សេដ្ឋកិច្ច
ចំណតផែកុងតឺន័រតម្លៃជាង ៣៧ លានដុល្លារ សម្ពោធឱ្យប្រើប្រាស់សម្រួលដល់ការដឹកជញ្ជូនទំនិញ
ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ តម្លៃជាង ៣៧លានដុល្លារ ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១២ ខែកញ្ញានេះ ដើម្បីសម្រួលដល់ការផ្ទេរ និងផ្ទុកទំនិញ ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។

ចំណតផែកុងតឺន័របន្ថែមថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ឧសភា ២០២៣ ត្រូវបានសាងសង់ និងស្តារជម្រៅទឹកដល់ ១១, ៥ម៉ែត្រ និងការបំពាក់នូវមធ្យោបាយដឹកលើកដាក់កុងតឺន័ររួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រគែមផែ ប្រភេទ QGC ចំនួន ២គ្រឿង និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលានប្រភេទ RTG ចំនួន ៦គ្រឿង រួមទាំងការបំពាក់សម្ភារបរិក្ខាសំខាន់ៗផ្សេងៗ ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមបានប្រមាណ ៤៥ម៉ឺន TEUs/ឆ្នាំ។
អញ្ជើញជាធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ នាខេត្តព្រះសីហនុ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណតផែកុងតឺន័របន្ថែមនេះ គឺជាសមិទ្ធផលបន្ថែមសម្រាប់វិស័យភស្តុភារកម្ម និងការដឹកជញ្ជូន។ សម្តេចបញ្ជាក់ថា៖«កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរួមចំណែកអភិវឌ្ឍប្រទេស តាមរយៈផលចំណូលអាជីវកម្ម ទទួលបានកំណើនទំនិញនិងកុងតឺន័រជារៀងរាល់ថ្ងៃ»។
សម្តេចបន្តថា ចំណតផែកុងតឺន័របន្ថែមនេះ នឹងផ្តល់ជាជម្រើសបន្ថែមសម្រាប់ជួយបំពេញនូវមុខងាររបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រដែលឆ្លងកាត់ប្រចាំឆ្នាំ។

ចំណតផែថ្មីនេះ នឹងប្រែក្លាយកំពង់ផែស្វយ័តព្រះសីហនុ ទៅជាកន្លែងផ្ទេរ ផ្ទុកទំនិញសំខាន់របស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅស្នូលនៅតំបន់ដែលអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញចេញចូលផ្ទាល់ពីកម្ពុជាទៅកំពង់ផែនានាទៅពិភពលោក។
តាមរយៈសមិទ្ធផលទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងកសាងសមត្ថភាពបន្ថែមនូវ កំពង់ផែទឹកជ្រៅកំពត និងកោះកុងបន្តទៀត សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូន។

គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុបប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះ ថវិកាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនប្រមាណ ១០លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយពន្ធអាករផ្សេងៗ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


