Connect with us

ព័ត៌មានអន្ដរជាតិ

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

បានផុស

នៅ

ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាដែលបណ្តាល​ឲ្យ​មានជនជាតិប៉ាឡេស្ទីន​​ស្លាប់​ជាង​៤០០​នាក់ ក្រុមឧទ្ទាម​ហ៊ូធី​ បានបាញ់មីស៊ីល​ផ្លោង​មួយ​គ្រាប់​សំដៅទៅចំ​កណ្ដាល​ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​អង្គារ​ទី​១៨​ខែ​មីនា​ឆ្នាំ​២០២៥។

ក្រុម​ហ៊ូធី (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីល​ដែលបាញ់ចេញពីប្រទេសយេម៉ែន បានបង្ក​ជា​សំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសនៅក្នុងទីក្រុង Tel Aviv និងតំបន់ជុំវិញ ដោយ​ធ្វើ​ឲ្យ​អ្នក​នៅ​ទីនោះ​ត្រូវ​ស្វែងរកទីជម្រក​សុវត្ថិភាព​ជា​បន្ទាន់។ យ៉ាង​ណា​មិញ ខែល​ដែន​អាកាសរបស់អ៊ីស្រាអែល (IAF) បានស្ទាក់ចាប់មីស៊ីលមួយ​គ្រាប់​​​​នោះ​ជាប់ មុនពេលដែលវាអាចបណ្តាល​ឲ្យ​មានការខូចខាត ឬ​​បាត់បង់ជីវិត​មនុស្ស។

នេះ​ជា​ការ​វាយ​ប្រហារ​​លើក​ដំបូង​​​ទៅ​​លើ​អ៊ីស្រាអែល​ពី​ក្រុមហ៊ូធី ចាប់​តាំង​ពី​បទ​ឈប់​បាញ់​នៅ​ក្នុង​សង្គ្រាម​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស​នៅ​តំបន់​ហ្គាហ្សា​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១៩​ខែ​មករា។

ហ៊ូធី ដែល​​គាំទ្រដោយអ៊ីរ៉ង់ ហើយ​ធ្លាប់​បានកំណត់គោលដៅលើអ៊ីស្រាអែលពីមុនៗ​មក បានថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដោយប្ដេជ្ញាថានឹងបង្កើនការគាំទ្ររបស់ពួកគេសម្រាប់ប៉ាឡេស្ទីន។ កាល​ពី​​ដើម​ខែ​មីនា ក្រុម​ហ៊ូធី បានគំរាម​វាយប្រហារ​នាវាអ៊ីស្រាអែលនៅ​លើ​សមុទ្រក្រហម។

ប្រជាជន​នៅ​ហ្គាហ្សា (រូបថត៖ Reuters)

ការវាយប្រហារថ្មីៗ​របស់អ៊ីស្រាអែល គឺជាការវាយប្រហារដ៏សាហាវបំផុតចាប់តាំងពីបទឈប់បាញ់បានអនុវត្ត ដែលបណ្តាល​ឲ្យ​មានអ្នកស្លាប់ជាង ៤០០​នាក់នៅទូទាំងតំបន់ហ្គាហ្សា។ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

ក្រុមហ៊ូធី​ តែងតែ​បង្ហាញ​ពី​ការ​ប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយ​បាន​ធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាច្រើន​​លើក​​ច្រើន​ដង​នៅលើ​ទឹក​ដី​អ៊ីស្រាអែល និង​នាវា​ឆ្លងកាត់​សមុទ្រ​ក្រហម ក្នុងអំឡុងពេលជម្លោះ​តំបន់​ហ្គាហ្សា ដោយបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះប៉ាឡេស្ទីន៕

ដោយ៖ ឈាង

ចុចអាន៖ មួយថ្ងៃសម្លាប់មនុស្សជាង៤០០នាក់ហើយ តែលោក Netanyahu ថា នេះគ្រាន់ជាការចាប់ផ្តើមប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម