Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរអាជ្ញាធរ កែសម្រួលជម្រាលស្ពានឆ្លងកាត់ ប្រឡាយទឹកស្អុយក្រាំងធ្នង់ ដែលបង្កគ្រោះថ្នាក់ញឹកញាប់

បានផុស

នៅ

តាមរយៈ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ចែកចាយ​លើ​បណ្ដាញ​សង្គម បង្ហាញ​ថា នៅ​ចំណុច​ស្ពាន​ឆ្លង​កាត់​ប្រឡាយ​ទឹក​ស្អុយ​ក្រាំងធ្នង់ ផ្លូវ​បេតុង សម្តេច ជា ស៊ីម សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តែងតែ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​ដល់​អ្នកដំណើរ ដោយសារ​ជម្រាល​ស្ពាន​មាន​សភាព​ចោត​ខ្ពស់ ដូច្នេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ មេត្តា​ជួយ​កែសម្រួល​ចំណុច​ជម្រាល​ស្ពាន​នេះ ដើម្បី​កុំ​ឲ្យ​បន្ត​គ្រោះថ្នាក់​ត​ទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​ប្រាប់​តាមរយៈ​គ្រុប តេ​ឡេ​ក្រាម ថា ជម្រាល​ស្ពាន​សម្រាប់​បើកបរ​ល្បឿន ក្រោម 40km/h។ ទោះបីជា​យ៉ាងណា ក្រុមការងារ​លោក នឹង​ចុះ​កែសម្រួល​ជម្រាល​ស្ពាន​ឡើងវិញ។ ទន្ទឹម​នោះ លោក សាំ ពិសិដ្ឋ ក៏បាន​អរគុណ​ចំពោះ​ការ​ផ្ដល់​ព័ត៌មាន​ផង​ដែរ។

ដោយឡែក លោក​ស្រី ដោ សម្ភស្ស នាយករង​ទីចាត់ការ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​ទទួល​ជ្រាប​ពី​បញ្ហា​ខាង​លើ​នេះ​ហើយ។

ទាក់ទិន​ករណី​ស្ពាន​នេះ​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ ២០២៤ នេះ លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធាន​ការិយាល័យ​សាធារណការ បរិស្ថាន និង​អនាម័យ​ខណ្ឌ​សែន​សុខ បាន​ប្រាប់​ឲ្យ កម្ពុជា​ថ្មី ដឹង​ថា ចំពោះ​ករណី​នេះ រដ្ឋបាល​ខណ្ឌ​សែន​សុខ ទទួល​បាន​ហើយ ហើយ​លោក​ក៏បាន​រាយការណ៍​ទៅ​ខាង​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​អំពី​ករណី​នេះ​ដែរ និង​រង់ចាំ​ចំណាត់​ការ​ពី​ខាង​មន្ទីរ។ លោក​បញ្ជាក់​ថា ផ្លូវ​នេះ ស្ថិត​ក្នុង​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ ដូច្នេះ​ថ្នាក់​ខណ្ឌ​ពុំ​មាន​លទ្ធភាព ឬ សិទ្ធ ក្នុង​ការ​ជួសជុល​ឡើយ។

ជាមួយ​នេះ រដ្ឋបាល​ខណ្ឌ​សែន​សុខ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ដំណើរ​គ្រប់​មធ្យោបាយ​ទាំងអស់ សូម​បើកបរ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពេល​មក​ដល់​ចំណុច​ទីតាំង​ស្ពាន​ខាង​លើ​នេះ ខណៈ​ជំនាញ​ក៏​កំពុង​រៀបចំ​កែសម្រួល​ចំណុច​ជម្រាល​ស្ពាន​នេះ​ដែរ៕

អត្ថបទ ៖ សំណាង

មានវីដេអូ ៖ ជម្រាលស្ពានឆ្លងកាត់ប្រឡាយទឹកស្អុយក្រាំងធ្នង់ដែលបង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នក​ដំណើរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម