ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន ចង់រៀបចំព្រឹត្តិការណ៍រំលឹកខួបទំនាក់ទំនង៧០ឆ្នាំ ធំបំផុតមិនធ្លាប់មាននៅឆ្នាំក្រោយ
នៅឆ្នាំ២០២៣ខាងមុខនេះ គឺជាខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងរវាងជប៉ុន-កម្ពុជា។ ភាគីទាំងពីរ បានបង្កើតគណៈកម្មាធិការរៀបចំសម្រាប់ខួបលើកទី៧០ឆ្នាំនេះ ហើយបានបើកកិច្ចប្រជុំពិភាក្សាមួយកាលពីសប្តាហ៍មុនក្នុងគោលបំណងរៀបចំពិធីប្រារព្ធខួបនៅឆ្នាំក្រោយឲ្យបានធំជាងពេលមុនៗ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកអគ្គរដ្ឋទូតជប៉ុន លោក ម៉ាសាហ៊ីរូ មីកាមិ និងលោកស្រី ជា គឹមថា អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ឯកអគ្គរដ្ឋទូតជប៉ុន លោក មីកាមិ បានថ្លែងឲ្យដឹងយ៉ាងមុតមាំអំពីវឌ្ឍនភាពក្នុងទំនាក់ទំនងទ្វេភាគីរយៈពេលជិតមួយសតវត្សរ៍កន្លងមកនេះ ដោយផ្តោតលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់ការវិនិយោគឯកជន ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងជប៉ុន-កម្ពុជា។ លោកក៏បានសម្តែងនូវក្តីរំពឹងថា ពិធីខួបលើកទី៧០ឆ្នាំនេះ នឹងបន្តផ្តល់នូវឱកាសកាន់តែច្រើនបន្ថែមទៀត។ ចំណែក លោកស្រី ជា គឹមថា អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស ក៏បានកោតសរសើរក្រៃលែងពីការផ្លាស់ប្តូរអន្តរជាតិទៅវិញទៅមករវាង កម្ពុជា-ជប៉ុន ជាពិសេស គឺការចូលរួមចំណែករបស់ជប៉ុនក្នុងការដោះស្រាយវិបត្តិកូវីដ-១៩នៅកម្ពុជា។

តាមរយៈសារព័ត៌មាន«កម្ពុជាថ្មី» ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ពិធីគម្រប់ខួបលើកទី៧០ឆ្នាំ រវាងប្រទេសទាំងពីរ នឹងមានការប្រារព្ធឡើងធំជាងឆ្នាំកន្លងមក ដែលមិនធ្លាប់មានពីមុន។ អ្វីដែលសំខាន់ គឺមានការសម្តែងមហោស្រពភាពយន្តជប៉ុនក្នុងខែមករា ពិធីគីហ្សូណាក្នុងខែកុម្ភះ និងពិធីបុណ្យផ្កាយ ឬហៅថាបុណ្យ Tanabata ក្នុងខែកក្កដា ដែលនឹងបើកឲ្យមានការចូលរួមពីប្រជាជនកម្ពុជា ដើម្បីឲ្យបានយល់ និងផ្លាស់ប្តូរវប្បធម៌គ្នាជាមួយជប៉ុន។
ការរចនាឡូហ្គោខួប៧០ឆ្នាំនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ដែលបើកទទួលពីសាធារណជន ត្រូវបានបិទរួចហើយ ប៉ុន្តែ ស្ថានទូតជប៉ុនបានបញ្ជាក់ថា ខ្លួនទទួលបានគំរូឡូហ្គោច្រើនទ្វេដង បើប្រៀបធៀបកាលពីប្រារព្ធខួបលើក៦៥ឆ្នាំកន្លងទៅ ហើយភាគច្រើននៃគំរូឡូហ្គោទាំងនោះ គឺបានមកពីប្រជាជនកម្ពុជា។ ដូច្នេះហើយ គណៈកម្មាធិការប្រតិបត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឆ្លើយតបដ៏ខ្លាំងក្លាពីភាគីកម្ពុជានេះ។ ការជ្រើសរើសគំរូឡូហ្គោនេះ កំពុងតែធ្វើឡើង ហើយការប្រកាសផ្លូវការនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា ខាងមុខ។

ឆ្លៀតក្នុងឱកាសខួបលើកទី៧០ឆ្នាំនេះ គណៈកម្មាធិការប្រតិបត្តិកំពុងស្វែងរកគម្រោងទាក់ទងនឹងខួបលើកទី៧០ឆ្នាំពីក្រុមហ៊ុន អង្គការ និងស្ថាប័នអប់រំនៅកម្ពុជា។ ការប្រកាសបើកទទួលពាក្យចូលរួម នឹងចាប់ផ្តើមប្រកាសនៅលើគេហទំព័ររបស់ស្ថានទូតជប៉ុន នៅថ្ងៃទី១ ខែតុលា។ សំណើសុំនេះ នឹងត្រូវបានជ្រើសរើសដោយគណៈកម្មាធិការប្រតិបត្តិ។
មូលនិធិជប៉ុន នឹងដឹកនាំកម្មវិធីមហោស្រពភាពយន្តជប៉ុន នៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ បន្ថែមពីនេះ ការរំលឹកខួបលើកទី៧០ឆ្នាំ ក៏នឹងមានបា្ររព្ធកម្មវិធីក្នុងខេត្តបាត់ដំបង សៀមរាប និងខេត្តកំពង់ចាមផងដែរ។ នៅក្នុងពិធីមហោស្រពភាពយន្តជប៉ុន ក៏មានការចាក់បញ្ចាំងពីគំនូរជីចលជប៉ុន ដែលពេញនិយមបំផុតពីសំណាក់យុវវ័យកម្ពុជា។ មិនតែប៉ុណ្ណោះ មហោស្រពភាពយន្តជប៉ុន នឹងបើកឲ្យមានការចូលទស្សនាដោយសេរី ពុំមានការបង់ប្រាក់ឡើយ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


