ព័ត៌មានជាតិ
តើភ្នំតាម៉ៅគួរអភិវឌ្ឍន៍បែបណា ដើម្បីទាក់ទាញទេសចរបន្ថែមទៀត?
ភ្នំតាម៉ៅ គឺជារមណីយដ្ឋានចម្រុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវ។

អ្នកជំនាញទេសចរណ៍ បានលើកឡើងថា រមណីយដ្ឋានភ្នំតាម៉ៅ គួរតែអភិវឌ្ឍផ្នែកទេសចរណ៍បន្ថែមលើសអ្វីដែលមានបច្ចុប្បន្ន ទើបអាចទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តច្រើន។
សព្វថ្ងៃរមណីយដ្ឋាននេះ ភាគច្រើនមានភ្ញៀវទេសចរជាតិ បែបលក្ខណៈគ្រួសារ ទៅកម្សាន្តមើលប្រាង្គប្រាសាទ និងសត្វព្រៃ ពោលគឺនៅមានកម្រិតនៅឡើយ។
តំបន់រមណីយដ្ឋានភ្នំតាម៉ៅ គឺជាតំបន់ទេសចរណ៍ធម្មជាតិទាក់ទាញខ្លាំង មានព្រៃភ្នំ មានសត្វរាប់រយប្រភេទ ដែលអាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ។ អ្នកជំនាញទេសចរបានលើកឡើងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធកែច្នៃតំបន់នេះបន្ថែម ដូចជា កន្លែងដែលអាចឱ្យភ្ញៀវទេសចរដើរព្រៃ បោះតង់ ជិះកង់កម្សាន្តបានកាន់តែប្រសើរ ដោយសារតំបន់នេះ មានសក្កានុពល អ្នកទេសចរចំណាយអស់តិច ព្រោះនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ពោលគឺមានចម្ងាយប្រមាណតែជាង ៤០គីឡូម៉ែត្រប៉ុណ្ណោះ។
លោក ហូរ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថាតំបន់ទេសចរណ៍ភ្នំតាម៉ៅ នៅជិតរាជធានីភ្នំពេញ ងាយស្រួលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្ត មិនចំណាយពេលច្រើន ក្នុងការធ្វើដំណើរ។ លោកថា រមណីយដ្ឋានភ្នំតាម៉ៅ ជាតំបន់ប្រទាក់ក្រឡាគ្នាដ៏សំខាន់ ដែលមានទាំងព្រៃភ្នំ ប្រាសាទ និងសត្វព្រៃ ដែលធាតុផ្សំទាំងនេះ គួរតែត្រូវបានទាក់ទាញភ្ញៀវទេសចរខ្លាំង។

លោកថ្លែងទៀតថា«ប្រសិនបើអាជ្ញាធរ គ្រាន់តែរៀបចំតំបន់នេះ ត្រឹមតែឱ្យសត្វរស់រាន តែគ្មានចំណូលជាប្រចាំ យូរៗសត្វក៏បាត់បង់សុខភាព និងអាចឈានទៅបាត់បង់ទាំងអស់ ព្រោះធ្លាក់ចុះការផ្គត់ផ្គង់»។ លោក វណ្ឌី បញ្ចេញជាទស្សនៈថា ចង់ឱ្យតំបន់ណាមួយអភិវឌ្ឍបានយូរអង្វែង គឺត្រូវតែមាននិរន្តរភាពនៃចំណូល។
អ្នកជំនាញទេសចរណ៍រូបនេះ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍកែច្នៃតំបន់នេះឱ្យទាក់ទាញ នឹងស្រូបចំណូលបានច្រើន ដោយមិនចាំបាច់ពឹងដង្ហើមគេដក ពោលគឺរស់បានដោយខ្លួនឯង និងអាចចិញ្ចឹមពលរដ្ឋក្នុងតំបន់ ឱ្យមានការងារធ្វើដោយមិនចាំបាច់ចំណាកស្រុក។
រមណីយដ្ឋានភ្នំតាម៉ៅ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយជាង ៤០ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ។ ភ្នំតាម៉ៅ មានផ្ទៃដី ១២០០ ហិចតា ដែលគេឱ្យឈ្មោះថា ជាតំបន់ផ្ទៃដីការពារព្រៃឈើ៕





-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


