Connect with us

កីឡា

ហេតុផលធំ ៣ បង្ហាញពី ជប៉ុន អាចឆ្លងផុត ប្រេស៊ីល នៅវគ្គ ៣២ ក្រុម World Cup 2026

បានផុស

នៅ

ក្រុមជម្រើសជាតិ ជប៉ុន នឹងត្រូវធ្វើការងារធ្ងន់ បន្ទាប់ពីឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ត្រូវជួបជាមួយនឹងក្រុមជើងឯក ៥ សម័យសាំបា ប្រេស៊ីល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជប៉ុន ត្រូវបានកំណត់ឱ្យជួប ប្រេស៊ីល នៅវគ្គ ៣២ ក្រុម បន្ទាប់ពីពួកគេឈរនៅលេខ ២ ក្នុងពូល F ខណៈ ប្រេស៊ីល ឈរលេខ ១ ក្នុងពូល C។ ការជួបជាមួយ ប្រេស៊ីល ដែលជាក្រុមខ្លាំងតាំងពីអតីតកាល មកដល់បច្ចុប្បន្ន នឹងក្លាយជារឿងដ៏ពិបាកសម្រាប់ក្រុមយក្សទ្វីប អាស៊ី មួយនេះ។

ទោះបីជាយ៉ាងណា ក៏មានហេតុផលធំ ៣ ផងដែរ ដែលបង្ហាញ ថា ជប៉ុន អាចមានភាគរយឆ្លងផុតក្រុមយក្សមកពីអាមេរិកខាងត្បូងមួយនេះ ឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយបាន។

ទី ១. ប្រវត្តិជួបគ្នា៖ នៅក្នុងប្រវត្តិសាស្ត្រនៃការជួបគ្នា គឺ ជប៉ុន មិនអាចប្រៀបផ្ទឹមនឹង ប្រេស៊ីល បានឡើយ ពោលការជួបគ្នា ១៤ លើក គឺ ជប៉ុន ចាញ់ ១១ ស្មើ ២ និងឈ្នះបានម្តងគត់។ ចំណុចចាប់អារម្មណ៍ គឺការឈ្នះម្តងគត់នេះហើយ ដែលជាជំនួបលើកចុងក្រោយរវាងក្រុមទាំង ២ កាលពីឆ្នាំ ២០២៥។

ជប៉ុន បានបង្ហាញពីសក្តានុពលរបស់ខ្លួន ថា ពួកគេជាក្រុមដ៏ខ្លាំង ដែលមិនអាចមើលរំលងបាននាពេលបច្ចុប្បន្ន។ ប្រការនេះ បានសបញ្ជាក់ ថា ជប៉ុន បានវិវត្តខ្លួនយ៉ាងលឿន តាំងពីធ្លាប់ត្រូវ ប្រេស៊ីល លត់ ៥-១ កាលពីឆ្នាំ ១៩៩៦ រហូតបន្ថយការចាញ់ត្រឹម ១-០ ហើយចុងក្រោយ បានឈ្នះ ប្រេស៊ីល វិញ ៣-២ ថែមទៀត។

ទី ២. ស្ថិតិប្រកួត៖ ក្រុមជម្រើសជាតិ ជប៉ុន បច្ចុប្បន្ន កំពុងត្រូវបានពិភពលោកចាប់អារម្មណ៍ខ្លាំង អំពីស្ថិតិប្រកួតដ៏ល្អឥតខ្ចោះរបស់ពួកគេ។ ត្រឡប់ថយក្រោយ ទៅកាន់ World Cup 2022 នៅ កាតា គឺ ជប៉ុន ធ្លាប់បានបង្កើតរឿងភ្ញាក់ផ្អើលរួចហើយ ដោយបានឈ្នះ អាល្លឺម៉ង់ និង អេស្ប៉ាញ ហើយបានបន្តទប់ស្មើ ក្រូអាត រយៈពេល ១២០ នាទី ១-១ នៅវគ្គ ១៦ ក្រុម ប៉ុន្តែចាញ់នៅវគ្គ ប៉េណាល់ទី។

ការប្រកួត ១០ ប្រកួតចុងក្រោយរបស់ពួកគេ ទាំងលក្ខណៈមិត្តភាព និងនៅ World Cup 2026 នេះ គឺមិនទាន់ចាញ់ទាល់តែសោះ។ អ្វី ដែលកាន់តែពិសេស គឺក្នុងចំណោម ១០ ប្រកួតនោះ ពួកគេថែមទាំងបានឈ្នះក្រុមខ្លាំង ប្រេស៊ីល អង់គ្លេស និងបានទប់ស្មើ ហូល្លង់ ថ្មីៗនេះថែមទៀត។ ស្ថិតិទាំងនេះ បានបង្ហាញ ថា ជប៉ុន បច្ចុប្បន្ន ជាក្រុមខ្លាំងលំដាប់ពិភពលោកមួយ ដែលក្រុមផ្សេងជួបហើយ លែងហ៊ានមើលស្រាលដូចពីមុន។

ទី ៣. សមាសភាពកីឡាករ៖ ចំណុចទី ៣ នេះ ជាចំណុចសំខាន់បំផុត ដែលបានឆ្លុះបញ្ចាំងពីក្រុម ជប៉ុន ទាំងមូលតែម្តង។ សមាសភាពកីឡាករទាំង ២៦ នាក់របស់ ជប៉ុន នៅ World Cup 2026 នេះ មិនដូចពីមុនទៀតនោះទេ ដោយកីឡាករប្រហែល ៩០% សុទ្ធតែលេងនៅលីគធំៗនៅ អឺរ៉ុប ដូចជា អង់គ្លេស អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ បារាំង ហូល្លង់ និង ស្កុតលែនដ៍ ជាដើម។

កម្រិតគុណភាពកីឡាកររបស់ពួកគេ គឺបានស៊ាំរួចទៅហើយ ជាមួយការលេងនឹងកីឡាករមាឌធំៗ ក៏ដូចជាកីឡាករល្បីៗលំដាប់ពិភពលោកមកពីតំបន់ អឺរ៉ុប និង អាមេរិកខាងត្បូង។ កត្តាស្នូលនេះហើយ ដែលធ្វើឱ្យក្រុម សាំម៉ូរ៉ៃ ខ្លាំង ដូចបានឃើញស្រាប់ ហើយការប្រកួតទល់នឹងក្រុមខ្លាំង ប្រេស៊ីល ក៏មិនមែនជារឿងប្លែកនោះដែរ សម្រាប់កីឡាករ ជប៉ុន។

ដូចបានបញ្ជាក់ខាងលើ ថា ជប៉ុន ជួបនឹង ប្រេស៊ីល មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែអំណះអំណាង ៣ ខាងលើ គ្រាន់តែចង់បង្ហាញ ថា ក្រុម ជប៉ុន ក៏អាចមានលទ្ធភាពយកឈ្នះ ប្រេស៊ីល វិញបានដែរ ដោយសារតែគុណភាពកីឡាករ និងស្ថិតិប្រកួតនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ ថា ក្រុមសាំម៉ូរ៉ៃ ជប៉ុន នឹងត្រូវជួបក្រុម ប្រេស៊ីល នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម