ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ ជំរុញមន្ត្រី ត្រៀមដោះស្រាយបញ្ហាជាច្រើន ពេលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យមន្ត្រីទាំងអស់ ត្រូវត្រៀមខ្លួនដោះស្រាយនូវបញ្ហាជាច្រើនជូនកម្មករ-និយោជិត នៅពេលប្រទេសកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ ២០២៩ ខាងមុខ។

ថ្លែងក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ”នៅព្រឹកថ្ងៃទី ២៧ កុម្ភៈនេះ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ ២០២៩ កម្ពុជា នឹងជួបប្រទះនូវបញ្ហាប្រឈមថ្មីៗ ដែលតម្រូវឱ្យមានគោលនយោបាយឆ្លើយតប ប្រកបដោយការគិតគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងត្រៀមដោះស្រាយសម្រាប់កម្មករ-និយោជិត រួមទាំងបញ្ហាលំហូរព័ត៌មានទីផ្សារការងារ , រចនាសម្ព័ន្ធទីផ្សារការងារ , បម្រែបម្រួល នៃវដ្តទីផ្សារការងារ ជាដើម។

លោកស្រី បានបន្តថា «ហេតុដូច្នេះ កម្ពុជា ជាពិសេសក្រុមគ្រួសារ និង សហការី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្មក្នុងការគិតគូរ និងត្រៀមខ្លួន ដើម្បីដាក់ចេញ និងអនុវត្តគោលនយោបាយដែលមានប្រសិទ្ធភាពសម្រាប់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ យើងត្រូវបុរេសកម្មជាប់ជានិច្ច ត្រូវត្រៀមបម្រុងជាប់ជានិច្ច ត្រូវសកម្មរស់រវើកគ្រប់កិច្ចការការងារ ត្រូវខិតខំធ្វើកិច្ចការឱ្យបានល្អ ហើយដើម្បីធ្វើកិច្ចការបានល្អ គឺត្រូវធ្វើគ្រប់កិច្ចការទាំងអស់ឱ្យបានល្អ»។

លោកស្រីជឿជាក់ថា «អ្វីដែលយើងបាន និងកំពុងធ្វើ ព្រមទាំងបន្តធ្វើ នឹងបង្កើតជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ឆ្លើយតប និងយកឈ្នះបញ្ហាប្រឈមនាពេលខាងមុខ»។
លោកស្រីបានទទួលថា ប្រជាពលរដ្ឋមួយចំនួនធំ នៅមិនទាន់សាទរចំពោះការផ្តល់សេវាសាធារណៈរបស់យើងនៅឡើយទេ ទោះបីជាយើងបានខិតខំប្រឹងប្រែងខ្លាំងហើយក៏ដោយ។ ទោះបីជានៅក្នុងចិត្ត ក្នុងបេះដូងរបស់ប្រជាពលរដ្ឋ ប្រហែលជាមិនទាន់ទទួលយក មិនទាន់សាទរ និងមិនទាន់រីករាយស្វាគមន៍ជាមួយការលះបង់របស់យើង ១០០% ក៏ដោយ សូមចាំឱ្យច្បាស់ថា យើងជាមន្ត្រី ហើយមន្ត្រី គឺបម្រើរាស្ត្រ។
លោកស្រី មានសុទិដ្ឋិនិយមថា ការខិតខំរបស់យើង នឹងបង្កើតឱ្យមានអនុស្សាវរីយ៍ផ្អែមល្ហែមជាច្រើន និងជាបន្តបន្ទាប់ ហើយអនុស្សាវរីយ៍ផ្អែមល្ហែមទាំងអស់នេះ នឹងលុបបំបាត់នូវភាពជូរចត់ ការគិតអវិជ្ជមាន ការមិនទុកចិត្ត និងមន្ទិលសង្ស័យទាំងឡាយ ដែលពួកគាត់ធ្លាប់មានមកលើយើង។
លោកស្រី សូមលើកទឹកចិត្តឱ្យមានការពិភាក្សាឱ្យបានផុសផុលនៅក្នុងសន្និបាតនេះ ពីព្រោះមតិយោបល់ និងធាតុចូលសំខាន់ៗ ដែលយើងនឹងទទួលបានពីការពិភាក្សានៅថ្ងៃនេះ នឹងជួយជំរុញការលើកកម្ពស់ការងារក្រសួងរបស់យើងឱ្យកាន់តែប្រសើរថែមទៀត សំដៅរួមចំណែកឱ្យបានជាអតិបរមា ដើម្បីឈានដល់ការសម្រេចបានដ៏ត្រចះត្រចង់នូវកម្មវិធីនយោបាយ, ក៏ដូចជាការសម្រេចបានដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីជំរុញល្បឿននាវាកម្ពុជាឈានដល់ការសម្រេចបានចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


