Connect with us

សន្តិសុខសង្គម

រកឃើញហើយ ! យុវជនសរសេរសំបុត្របណ្តាំ «ខ្ញុំស្លាប់ហើយ» មុនបាត់ខ្លួនលើភ្នំគិរីរម្យ ត្រូវប្រទះឃើញក្នុងស្ថានភាពរបួសធ្ងន់

បានផុស

នៅ

យុវជនម្នាក់ដែលបានបាត់ខ្លួននៅលើភ្នំគិរីរម្យ អស់រយៈពេលជិតមួយសប្តាហ៍ ដោយបន្សល់ទុកនូវសំបុត្របណ្តាំចុងក្រោយដ៏គួរឱ្យតក់ស្លុតនោះ ពេលនេះត្រូវបានប្រទះឃើញវិញហើយ ក្នុងស្ថានភាពរងរបួសធ្ងន់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ យុវជនរូបនេះបានបើកម៉ូតូទៅប្លុងចោលនៅចំណុចផ្លូវលំបំបែកជាបី ឆ្ពោះទៅក្រុមហ៊ុនវីរៈប៊ុនថាំ ក្នុងតំបន់ឧទ្យានជាតិគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នៅលើម៉ូតូនោះ គេបានប្រទះឃើញកាបូបខោអាវ និងសំបុត្រមួយសន្លឹកសរសេររៀបរាប់ថា៖ «បើអ្នកបានឃើញសំបុត្រនេះ មានន័យថាខ្ញុំបានស្លាប់ហើយ… មានវីដេអូក្នុងទូរស័ព្ទដែលជាការសម្រេចចិត្តចុងក្រោយបែបនេះ…» ព្រមទាំងបានសរសេរលេខទូរស័ព្ទសាច់ញាតិ ដើម្បីឱ្យសមត្ថកិច្ចជួយទាក់ទងទៅគ្រួសារផងដែរ។

ក្រោយការបាត់ខ្លួនអស់រយៈពេល ៨ថ្ងៃ ស្រាប់តែនៅថ្ងៃទី២៧ ខែមិថុនា នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានទទួលព័ត៌មានពីអ្នកភូមិថា បានប្រទះឃើញបុរសម្នាក់ដេករបួសនៅចំណុចអូរធំ (ស្ទឹងចម្លងទាវ)។ ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ហើយបានបញ្ជាក់អត្តសញ្ញាណថា បុរសរូបនោះពិតជាជនដែលបានបាត់ខ្លួនប្រាកដមែន មានឈ្មោះ គន់ សុខហេង អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ស្ថានភាពរបស់ជនរងគ្រោះពេលប្រទះឃើញ គឺមានសភាពបែកមាត់ និងរងរបួសធ្ងន់ធ្ងរត្រង់ភ្នែកខាងឆ្វេង ព្រមទាំងមានរបួសជាច្រើនកន្លែងទៀតនៅលើរាងកាយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ផ្អែកលើភស្តុតាង និងការពិនិត្យជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានបឋមថា ជនរងគ្រោះប្រហែលជាបានប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើទីទួល ឬចំណោតភ្នំ ប៉ុន្តែមិនស្លាប់ ដោយគ្រាន់តែរងរបួសធ្ងន់ធ្ងរ ហើយដេកនៅទីនោះរហូតដល់មានអ្នកភូមិទៅប្រទះឃើញ។

បច្ចុប្បន្ន យុវជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ និងក្រុមសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ និងព្យាបាលមុខរបួស ខណៈសាច់ញាតិរបស់ជនរងគ្រោះក៏ត្រូវបានទាក់ទងឱ្យមកមើលថែផងដែរ៕ អត្ថបទ ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម