Connect with us

កីឡា

លោក Henry បានរិះគន់ពីភាពអាត្មានិយមរបស់ Ronaldo ក្រោយ ព័រទុយហ្គាល់ ស្មើ កុងហ្គោ យប់មិញ

បានផុស

នៅ

អតីតខ្សែប្រយុទ្ធក្រុម Arsenal និងជម្រើសជាតិ បារាំង លោក Thierry Henry បានរិះគន់យ៉ាងខ្លាំងទៅលើការលេងរបស់ប្រធានក្រុម Cristiano Ronaldo នៅក្នុងការប្រកួតបើកឆាក​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ World Cup 2026 របស់ក្រុមបញ្ចខែល ព័រទុយហ្គាល់ ទល់នឹងក្រុម កុងហ្គោ កាល​ពីយប់មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតពូល K នៃព្រឹត្តិការណ៍ World Cup 2026 ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ទទួលបានត្រឹម ១ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើក្រុម កុងហ្គោ ១-១។ ប្រធានក្រុម Ronaldo បានក្លាយជាផ្ទាំងស៊ីបរិះគន់យ៉ាងខ្លាំង បន្ទាប់ពីការប្រកួតនេះ ដោយសារការលេងរបស់គាត់ មិនសូវបានល្អដូចការរំពឹងទុក ហើយក៏មិនអាចរកបានគ្រាប់បាល់ឱ្យក្រុមថែមទៀត។

លោក Henry បានចេញមុខរិះគន់អំពីចំណុចមួយចំនួន នៃការលេងរបស់ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំផងដែរ។ អតីតខ្សែប្រយុទ្ធ បារាំង បានសង្កត់ធ្ងន់ខ្លាំង ត្រង់ចំណុច ដែលកីឡាករ Francisco Conceição កាត់បាល់ចូលក្នុងប្រអប់ ប៉ុន្តែ Ronaldo មិនរត់ទាញខ្សែការពារ ដើម្បីបើកចន្លោះឱ្យ Bruno Fernandes បែរជាស៊ុតដោយខ្លួនឯងទៅវិញ។

ត្រង់ចំណុចនេះ លោក Henry បានថ្លែងនៅក្នុងការវិភាគជាមួយសារព័ត៌មាន Fox News ថា៖ «រឿងមួយដ៏សំខាន់បំផុត គឺក្រុមត្រូវការរកគ្រាប់បាល់ មិនមែនអ្នកត្រូវការរកគ្រាប់បាល់ដើម្បីខ្លួនឯងទេ»

បុរសសញ្ជាតិ បារាំង បានបន្ថែមទៀត ថា៖ «ដូចដែលយើងឃើញ ពេល ព័រទុយហ្គាល់ កំពុងគ្រប់គ្រងបាល់ គឺ Cancelo នឹងទទួលបានបាល់។ Cristiano Ronaldo បានស្ថិតក្នុងស្ថានភាពបែបនេះជាច្រើនដង។ ប្រសិនបើអ្នករត់ចូលទៅតំបន់នោះ អ្នកនឹងបង្ខំឱ្យខ្សែការពារត្រូវសម្រេចចិត្តថា តើពួកគេគួរតាមអ្នកចូលទៅក្នុងប្រអប់ ១១ ម៉ែត្រឬក៏អត់»

លោក Henry បានសង្កត់ធ្ងន់ ថា៖ «ប៉ុន្តែដោយសារតែគាត់ចង់ស៊ុតបញ្ចូលទីដោយខ្លួនឯង គាត់បានរត់ចូលទៅក្នុងចំណុចរបស់ Bruno។ ប្រសិនបើគាត់រត់ចូលទៅក្នុងប្រអប់ ១១ ម៉ែត្រ នោះខ្សែការពារនឹងត្រូវតែមកតាមគាត់។ ពេលនោះ Bruno នឹងមានឱកាសបញ្ចប់ទីយ៉ាងងាយស្រួល។ ប៉ុន្តែដោយសារតែគាត់ចង់រកគ្រាប់បាល់ដោយខ្លួនឯង គាត់បានរត់ចូលទៅក្នុងផ្លូវនៃការបញ្ជូននោះ។ ពេលខ្សែការពារឃើញអ្នកទាំងពីរនៅកន្លែងតែមួយ វាកាន់តែងាយស្រួលសម្រាប់ពួកគេក្នុងការការពារ»

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម