Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន សរសើរទាហាន​ខ្លួន​ដែល​​​ធ្វើអត្តឃាត​ មិន​​ធ្វើឈ្លើយសឹក ​ក្នុង​សមរភូមិអ៊ុយក្រែន

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​លើក​សរសើរដល់ទាហាន​​​របស់ខ្លួន​ដែលបានធ្វើអត្តឃាត​​ក្នុងសមរភូមិ​​​​​​ ពេលសត្រូវ​មាន​ប្រៀប​ជា​ង​​​​​​ក្នុងការ​​ប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី ដែលនេះជាការ​បញ្ជាក់​យ៉ាងច្បាស់អំពី​ទឹកចិត្ត​ប្រយុទ្ធដ៏ខ្លាំងក្លាបំផុត។

រូបភាព៖ REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសុន្ទរកថាមួយថ្លែងទៅកាន់មន្ត្រីរុស្ស៊ី និងក្រុមគ្រួសារនៃសព ក្នុងពិធីសម្ពោធបញ្ចប់ការសាងសង់វិមាន​ចងចាំ​​ ឬ​ហៅ​ថា​ វិមាន​អនុស្សាវរីយ៍​សម្រាប់ផ្តល់កិត្តិយសដល់ទាហានកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងជាលើកដំបូងអំពីការលះបង់ដ៏ធំធេងដែលពួកគេបានធ្វើ ដោយបានសរសើរថាជា «វីរៈបុរស»។ នេះបើយោងតាមខ្លឹមសារដែលបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃច័ន្ទទី២៧ ខែមេសា ឆ្នាំ២០២៦។

លោកបានមានប្រសាសន៍ថា៖ «ពួកគេមិនត្រឹមតែជាវីរៈបុរសដែលបានជ្រើសរើសផ្លូវនៃការលះបង់សាច់ស្រស់ឈាម​ស្រស់ និងការធ្វើអត្តឃាតដោយមិនរុញរា ដើម្បីការពារកិត្តិយសដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមមានអ្នកដែលបានពលីជីវិត ខណៈពេលកំពុងសម្រុកចូលសមរភូមិនៅជួរមុខគេបង្អស់ផងដែរ»។

មិនតែប៉ុណ្ណោះ មេដឹកនាំកូរ៉េខាងជើងថែមទាំងឆ្លៀតលើក​ឡើង​​​​អំពី​អ្នកដែលមិន​បាន​បម្រើ​​កង​ទ័ពថា​ អ្នកដែល​មាន​ការ​ខកចិត្ត​ និងសោកស្តាយដោយសារតែមិនបានបំពេញភារកិច្ចជាទាហានឲ្យបានសម្រេច ជាជាងការឈឺចាប់ខាងរាងកាយដែលត្រូវរងនូវគ្រាប់កាំភ្លើង និងគ្រាប់ផ្លោងនោះ អ្នកទាំងនេះ ក៏អាចត្រូវបានហៅថាជាយុទ្ធជនដ៏ស្មោះត្រង់របស់បក្ស និងជាអ្នកស្នេហាជាតិផងដែរ។

កូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថា បានបញ្ជូនកងទ័ពចំនួន ១៤,០០០ នាក់ ដើម្បីទៅចូលរួមប្រយុទ្ធ​​រួម​កម្លាំង​ជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Kursk។ មន្ត្រីមកពីកូរ៉េខាងត្បូង អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច បានលើកឡើងថា កងទ័ពទាំងនោះបានរងគ្រោះថ្នាក់ និងបាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះមានទាហានកូរ៉េខាងជើងជាង ៦,០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា។

ជាក់ស្ដែង ភស្តុតាងកាន់តែច្រើនឡើង រួមទាំងរបាយការណ៍ស៊ើបការណ៍សម្ងាត់ និងសក្ខីកម្មពីជនភៀសខ្លួន (អ្នករត់ចោលជួរ) បានបង្ហាញថា កងទាហានកូរ៉េខាងជើងបានប្រើប្រាស់វិធី បំផ្ទុះសម្លាប់ខ្លួន ឬទម្រង់នៃការធ្វើអត្តឃាតផ្សេងៗទៀត ជាជាងការអនុញ្ញាតឲ្យសត្រូវចាប់ខ្លួនបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម