ព័ត៌មានជាតិ
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដំណើរការសាកល្បងកម្មវិធី “ជំរុញឱកាសសម្រាប់ស្រ្តីនៅផ្នែកលក់ (WiSE)” ថ្មី ដែលផ្តល់ការគាំទ្រដល់ស្ត្រីក្នុងអាជីពផ្នែកលក់
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២៖ ស្រ្តីកម្ពុជាដែលមានទេពកោសល្យចំនួន៩នាក់ កំពុងចាប់ផ្តើមអាជីពដ៏គួរឱ្យរំភើប ខណៈដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាប់ផ្តើមកម្មវិធីកម្មសិក្សាសម្រាប់ស្ត្រី។ សិក្ខាកាមត្រូវបានជ្រើសរើសតាមរយៈកម្មវិធីជំរុញឱកាសសម្រាប់ស្រ្តីនៅផ្នែកលក់ (Women in Sales Empowerment ឬ WiSE) ដែលជាកម្មវិធីថ្មីមួយត្រូវបានបង្កើតឡើង ដើម្បីជួយស្ត្រីឱ្យពង្រីកអាជីពផ្នែកលក់របស់ពួកគេដោយទទួលបានការបណ្តុះបណ្តាល និងការគាំទ្រផ្សេងៗ។

កម្មវិធី WiSE ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រោមកិច្ចសហការជាមួយអង្គការ Digital Divide Data-Cambodia (DDD Cambodia) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញផ្តោតលើការអភិវឌ្ឍយុវជន។ កម្មវិធី WiSE បានអញ្ជើញស្ត្រីកម្ពុជាមកពីគ្រប់មជ្ឈដ្ឋានឱ្យដាក់ពាក្យចូលរួមការបណ្តុះបណ្តាលនេះ។ កម្មវិធីនេះក៏បានរួមបញ្ចូលដំណើរការជ្រើសរើសដែលមានលក្ខណៈបរិយាបន្ន (រួមបញ្ចូល) ផងដែរ ដើម្បីបង្កើតឱ្យមានភាពស្មើភាពសម្រាប់សិក្ខាកាមទាំងអស់ និងផ្តល់ឱ្យអ្នកដែលមានទេពកោសល្យនូវឱកាសដ៏សាកសមមួយដោយមិនគិតពីសាវតា។

បន្ទាប់ពីជ្រើសរើសរួច សិក្ខាកាមក្នុងកម្មវិធី WiSE បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលក្នុងថ្នាក់រៀនរយៈពេលមួយខែ គឺក្នុងខែកញ្ញា ដែលផ្តោតលើការផ្តល់ជូនពួកគេនូវសមត្ថភាពផ្នែកលក់ឌីជីថល និងការបណ្តុះបណ្តាលជំនាញផ្នែកលក់ ដើម្បីទទួលបានសមត្ថភាពកាន់តែប្រសើរឡើង ព្រមជាមួយទំនាក់ទំនងល្អមួយក្នុងការចាប់ផ្តើមអាជីពផ្នែកលក់។ ក្នុងវគ្គបន្ទាប់នៃកម្មវិធីនេះគឺការចុះកម្មសិក្សាដែលចាប់ផ្តើមនៅសប្តាហ៍នេះ សិក្ខាកាមនឹងទទួលបានបទពិសោធក្នុងអំឡុងពេលអនុវត្តការងាររយៈពេល ៣ខែជាមួយនឹងការងារផ្នែកលក់របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ នៅចុងបញ្ចប់នៃកម្មវិធី សិក្ខាកាមដែលធ្វើការងារបានល្អអាចទទួលបានឱកាសចូលរួមជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងនាមជាបុគ្គលិកពេញម៉ោង។

លោក Sergio Avalos Aldana នាយកផ្នែកលក់នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា “ការងារផ្នែកលក់របស់យើងគឺជាចង្វាក់បេះដូងរបស់ក្រុមហ៊ុន ដែលបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលម៉ាកយីហោអន្តរជាតិ និងក្នុងស្រុករបស់យើង។ បុគ្គលិកផ្នែកលក់ចម្រុះប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់អ្វីដែលយើងធ្វើ តាមរបៀបមួយដែលនឹងឆ្លើយតបទៅកាន់អតិថិជន និងអ្នកប្រើប្រាស់របស់យើង។ នេះជាមូលហេតុដែលយើងត្រៀមខ្លួនក្នុងការកសាងអ្នកដែលមានទេព្យកោសល្យខ្លាំង និងមានភាពចម្រុះខាងផ្នែកលក់”។

កញ្ញា ព្រើង សុគន្ធឧសភា គ្រូបង្វឹកក្នុងកម្មវិធី WiSE ដែលក៏ជាប្រធានផ្នែកពាណិជ្ជកម្មទំនើបឌីជីថលនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផងដែរនោះបានថ្លែងថា “វាជាកិត្តិយសដែលខ្ញុំបានមកធ្វើការងារជាមួយសិក្ខាកាម ដើម្បីស្តាប់រឿងរ៉ាវរបស់ពួកគាត់ និងការប្តេជ្ញាចិត្តនានាដែលជាផ្នែកមួយនៃកម្មវិធី WiSE។ ស្ត្រីក្នុងការងារផ្នែកលក់សព្វថ្ងៃនេះបន្តប្រឈមមុខនឹងបញ្ហាផ្សេងៗដោយសារការលំអៀងដោយមិនដឹងខ្លួន។ ជាមួយនឹងកម្មវិធីថ្មីនេះ យើងមានបំណងបង្កើតប្រព័ន្ធគាំទ្រមួយសម្រាប់ស្ត្រីក្នុងការងារផ្នែកលក់ ដូច្នេះពួកគាត់អាចឈានដល់សក្តានុពលពេញលេញបំផុតរបស់ពួកគាត់”។
លោកស្រី អ៊ឹម សុភាព នាយកប្រតិបត្តិអង្គការ DDD Cambodia បានមានប្រសាសន៍ថា “យើងសូមអរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេលំដាប់អន្តរជាតិ និងមានការទទួលខុសត្រូវមួយ កំពុងសហការធ្វើការងារជាមួយយើងលើគំនិតផ្តួចផ្តើមនេះ។ កម្មវិធី WiSE ក៏ជាបទពិសោធនៃភាពជាដៃគូដ៏ល្អមួយសម្រាប់យើងផងដែរ មិនត្រឹមតែជាដំណើរសិក្សាដ៏អស្ចារ្យសម្រាប់តែសិក្ខាកាមប៉ុណ្ណោះទេ។ ថាមពល និងចំណង់ចំណូលចិត្តរបស់សិក្ខាកាមបានបំផុសគំនិតយើង ហើយយើងសូមជូនពរឱ្យពួកគេទទួលបានជោគជ័យក្នុងដំណើរការបន្ទាប់នៃអាជីពរបស់ពួកគេ”។

លោក Fernando de Castro Pastor នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា “ដើម្បីឆ្លើយតបទៅនឹងគោលបំណងរបស់យើងក្នុងការបង្កើតភាពរីករាយនៃការរួបរួមគ្នាពិតប្រាកដ ដើម្បីជំរុញពិភពលោកឱ្យកាន់តែប្រសើរនៅក្រុមហ៊ុន ហ៊ិននីគែន យើងដឹងថា យើងមិនអាចធ្វើបែបនេះបានដោយគ្មានការឱបក្រសោប DEI ទាំងស្រុងនោះទេ។ ជាមួយនឹងតម្លៃស្នូលរបស់យើងពោលគឺ ការយកចិត្តទុកដាក់ចំពោះធនធានមនុស្ស យើងព្យាយាមភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបុគ្គលិក អតិថិជន និងអ្នកប្រើប្រាស់ដែលកាន់តែសម្បូរបែបរបស់យើង”៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


