Connect with us

កីឡា

គ្រូ PSG ថា ត្រូវការស៊ុត Bayern ជើងទី ២ ហោចណាស់ ៣ គ្រាប់ទៀត ទើបធានាឡើងវគ្គបន្ត

បានផុស

នៅ

អ្នកចាត់ការរបស់ក្រុម Paris Saint-Germain លោក Luis Enrique សម្លឹងឃើញការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UCL ទល់នឹងក្រុម Bayern Munich នៅទឹកដី អាល្លឺម៉ង់ សប្តាហ៍ក្រោយនឹងតឹងតែងខ្លាំង ហើយលោកបានគិតអំពីការប្រកួតនោះទុកជាមុន គឺទាល់តែស៊ុតយ៉ាងហោចណាស់ ៣ គ្រាប់ ទើបធានាឱ្យក្រុមរបស់លោកឡើងទៅវគ្គផ្តាច់ព្រ័ត្របាន។

លោក Luis Enrique
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម PSG កំពុងមានឱកាសច្រើនក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន UCL បន្ទាប់ពីការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៦ បានយកឈ្នះលើក្រុម Bayern Munich នៅទឹកដីរបស់ខ្លួន ក្នុងលទ្ធផល ៥-៤។ ទោះបីជាយ៉ាងណា ពួកគេមិនទាន់កក់ក្តៅខ្លាំងនោះទេ ដោយសារមានគ្រាប់បាល់ចំណេញត្រឹម ១ គ្រាប់ ខណៈការប្រកួតជើងទី ២ ត្រូវធ្វើនៅទឹកដី អាល្លឺម៉ង់ វិញម្តង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការប្រកួតយប់មិញ លោក Enrique បានមានប្រសាសន៍ពីការប្រកួតជើងទី ២ នៅសប្តាហ៍ក្រោយ ថា៖ «ខ្ញុំទើបតែសួរបុគ្គលិករបស់ខ្ញុំថា ពួកគេគិតថា សប្ដាហ៍ក្រោយយើងត្រូវការរកគ្រាប់បាល់ប៉ុន្មាន ហើយពួកយើងទាំងអស់គ្នាគិតថា យើងត្រូវតែរកបានយ៉ាងហោចណាស់ ៣ គ្រាប់»

ទិដ្ឋភាពប្រកួត

អតីតគ្រូបង្វឹក Barcelona វ័យ ៥៥ ឆ្នាំ បានបន្ថែម ថា៖ «Bayern Munich នឹងលេងនៅកីឡដ្ឋានរបស់ពួកគេ ហើយនឹងកាន់តែខ្លាំងជាងមុន ព្រោះមានអ្នកគាំទ្រនៅខាងក្រោយ ប៉ុន្តែការត្រឡប់ទៅទីនោះវិញ នឹងនាំមកនូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតសម្រាប់ពួកយើង។ យើងចង់រក្សាឆន្ទៈដដែល ដោយនឹងចេញទៅប្រកួតនៅទីនោះ ជាមួយការខំប្រឹងយកជ័យជម្នះ»

ការប្រកួតនៅជើងទី ២ ក្រុម PSG ត្រូវការទប់ត្រឹមស្មើប៉ុណ្ណោះ ក៏អាចឡើងទៅវគ្គផ្តាច់ព្រ័ត្របានដែរ ប៉ុន្តែអ្វីដែលលោក Enrique ចង់សម្តៅពីការត្រូវស៊ុតហោចណាស់ ៣ គ្រាប់ទៀត ដោយសារនៅជើងទី ២ ក្រុមរបស់លោកលេងនៅក្រៅដី ដែលជាទឹកដីរបស់ Bayern Munich។ ប្រការនេះមានន័យ ថា ក្រុមម្ចាស់ផ្ទះ Bayern នឹងលេងខ្លាំងជាងជើងទី ១ នេះទៀត។ ដូច្នេះក្រុមរបស់លោកត្រូវត្រៀមផែនការស៊ុតឱ្យបាន ៣ គ្រាប់ឡើងទៅ ទើបអាចធានាកៅអីឡើងវគ្គបន្តបាន៕

គួរបញ្ជាក់ ថា ការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UCL រវាងក្រុម PSG និង Bayern Munich នឹងប្តូរដី ទៅលេងនៅទឹកដី អាល្លឺម៉ង់ វិញម្តង ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៦៕

ទិដ្ឋភាពប្រកួត

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ France24

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម