ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ កិត្តិយស កិត្យានុភាព សេចក្ដីថ្លៃថ្នូររបស់កម្ពុជា លើឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង គូសបញ្ជាក់ថា កិត្តិយស កិត្យានុភាព សេចក្ដីថ្លៃថ្នូររបស់ជាតិយើងនៅលើឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ និងកោតសរសើរពីបណ្ដាភ្ញៀវអន្តរជាតិ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បែបនេះ ខណៈ សម្ដេច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយទឹកស្អាត ឃុំក្របៅ ឃុំជាច ផ្លូវចាក់បេតុងឃុំក្របៅ និងសមិទ្ធផលនានា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣នេះ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «កិត្តិយស កិត្យានុភាព សេចក្ដីថ្លៃថ្នូររបស់ជាតិយើងនៅលើឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ នៅពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធាន ដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ កិច្ចប្រជុំពាក់ព័ន្ធនានា ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (SEA GAME) និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ (ASEAN PARA GAME) ជាមួយលទ្ធផលល្អប្រសើរ និងជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងទទួលបាននូវការកោតសរសើរពីបណ្ដាភ្ញៀវអន្តរជាតិ ក៏ដូចជាការគាំទ្រ និងអបអរសាទរពីប្រជាជនខ្មែរនៅទូទាំងប្រទេស»។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព បើទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ និងការវិវត្តន៍ដ៏ស្មុគស្មាញ នៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ ដែលពិបាកប៉ាន់ស្មានក្ដី។

សម្ដេច ស ខេង បានរំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ កម្ពុជា ក៏ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត គឺការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ ជាមួយនោះ សម្ដេច ស ខេង ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រើប្រាស់សិទ្ធិសម្ដែងនូវឆន្ទៈក្នុងនាមជាពលរដ្ឋល្អចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភា បានរហូតដល់ ៨៤,៥៨% ធៀបទៅនឹងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥ នាក់។

សម្ដេចក្រឡាហោម ស ខេង បន្ថែមថា ជោគជ័យដ៏ត្រចះត្រចង់នេះ ពិតជាមិនអាចកាត់ផ្ដាច់បានពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូន ស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម បានបន្តថា សមិទ្ធផលដាក់សម្ពោធនាពេលនេះ គឺជាចំណងដៃថ្មីមួយទៀតសម្រាប់អ្នកស្រុកកំចាយមារ ហើយចំណាយអស់ថវិកាជាច្រើន ដែលបានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ និងការចូលរួមបរិច្ចាគពីសប្បុរសជននានា។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមការងារស្រុក ក្រុង ឃុំ សង្កាត់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រព្រឹត្តទៅប្រកបដោយបរិយាកាស សុខដុមរមនា និងពោរពេញដោយសាមគ្គីភាព។
សម្ដេច ស ខេង ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្ដម លោកជំទាវ ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត និងវិស័យផ្សេងៗ ជាច្រើនទៀត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងមានអនាម័យល្អ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង៕
អត្ថបទ ៖ ពិសី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


