Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីទុកពេល ១ សប្ដាហ៍ឱ្យបញ្ឈប់​កែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំង បើពុំនោះនឹងចាត់វិធានការច្បាប់

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ នេះ បានប្រកាសឱ្យអ្នកប្រើប្រាស់ និងអ្នកតាំងលក់ និងការកែច្នៃ ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសនៅក្នុងរាជធានីភ្នំពេញបញ្ឈបសកម្មភាពជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចទុករយៈពេល ០១សប្តាហ៍ សម្រាប់អ្នកប្រើប្រាស់ តាំងលក់ និងការកែច្នៃ ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសនៅក្នុងរាជធានីភ្នំពេញ ដោយផុតរយៈពេលនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។

រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា កន្លងមកមានយានយន្តមួយចំនួនកំពុងប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កជាសំឡេងរំខានដល់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈនៅតាមដងផ្លូវ ក៏ដូចជាការបង្កហានិភ័យដល់អ្នកធ្វើដំណើរ។

ដូច្នេះដើម្បីលុបបំបាត់នូវបាតុភាពអសកម្មទាំងអស់ខាងលើ ដែលបង្កឡើងដោយឧបករណ៍កែច្នៃខុស លក្ខណៈបច្ចេកទេស និងរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ រដ្ឋបាលរាជធានីភ្នំពេញណែថា៖

១-ចំពោះអ្នកដែលប្រើប្រាស់យានយន្តកំពុងបំពាក់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងដែលបានកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវធ្វើការដោះឧបករណ៍ទាំងនោះចេញ ដោយត្រូវផ្លាស់ប្តូរឱ្យបានត្រឹមត្រូវ ស្របតាមលក្ខណៈបច្ចេកទេសយានយន្តដូចសភាពដើមវិញ ស្របតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

២-​ ចំពោះអាជីវករ ពាណិជ្ជករ ដែលកំពុងធ្វើអាជីវកម្មនូវឧបករណ៍ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវធ្វើការបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ ក្នុងករណីនៅតែបន្តលក់ឧបករណ៍ ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូត ព្រមទាំងបិទទីតាំងអាជីវកម្មតែម្តង។

៣- ចំពោះយានដ្ឋាន ឬទីតាំងកែច្នៃដែលធ្លាប់ និងកំពុងធ្វើការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុស លក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពកែច្នៃជាបន្ទាន់ ក្នុងករណីនៅតែបន្តកែច្នៃ ឧបករណ៍ខុសលក្ខណៈបច្ចេកទេស អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូតនូវឧបករណ៍ ទាំងនោះ និងបិទទីតាំងអាជីវកម្ម រួមទាំងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងប្រើប្រាស់ អាជីវករ ពាណិជ្ជករ និងម្ចាស់ យានដ្ឋាន និងម្ចាស់ទីតាំងកែច្នៃនូវឧបករណ៍ខុសលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពទាំងនេះ ជាបន្ទាន់ ដោយទុក​រយៈពេល ០១សប្តាហ៍ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ផុតរយៈពេលឱសានវាទនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម