Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារតម្រូវឲ្យរោងចក្រសហគ្រាសត្រូវមានគ្រូពេទ្យជាប្រចាំត្រៀមសង្គ្រោះបឋមពេលកម្មករមានបញ្ហាសុខភាព

បានផុស

នៅ


លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានតម្រូវឱ្យរោងចក្រសហគ្រាសត្រូវតែមានក្រុមគ្រូពេទ្យការងារជាប្រចាំដើម្បីពិនិត្យមើលលើស្ថានភាពសុខភាពរបស់កម្មករ និងត្រៀមសង្គ្រោះបឋមពេលមានបញ្ហាសុខភាពណាមួយដែលជាផ្នែកមួយនៃស្តង់ដារសុវត្ថិភាពការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារលើកទី១៩ ក្រោមប្រធានបទ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារនៅខេត្តពោធិសាត់ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការបង្កើតបាននូវសុខសុវត្ថិភាពដែលមានលក្ខណៈស្តង់ដារនៅតាមរោងចក្រសហគ្រាស នឹងផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដជូនទាំងកម្មករនិយោជិត និងនិយោជកឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែលជាក្តីប្រាថ្នាចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យវិស័យឯកជនបន្តខិតខំវិនិយោគបន្ថែមលើបច្ចេកវិទ្យាថ្មីៗនៅតាមរោងចក្រ
សហគ្រាសដែលមិនបង្កផលប៉ះពាល់ដល់បរិយាកាសក្នុងពេលបំពេញការងាររបស់កម្មករនិយោជិតក៏ដូចជាការបន្តអនុវត្តឱ្យបានល្អបំផុតទៅតាមបទដ្ឋានបច្ចេកទេសស្តីពីសុវត្ថិភាពនៅកន្លែងការងារដែលក្រសួងបានណែនាំដើម្បីសុវត្ថិភាពការងារដល់កម្មករនិយោជិត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រារព្ឋទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនេះ ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិតរងគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យប្រកបដោយសុវត្ថិភាព និងសុខភាពការងារ ខណៈកម្ពុជាបានប្រារព្ធទិវានេះរយៈពេល១៩លើកមកហើយដែលជាការបញ្ជាក់ពីជំហរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការគិតគូរជាអាទិភាពលើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម