ព័ត៌មានជាតិ
តើអ្វីជាប្រព័ន្ធបញ្ជរតែមួយជាតិ? ហើយប្រព័ន្ធនេះមានសារសំខាន់អ្វីខ្លះ?
នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ប្រព័ន្ធបញ្ជរតែមួយជាតិ»។ តើអ្វីជាប្រព័ន្ធបញ្ជារតែមួយជាតិ? ហើយប្រព័ន្ធនេះមានសារសំខាន់អ្វីខ្លះ?

តាមរបាយការណ៍របស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានឱ្យដឹងថា ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាប្រព័ន្ធថ្មីមួយទៀត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយនឹងប្រព័ន្ធដែលមានស្រាប់ ដូចជា E-customs, ASYCUDA, Pre-Arrival Manifest System ជាដើម។ ប្រព័ន្ធបញ្ជរតែមួយជាតិនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក។
ទន្ទឹមនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ ក៏មានមុខងារដ៏សំខាន់ ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទិន្នន័យឯកសារប្រតិវេទន៍គយ និង ទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នឹងនាំមកនូវផលប្រយោជន៍ជាច្រើន ទាំង សម្រាប់វិស័យសាធារណៈ និងវិស័យឯកជន។ សម្រាប់វិស័យសាធារណៈ ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ ក្នុងការសម្របសម្រួល និងការពង្រឹងកិច្ចសហការ រវាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពបន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេស សម្រួលដល់ការបំពេញឱ្យបានឆាប់ នូវបែបបបទនាំចេញ-នាំចូលទំនិញ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជារួមប្រព័ន្ធនេះ បានផ្តល់អត្ថប្រយោជន៍សំខាន់ដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ឱ្យទទួលបាននូវព័ត៌មាន និងទិន្នន័យត្រឹមត្រូវ និងទាន់ពេល សម្រាប់ធ្វើការវិភាគវាយតម្លៃហានិភ័យ និងសម្រាប់ប្រើប្រាស់តាមតម្រូវការផ្សេងទៀត។
ដោយឡែក វិស័យឯកជន ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ចំណេញពេល ព្រមទាំងការកាត់បន្ថយចំណាយ និងជាពិសេស ការកាត់បន្ថយការិយាធិបតេយ្យក្នុងការរត់ការឆ្លងកាត់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើសុំ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងៗ សម្រាប់ការនាំចេញ-នាំចូលទំនិញ។ លើសពីនេះ ប្រតិបត្តិករនៃវិស័យឯកជន ក៏អាចប្រើប្រាស់ឡើងវិញ នូវទិន្ន-ន័យក្នុងប្រព័ន្ធ សម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន ឱ្យបានទាន់ពេលមាន សង្គតិភាព និងមានភាពច្បាស់លាស់ផងដែរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


