ព័ត៌មានអន្ដរជាតិ
តើការចេញពី OPEC របស់អារ៉ាប់រួម មានន័យយ៉ាងណាសម្រាប់ទីផ្សារប្រេងសកល?
ចំពេលដែលជម្លោះមជ្ឈិមបូព៌ាធ្វើឱ្យស្ថានភាពទីផ្សារប្រេងសកលធ្លាក់ចូលទៅក្នុងភាពចលាចល ប្រទេសអារ៉ាប់រួមឯណោះវិញ កាលពីថ្ងៃអង្គារបានប្រកាសដកខ្លួនចេញពីអង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) ក៏ដូចជា OPEC+ ដែលគេរាប់បញ្ជូលទាំងសម្ព័ន្ធមិត្តរបស់ OPEC ចាប់ពីថ្ងៃទី ១ ឧសភា តទៅ។

កាលពីឆ្នាំមុន OPEC+ បានរួមចំណែកលើផលិតកម្មប្រេងសកលជិត ៥០% ហើយអារ៉ាប់រួម គឺជាប្រទេសផលិតប្រេងធំបំផុតទី៤ របស់ប្លុក។ នេះបើតាមទិន្នន័យពីភ្នាក់ងារថាមពលអន្តរជាតិ។ OPEC+ មានឥទ្ធិពលយ៉ាងសំខាន់ទៅលើស្ថានភាពតម្លៃទីផ្សារប្រេងសកល ដោយប្លុកនិយាយថា គោលនយោបាយកាត់បន្ថយ ឬបង្កើនផលិតកម្មរបស់ខ្លួនគឺដើម្បីធ្វើឱ្យទីផ្សារមានស្ថិរភាព ប៉ុន្តែអ្នករិះគន់និយាយថា ប្លុកនេះគឺជាអ្នកក្រឡុកទីផ្សារ។
តើការដកខ្លួនចេញពី OPEC និង OPEC+ របស់អារ៉ាប់រួម មានន័យយ៉ាងណាសម្រាប់ទីផ្សារប្រេងសកល និងឥទ្ធិពលរបស់ប្លុកនេះ?
អារ៉ាប់រួម មិនមែនជាប្រទេសដំបូងទេ ដែលចាកចេញពីអង្គការ OPEC ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសកាតាបានដកខ្លួននៅឆ្នាំ ២០១៩ អេក្វាឌ័រ ក្នុងឆ្នាំ ២០២០ និងអង់ហ្គោឡា នៅឆ្នាំ ២០២៤ ។
ក្រសួងថាមពលអារ៉ាប់រួម បាននិយាយថា ការចាកចេញរបស់ខ្លួននឹងផ្ដល់ឱកាសឱ្យប្រទេសនូវភាពបត់បែនកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលទីផ្សារ ខណៈ «បន្តរួមចំណែកដល់ស្ថិរភាពទីផ្សារក្នុងសកម្មភាពប្រកបដោយទំនួលខុសត្រូវ»។ សេចក្តីថ្លែងការណ៍របស់អារ៉ាប់រួមនិយាយយ៉ាងដូច្នេះថា៖ «ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរយៈពេលវែងរបស់អារ៉ាប់រួម និងស្ថានភាពថាមពលដែលកំពុងវិវត្ត។
របាយការណ៍ពី IEA បានបង្ហាញថា អារ៉ាប់រួមមានផលិតកម្មប្រេង ៣,៦៤ លានបារ៉ែល/ថ្ងៃ នៅខែកុម្ភៈ ក្នុងចំណោម ២៩,៨២ លានបារ៉ែល/ថ្ងៃ របស់ OPEC។ នោះមានន័យថា អារ៉ាប់រួម រួមចំណែកប្រហែល ១២% នៃផលិតកម្មរបស់ប្លុក។
អ្នកជំនាញម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ការចាកចេញពី OPEC របស់អារ៉ាប់រួម គឺជារឿងធំ ព្រោះវាគឺជាប្រទេសមួយចំនួនតូច រួមជាមួយអារ៉ាប៊ីសាអូឌីត ដែលអាចបង្កើនផលិតកម្មប្រេងបានយ៉ាងឆាប់រហ័សនៅពេលត្រូវការ ដែលនេះជាកត្តាដែល OPEC ត្រូវពឹងផ្អែកដើម្បីគ្រប់គ្រងទីផ្សារ។

ក្នុងរយៈពេលខ្លី ការចាកចេញរបស់អារ៉ាប់រួម មិនសូវជាមានផលប៉ះពាល់លើទីផ្សារប្រេងខ្លាំងក្លានោះទេ ដោយសារតែការបិទខ្ទប់ច្រកហ័រមូហ្សបណ្ដាលមកពីជម្លោះអាមេរិក-អ៊ីរ៉ង់នោះ បានបង្កការរំខានផ្នែកផ្គត់ផ្គង់ធ្ងន់ធ្ងរ ដែលធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ជាង ១១០ ដុល្លារ/បារ៉ែល គិតត្រឹមថ្ងៃពុធ (២៩ មេសា) នេះ។
ប៉ុន្តែក្នុងរយៈពេលវែងវិញ ឥទ្ធិពលរបស់ប្លុក OPEC នឹងកាន់តែចុះខ្សោយដោយគ្មានអារ៉ាប់រួម។ អារ៉ាប់រួមអាចចាប់ផ្តើមបង្កើនផលិតកម្មប្រេងដោយខ្លួនឯង ដោយគ្មានគំនាបកូតាផលិតកម្មពី OPEC ដែលនឹងធ្វើឱ្យប្លុកកាន់តែពិបាកគ្រប់គ្រងទីផ្សារ។
ការបង្កើនផលិតកម្មរបស់អារ៉ាប់រួមនាពេលអនាគតក្នុងលក្ខខណ្ឌដែលជម្លោះអាមេរិក-អ៊ីរ៉ង់ត្រូវបានបញ្ចប់ ក៏មានន័យផងដែរថា វាអាចរួមចំណែកធ្វើឱ្យតម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ខណៈប្រទេសនេះត្រូវការចំណូលកាន់តែច្រើនដើម្បីស្ដារប្រទេសពីផលប៉ះពាល់នៃជម្លោះមជ្ឈិមបូព៌ាបច្ចុប្បន្ន។
យ៉ាងណាមិញ អ្នកវិភាគនៅតែយល់ឃើញថា ឯករាជ្យភាពក្រៅ OPEC របស់អារ៉ាប់រួម នៅតែអាចឱ្យទីផ្សារប្រេងសកលមានអស្ថិរភាព និងមិនអាចទាយទុកមុនបាន។
អ្នកវិភាគខ្លះទៀតមើលឃើញថា ការចាកចេញអារ៉ាប់រួម អាចជាជ័យជម្នះមួយសម្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលតែងតែចោទប្រកាន់ OPEC និង OPEC+ ថាធ្វើឱ្យតម្លៃប្រេងនៅកម្រិតខ្ពស់។ លោកក៏បានអះអាងផងដែរថា សហរដ្ឋអាមេរិកតែងផ្ដល់ការការពារផ្នែកយោធាដល់បណ្ដាប្រទេសឈូងសមុទ្រពែរ្ស ផ្ទុយទៅវិញ ពួកគេតបស្នងដោយការដំឡើងតម្លៃប្រេង។
ការសម្រេចរបស់អារ៉ាប់រួម ក៏ធ្វើឡើងដែរ ក្រោយប្រទេសមួយនេះរិះគន់រដ្ឋអារ៉ាប់ក្នុងតំបន់ផ្សេងទៀត ដែលមិនសូវខ្នះខ្នែងការពារខ្លួនពេលមានការវាយប្រហារពីអ៊ីរ៉ង់អំឡុងសង្រ្គាមដែលផ្ទុះឡើងកាលពីចុងខែកុម្ភៈ ខណៈសហរដ្ឋអាមេរិក និងអារ៉ាប់រួម បានពិភាក្សាអំពីការបង្កើនទំនាក់ទំនងលើវិស័យហិរញ្ញវត្ថុឱ្យកាន់តែជិតស្និទ្ធ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


