ព័ត៌មានជាតិ
ក្រសួងអប់រំ ណែនាំការថែទាំសុខភាពសិស្សនៅពេលអាកាសធាតុក្ដៅខ្លាំង
ក្រសួងអប់រំយុវជននិងកីឡាសូមធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនបុគ្គលិកអប់រំ និងអ្នកសិក្សាត្រូវថែរក្សាសុខភាពឱ្យបានល្អនិងបង្ការជំងឺនានានៅពេលអាកាសធាតុក្តៅខ្លាំង។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបាន មានប្រសាសន៍នៅរសៀលថ្ងៃទី២៨ ខែមីនានេះថាក្រសួងសូមលើកទឹកចិត្តគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធបន្តអនុវត្តតាមសេចក្តីណែនាំស្តីពីការថែរក្សាសុខភាព និងការបង្ការជំងឺនានាដែលបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងដែលក្រសួងបានណែនាំកន្លងមក។

លោកបានលើកឡើងខ្លឹមសារនៅក្នុងសេចក្តីណែនាំនោះមកបញ្ជាក់ថា អាកាសធាតុមានកំដៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាគ ជំងឺកង្វះអាហារូបត្ថម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម។

លោក រស់ សុវាចា មានប្រសាសន៍បន្តទៀតថា ដើម្បីថែរក្សាសុខភាព និងការបង្ការជំងឺនានា ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនបុគ្គលិកអប់រំ និងអ្នកសិក្សា ឱ្យអនុវត្តនូវវិធានការមួយចំនួនដូចជា ត្រូវទទួលទានទឹកដាំពុះ ទឹកបរិសុទ្ធទឹកចម្រុះ ទឹកស្អាតឱ្យបានញឹកញាប់ច្រើនជាងមុន និងកុំរង់ចាំដល់ពេលស្រេកទឹក។ ត្រូវណែនាំសិស្សឱ្យយកទឹកមកពីផ្ទះ រក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងគ្របឱ្យជិតដើម្បីបង្ការមូសខ្លាពងដាក់ដែលអាចបង្កជំងឺគ្រុនឈាម។ តាមដានព័ត៌មានអំពីអាកាសធាតុ ដើម្បីរៀបចំសកម្មភាពត្រឹមត្រូវ និងត្រូវប្រកាន់ខ្ជាប់នូវក្បួនអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ត្រូវប្រើប្រាស់សម្លៀកបំពាក់សមរម្យ រលុង ស្តើង ស្រាល និងមានពណ៌ភ្លឺ ស លឿង បៃតងខ្ចី។ល។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡារូបនេះ បានបន្ថែមទៀតថា សិស្សានុសិស្សចៀសវាងធ្វើលំហាត់ប្រាណនៅក្រោមកំដៅថ្ងៃខ្លាំង ត្រូវពាក់មួកការពារ ឬប្រើឆ័ត្រក្នុងអំឡុងពេលធ្វើដំណើរ ត្រូវបើកទ្វារ បង្អួចនៃបន្ទប់រៀន ឱ្យបានស្រឡះល្អ។ ត្រូវចៀសវាងពិសាកាហ្វេ និងគ្រឿងស្រវឹង និងត្រូវណែនាំសិស្សឱ្យលេងក្នុងម្លប់ ឬនៅក្នុងបន្ទប់រៀន នៅពេលចេញលេង ត្រូវបន្តដាំ និងថែរក្សាដើមឈើដែលមានស្រាប់នៅក្នុងបរិវេណគ្រឹះស្ថាន ដើម្បីយកម្លប់ និងកាត់បន្ថយកំដៅ ត្រូវមានទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ទឹកម្រាប់ផឹក និងទឹកសម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សា។

ជាមួយគ្នានេះ ត្រូវអប់រំផ្សព្វផ្សាយវិធានការនេះ ដល់បុគ្គលិកអប់រំ និងអ្នកសិក្សាទាំងអស់ជាបន្ទាន់ ក្នុងករណីមានជំងឺរាតត្បាត ឬហានិភ័យសុខភាព ដែលបណ្ដាលមកពីការឡើងកំដៅ សូមរាយការណ៍ និងស្វែងរកសេវាសុខភាពនៅជិតបំផុត តាមរយៈសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងទៅលេខ ១១៥ ដើម្បីដោះស្រាយជាបន្ទាន់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


