់​ក្រុម​នារី​កម្ពុជា។

ក្រុម​នារី​ឥណ្ឌូណេស៊ី

ប្រវត្តិ​ជួប​គ្នា ៥ លើក​កន្លង​មក ក្រុម​នារី​កម្ពុជា​ចាញ់ ឥណ្ឌូណេស៊ី ២ លើក និង​ស្មើ ៣ លើក។ ក្រុម​នារី​កម្ពុជា បាន​ចាញ់​ ឥណ្ឌូណេស៊ី ៤-០ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​ ASEAN Women’s Championship ឆ្នាំ​ ២០១៩។ ក្រុម​នារី​កម្ពុជា ​បាន​ស្មើ​គ្នា ០-០ នៅ​​វគ្គ​សន្សំពិន្ទុ និង​ចាញ់ ១-៣ វគ្គ​ផ្តាច់​ព្រ័ត្រ AFF Women’s Cup ឆ្នាំ ២០២៤។ ​​នៅ​​ឆ្នាំ ២០២៥ ​ក្នុង​ពាន​រង្វាន់ ASEAN Women’s Championship ក្រុម​នារី​កម្ពុជា និង ឥណ្ឌូណេស៊ី បាន​​ស្មើ​គ្នា ១-១ ហើយ​ការប៉ះ​គ្នា​ចុង​​ក្រោយ​​ក្នុង​ជំនួប​មិត្តភាព​គឺ​ស្មើ​គ្នា ១-១ ទៀត។

ចំណែក ទីម័រខាងកើត សិង្ហបុរី ឡាវ និង ម៉ាឡេស៊ី​ មិន​មែន​ជា​ឧបគ្គ​ធំ​សម្រាប់​ក្រុម​នារី​កម្ពុជា​ឡើយ។ ផ្អែក​តាម​ការ​ត្រៀម​ខ្លួន និង​បទ​ពិសោធ​កន្លង​មក គឺ​ក្រុម​នារី​កម្ពុជា​មាន​ភាគ​រយ​ខ្ពស់​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។

សូម​បញ្ជាក់​ថា ក្រុម​​នារី​កម្ពុជា ស្ថិត​នៅ​ពូល B ជា​មួយ ​ឥណ្ឌូណេស៊ី និង ទីម័រ​ខាង​កើត។ ការ​ប្រកួត​សន្សំពិន្ទុ​លើក​ទី​១ ប៉ះ ​ទីម័រ​ខាង​កើត វេលា​ម៉ោង ៣:៤៥​ នាទី​រសៀល នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា និង​ការ​ប្រកួត​ន្សំពិន្ទុ​ លើក​ទី​២ ប៉ះ ឥណ្ឌូណេស៊ី វេលា​ម៉ោង ៣:៤៥​នាទី​ ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ ២០២៦។ ក្រុម​លេខ ១ និង លេខ ២ នៃ​ពូល​ទាំង ២ ត្រូវ​​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម