សេដ្ឋកិច្ច
កម្ពុជាកំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរប្រទេសជប៉ុន
មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរនឹងលេចរូបរាងឡើងនាពេលដ៏ខ្លីខាងមុខនេះនៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន នឹងដើរតួរនាទីដ៏សំខាន់ក្នុងការជំរុញការដោះដូរទំនិង ការផ្តល់ព័ត៌មានវិនិយោគជាពិសេសសម្រាប់ដាក់តាំងបង្ហាញផលិតផលខ្មែរ។

លោកលីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានចុះពិនិត្យមើលសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន និងជួបប្រជុំពិភាក្សាការងារជាមួយ លោក Takeshi Okami តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd ដែលជាអ្នកគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ផងដែរ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
លោក ឡោកពិសិដ្ឋ បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ត្រូវបានក្រុមការងាររៀបចំបានយ៉ាងល្អ និងប្រកបដោយភាពទាក់ទាញ ព្រោះថានេះជាកន្លែងដ៏មានសារៈសំខាន់មួយសម្រាប់ផ្តល់នូវព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសក៏ជាកន្លែងសម្រាប់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរ ផងដែរ។
លោកគូសបញ្ជាក់ថា៖« សម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នឹងរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌលឱ្យបន្តរៀបចំការបណ្តុះបណ្តាលធនធានមនុស្ស សិក្ខាសាលាផ្គូផ្គងពាណិជ្ជកម្ម ព្រមទាំងជួយសម្រួលធុរកិច្ចពាណិជ្ជកម្មជូនវិនិយោគិនជប៉ុន ដែលមានបំណងចង់ធ្វើពាណិជ្ជកម្មនៅកម្ពុជា»។

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ ដោយក្នុងឱកាសនោះលោកបានស្នើឱ្យវិនិយោគិនជប៉ុនចូលមកបណ្តាក់ទុននៅកម្ពុជាឱ្យច្រើន ជាមួយគ្នានោះលោកក៏ជំរុញឱ្យផ្នែកឯកជននៃប្រទេសទាំង ២ ធ្វើការសិក្សារួមគ្នាដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) នៅកម្ពុជាផងដែរ។
បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចន្លោះពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ៣២៥,៦៥លានដុល្លារ កើនឡើង ៩,៣ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមាន ២៩៨,០៦លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅជប៉ុន ២៣៧,២២លានដុល្លារ កើន ១៥,៣ភាគរយ ចំណែកទំនិញជប៉ុននាំមកកម្ពុជា ៨៨,៤៣លានដុល្លារ ថយចុះ ៤,៣ភាគរយ។ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ស្មើនឹង ៤,០១ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងខែមករា-កុម្ភៈ ឆ្នាំ២០២៤ ដែលមាន ៨,១២ពាន់លានដុល្លារ។
បើផ្អែកតាមតួលេខខាងលើ ប្រទេសជប៉ុនជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន វៀតណាម អាមេរិក និងថៃ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


