Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន នឹងអស់ទឹកដីជាបន្តកន្ទុយក្នុងពេល ២ ខែទៀត បើ អាមេរិក នៅតែឈរមើលបែបនេះ

បានផុស

នៅ

អ៊ុយក្រែនកំពុងស្ថិតនៅលើវិថីអន្តរាយនៃអស់ទឹកដីជាបន្តកន្ទុយក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយសារតែមិនមានការគាំទ្រពេញដៃផ្នែកយោធាពីសំណាក់សហរដ្ឋអាមេរិក ។ នេះបើយោងតាមការលើកឡើងរបស់លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន និងចុះផ្សាយដោយសារព័ត៌មាន Sputnik កាលពីថ្ងៃទី២៧ ខែកុម្ភៈ ។

លោក John Kirby

លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា “ប្រសិនបើអាមេរិកនៅតែតឹងដៃដកជំនួយចេញពីហោប៉ៅផ្ដល់ទៅឲ្យអ៊ុយក្រែនមិនរួចទេនោះ ច្បាស់ណាស់ថាក្នុងរយៈពេល ១ ខែ ឬ ២ ខែខាងមុខនេះ រុស្ស៊ីនឹងឱបក្រសោបទឹកដីកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសគឺនឹងលើកទង់ជ័យនៅសមរភូមិជួរមុខរបស់អ៊ុយក្រែនតែម្ដង” ។

អ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា ស្ថានភាពបែបនេះអាចនឹងផ្ទុះឡើងនៅប៉ែកខាងកើតអ៊ុយក្រែន ប៉ុន្តែវាក៏រាលដល់តំបន់ភាគខាងត្បូងនៃប្រទេសផងដែរ ស្របពេលដែលស្ថានការណ៍វាយលុកលើដីគោកក៏កាន់តែអាក្រក់ទៅៗ ដោយសារតែជំនួយរបស់អាមេរិកនៅតែនៅនឹងថ្កល់បែបនេះ ។

ការអត្ថាធិប្បាយរបស់មន្ត្រីសេតវិមានរូបនេះកើតមានឡើងត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារព័ត៌មាន Reuters បានសម្រង់សម្ដីរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដោយលោកបាននិយាយថា អ្នកចម្បាំងទីក្រុងកៀវកំពុងរៀបជើងព្រួលទប់ទល់នឹងផែនការវាយសង្គ្រុបដំណាក់កាលថ្មីរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុងរយៈពេល ២ ខែខាងមុខនេះ ពោលនាចុងខែឧសភា ឬពេញមួយរដូវក្ដៅនេះតែម្ដង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងផ្ទុះភ្លើងសង្គ្រាម ២ ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានជះលុយច្រើនជាង ១១០ ពាន់លានដុល្លារក្នុងប្រភេទជំនួយផ្សេងៗគ្នាផ្ដល់ទៅឲ្យអ៊ុយក្រែន ។ មិនត្រឹមតែជះលុយនោះទេ អាមេរិកថែមទាំងជួយបណ្ដុះបណ្ដាលទាហានអ៊ុយក្រែនឲ្យចេះប្រើអាវុធទំនើបៗដែលលោកខាងលិចផ្ដល់ឲ្យផងដែរ ដែលនេះជាសញ្ញាមួយបង្ហាញថា អាមេរិកអាចលូកដៃចូលក្នុងសង្គ្រាមមួយដោយប្រយោលក៏ថាបាន ។

ប៉ុន្តែជំនួយទាំងប៉ុន្មាននេះហាក់ដូចជាមិនទាន់គ្រប់គ្រាន់ឡើយ ពោលលោក Joe Biden បានស្នើសុំជំនួយប្រមាណ ៦០ ពាន់លានដុល្លារបន្ថែមទៀតទៅឲ្យអ៊ុយក្រែន ប៉ុន្តែសំណើរនេះត្រូវរាំងស្ទះពីការអនុម័តដោយសភា ដោយសារតែប្រធានសភាបច្ចុប្បន្នគឺលោក Mike Johnson ជាអ្នកប្រឆាំងអ៊ុយក្រែន ហើយប្រសិនបើកញ្ចប់ជំនួយយោធានៅតែនឹងនៅថ្កល់បែបនេះទៀតនោះ ច្បាស់ណាស់ថា ទីក្រុងអ៊ុយក្រែនជាបន្តបន្ទាប់ទៀតនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃរុស្ស៊ី ហើយអ៊ុយក្រែននឹងដុនដាបកាន់តែជ្រៅក្នុងសង្គ្រាមមួយនេះ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រុស្ស៊ី ព្រមានកើតមហន្តរាយធំធេង បើទ័ពណាតូ ទៅដល់ដី អ៊ុយក្រែន មែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម