ព័ត៌មានជាតិ
ខេត្តស្វាយរៀង បន្តផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ
នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងងាយហានិភ័យ TVET 1.5M នៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ។

ថ្លែងនាឱកាសនោះ លោក ម៉ែន អេង បានកោតសរសើរចំពោះថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងវិទ្យាល័យ ហ៊ុន សែនប្រសូតិ ដែលបានរៀបចំឱ្យមានកម្មវិធីនេះឡើង ក្នុងគោលបំណងចុះផ្សព្វផ្សាយជ្រើសរើសសិក្ខាកាម សិស្ស នៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ រហូតមកដល់ពេលនេះបានដំណើរការវគ្គបណ្តុះបណ្តាលបានចំនួន ៤ជំហាន កន្លងមក។ ការចុះជ្រើសរើសសិក្ខាកាមនេះទៀតសោត ក៏មានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង និងតាមរយៈអាជ្ញាធរតាមមូលដ្ឋាននៅទូទាំងខេត្តផងដែរ ទាំងការចុះជ្រើសរើសផ្ទាល់ និងការប្រកាសឱ្យចុះតាមប្រព័ន្ធ TVET 1.5M។
លោកអភិបាលរងខេត្ត បានបន្តថា ដើម្បីគៀរគរអ្នកវិនិយោគ ឱ្យមកបណ្តាក់ទុនកាន់តែច្រើន ជាពិសេសក្រុមហ៊ុនធំៗដែលប្រើប្រាស់បច្ចេកទេសខ្ពស់ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លុះត្រាខេត្តនេះមានអ្នកជំនាញច្រើន មានអ្នកបច្ចេកទេស ដែលមានវិជ្ជាជីវៈច្បាស់ ដែលពឹងផ្អែកទាំងស្រុងទៅលើវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ លោកថា តែងតែឮសម្លេងពីវិស័យឯកជន ថាខ្វះធនធានមនុស្ស សម្រាប់បំពេញនូវតម្រូវការការងារ តែផ្ទុយទៅវិញក៏តែងតែឮពីពលរដ្ឋថា ពិបាករកការងារធ្វើ។ ទាំងនេះបង្ហាញថា អ្នកមានជំនាញងាយស្រួលរកការងារធ្វើ តែអ្នកមិនមានជំនាញពិបាករកការងារធ្វើទៅវិញ។

លោកបានបន្តទៀតថា តាមរយៈវេទិកាវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងការសិក្សាស្រាវជ្រាវយ៉ាវល្អិតល្អន់របស់ក្រុមអ្នកជំនាញខាងយុទ្ធសាស្ត្រ រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំណត់យក មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល។ និយាយដោយឡែក “កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត និងអ្នកក្នុងបន្ទុកសមាជិក បសស” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ដែលបានប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមក ជាការរួមចំណែកយ៉ាងសំខាន់ដល់ចំណុចអាទិភាព ខាងលើរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះ លោកអភិបាលរងខេត្ត បានផ្តល់ជាអនុសាសន៍ ដល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ឱ្យខិតខំបន្តជ្រើសរើសសិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET 1.5M ដល់ក្រុមគោលដៅមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ឱ្យបានគ្រប់ចំនួន។ ខិតខំស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនរៀងរាល់ថ្ងៃ និងខិតខំបណ្តុះបណ្តាលដល់សិស្សដែលមកសិក្សារៀនសូត្រ ឱ្យមានសមត្ថភាពជំនាញគ្រប់គ្រាន់ និងមានសីលធម៌ គុណធម៌។ ជាពិសេស សហការជាមួយវិស័យឯកជន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដើម្បីសិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល មានកន្លែងកម្មសិក្សា និងការងារ។

ចំណែក លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឱ្យដឹងថា វិទ្យាស្ថានបានបណ្តុះបណ្តាលមុខជំនាញចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ក្នុងនោះមានជំនាញវិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិកឧស្សាហកម្ម វិស្វកម្មមេកាត្រូនិក វិស្វកម្មអេឡិចត្រូនិក វិស្វកម្មមេកានិករថយន្ត វិស្វកម្មសំណង់ស៊ីវិល គណនេយ្យ អក្សរសាស្ត្រអង់គ្លេស និងមានជំនាញ ជាច្រើនទៀតដែលទាក់ទងនឹងបច្ចេកទេស និងបច្ចេកវិទ្យា។
ចំពោះវគ្គកំពុងសិក្សា កម្រិតបរិញ្ញាបត្របច្ចេកទេស មានចំនួន ១៩៥នាក់ ស្រី ៣៦នាក់ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន ៩៧៦ នាក់ ស្រី ៣០៩នាក់ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ចំនួន ១៨នាក់ ស្រី ២នាក់ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ ចំនួន ២៧នាក់ ស្រី ៣នាក់ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន ៣២៦នាក់ ស្រី៥២នាក់ កម្រិតវិញ្ញាបនបត្រ សរុបចំនួន ២៥នាក់ ស្រី ២នាក់៕
ដោយ៖ភក្ដី



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន