ព័ត៌មានជាតិ
អ្នកលក់អយស្ទ័រនៅសង្កាត់កោះតូច ត្អូញត្អែរលក់មិនសូវដាច់
អ្នកលក់អយស្ទ័រមួយចំនួន នៅភូមិព្រែកអំពិល សង្កាត់កោះតូចខេត្តកំពត បានត្អូញត្អែរបន្ទាប់ពីការលក់គ្រឿងសមុទ្រប្រភេទនេះមានការធ្លាក់ចុះ។ ការត្អូញត្អែរ គឺនៅចំពេលដែលតម្រូវការនៅក្នុងការទទួលទានអយស្ទ័រ មានការធ្លាក់ចុះជាងមុន ហើយអ្នកប្រកបរបរនេះ មានការកើនឡើងជាបន្តបន្ទាប់។

អ្នកស្រី ស៊ូ ស្រីមាន អ្នកលក់អយស្ទ័រម្នាក់នៅភូមិព្រែកអំពិល ជាប់នឹងផ្លូវជាតិលេខ ៣ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យការលក់អយស្ទ័ររបស់អ្នកស្រី មានការធ្លាក់ចុះ បណ្ដាលមកពីកំណើន នៃប្រជាពលរដ្ឋ ដែលប្រកបរបរបែបនេះមានច្រើនគ្នា និងមួយទៀតសកម្មភាពឡានដឹកដីធំៗ ដែលបើកបរក្នុងល្បឿនលឿន ក៏បានបង្កជាការភ័យខ្លាចដល់អ្នកដំណើរ ដែលមានបំណងទិញអយស្ទ័រយកទៅពិសារ ឬមិនហ៊ានឈប់ទិញតែម្ដង។ លោកស្រីបន្ថែមថា នៅថ្ងៃធម្មតាដែលមិនមានបុណ្យទាន ឬមិនមានម៉ូយតាមហាងដែលបញ្ជាទិញ ឬបញ្ជាទិញតិចតួច ទាំងនេះក៏ជាមូលហេតុ ដែលធ្វើអ្នកប្រកបរបរនេះ បាត់ចំណូលផងដែរ។

លោកស្រីបញ្ជាក់ថា «ឥឡូវតូបឡើងមកច្រើនណាស់ តាមផ្លូវមកសុទ្ធតែតូប ហើយឥលូវក៏លក់មិនសូវដាច់ដែរស្ងាត់ណាស់ ព្រោះឡានដឹកដីច្រើនពេក គេមិនសូវហ៊ានឈប់ គេខ្លាចឡានធំៗ»។
អ្នកស្រីបន្តថា អយស្ទ័រប្រភេទនេះបច្ចុប្បន្ន មិនសូវទទួលបានការពេញនិយម ពីសំណាក់ប្រជាពលរដ្ឋប៉ុន្មានទេ ដោយ សាររសជាតិរបស់វា មិនសូវឆ្ងាញ់ដូចប្រភេទដែលអ្នកស្រីហៅថា ទឹកដោះគោនោះទេ។ តែយ៉ាងណាប្រភេទទឹកដោះគោនេះ គឺភាគច្រើននាំចូលពីបរទេស ពិសេសប្រទេសជិតខាង ខណៈនៅកម្ពុជាមិនសម្បូរ ឬមិនមានតែម្ដង។

អ្នកប្រកបរបរលក់អយស្ទ័រម្នាក់ទៀត អ្នកស្រី ចឹង ដា បានឲ្យដឹងដែរថា អយស្ទ័រនេះងាយស្រួលក្នុងការលក់តែអំឡុងពេលមានបុណ្យទានទេ ព្រោះតម្រូវការក្នុងការទទួលទានមានច្រើនជាងពេលណាៗទាំងអស់។ លោកស្រីបន្ថែមថា សូម្បីតែអ្នកស៊ីឈ្នួលកាប់អយស្ទ័រ ក៏អាចរកចំណូលបានច្រើនដែរ នៅពេលមានពិធីបុណ្យជាតិ ឬថ្ងៃឈប់សម្រាកម្ដងៗ។
អយស្ទ័របានក្លាយជាមុខម្ហូបយ៉ាងពិសេស សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលជាទូទៅមានតម្រូវការខ្ពស់ នៅក្នុងឱកាសដែលមានពិធីបុណ្យជាតិធំៗ ឬថ្ងៃឈប់សម្រាកនាចុងសប្ដាហ៍។ អយស្ទ័រ ក៏ជាអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម ហើយអាចយកមកទទួលទានទាំងឆៅ ឬចម្អិនតាមរបៀបផ្សេងៗបានផងដែរ។

បើតាមអ្នកលក់អ័យស្ទ័រខាងលើ ទីផ្សារដែលបញ្ជាទិញអយស្ទ័រច្រើនជាងគេ គឺស្ថិតនៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ដោយក្នុងនោះម្ដងៗ ឈ្មួញទទួលទិញប្រមាណពី ៨០០ទៅ ១០០០គ្រាប់ឯណោះ។ ចំណែកតម្លៃរបស់វាវិញ គឺអាស្រ័យទៅតាមទំហំ ពោលគឺប្រភេទធំៗក្នុងមួយគ្រាប់លក់រាយតម្លៃ ៦០០រៀល និង ៤០០រៀល សម្រាប់ការលក់បោះដុំ។ ដោយឡែកអយស្ទ័រប្រភេទតូចៗវិញមួយគ្រាប់តម្លៃ ៣០០រៀល សម្រាប់ភ្ញៀវធម្មតា ចំពោះការបោះដុំ ឬទិញក្នុងចំនួនច្រើន គឺតម្លៃថែមថយតាមក្រោយទៀត។
ទោះជាយ៉ាងនេះក្ដី អ្នកស្រី ស៊ូ ស្រីមាន បញ្ជាក់បន្ថែមថា អយស្ទ័រភាគច្រើនដែលក្រុមលោកស្រីលក់ គឺប្រមូលយកមកបានដោយលំបាក ពោលគឺត្រូវចេញទូកទៅនេសាទនៅកៀកដែនសមុទ្រវៀតតណាម ឬក្បែរកោះត្រល់ ដែលពេលខ្លះត្រូវបានឆ្មាំសមុទ្រវៀតណាម ហាមឃាត់មិនឲ្យនេសាទក៏មាន៕
អត្ថបទ៖ លន់ សេនី
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


