Connect with us

ជីវិតកម្សាន្ដ

បណ្ណាល័យសាធារណៈសម្រាប់អាននិងខ្ចីឥតថ្លៃ របស់ Rick Kh គោប្រាក់ ដាក់ដំណើរការហើយនៅថ្ងៃនេះ

បានផុស

នៅ

បណ្ណាល័យ គោប្រាក់ ដែលជាទីតាំងបណ្តុំនូវសៀវភៅចម្រុះសម្រាប់អាន និងខ្ចីដោយឥតគិតថ្លៃ របស់ Rick Kh គោប្រាក់ ដែលមហាជនស្គាល់ថាជាអ្នកផលិតមាតិកាមួយរូបទាក់ទងនឹងសកម្មភាពកម្សាន្តបែបប្រវត្តិសាស្ត្រ និងសង្គម បានបើកដំណើរការហើយនៅថ្ងៃនេះ ក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការដើរប្រមូលទិញសៀវភៅពីគ្រប់ទិសទី និងការខិតខំប្រឹងប្រែងក្នុងការគៀរគរឱ្យមានការបរិច្ចាគ នៅថ្ងៃទី២៦ ខែមេសា បណ្ណាល័យសាធារណៈមួយនេះ បានលេចចេញជារូបរាងយ៉ាងពិតប្រាកដ ដោយនាំយកនូវចំណេះដឹងដ៏ទូលំទូលាយ តាមរយៈសៀវភៅដែលត្រូវបានរៀបចំពេញផ្ទៃនៃបណ្ណាល័យ គោប្រាក់

បើតាមគម្រោងរបស់លោក Orn Richard ក្នុងការរៀបចំបណ្ណាល័យសាធារណៈកាលពីពេលកន្លងមកគឺមិនមែន ១០០ក្បាល ឬក៏ ១០០០ក្បាល នោះឡើយ អ្នកផលិតមាតិការូបនេះ គ្រោងចង់បានសៀវភៅសរុប ១៣៥០០ក្បាល សម្រាប់រៀបចំក្នុងទីតាំងបណ្ណាល័យសាធារណៈរបស់ខ្លួន។ ខណៈក៏កំពុងទទួលការបរិច្ចាគសៀវភៅ ដើម្បីបំពេញចន្លោះបន្ថែម ដោយសប្បុរសជនអាចផ្តល់ជូនបណ្ណាល័យតាមរយៈ (+855 88 668 7997) ។

បណ្ណាល័យសាធារណៈមួយនេះ គឺបើកដំណើរការឱ្យយុវជន និងកុមារ ចូលអានសៀវភៅដោយឥតគិតថ្លៃ ដោយមានតុសម្រាប់អង្គុយអាន។ មិនតែប៉ុណ្ណោះ គ្រប់សៀវភៅទាំងអស់ សុទ្ធតែបើកទូលាយឱ្យអ្នកចូលចិត្តអាន អាចខ្ចីយកទៅអានដោយឥតគិតថ្លៃផងដែរ។

គួរជម្រាបថា បណ្ណាល័យ គោប្រាក់ មានទីតាំងស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីមន្ទីរពេទ្យគន្ធបុផ្ផាសៀមរាប ។

សូមជម្រាបថា Orn Richard ជាអ្នកផលិតមាតិកាមួយរូប ដែលតែងចូលរួមក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដូចជាការជួយសហគមន៍មនុស្សចាស់ ការជួយជនក្រីក្រ កុមារកំព្រា មន្ទីរពេទ្យ ក៏ដូចជាសាលារៀននៅតំបន់ដាច់ស្រយាលផងដែរ។ ខណៈកាលពីខែកុម្ភៈកន្លងទៅ លោកទើបតែបានបន្ថែម​ផ្ទះជួល​ ២​កន្លែង សម្រាប់​ឱ្យ​និស្សិត​មាន​កន្លែងស្នាក់​នៅ ព្រម​ទាំង​ទិញ​សម្ភារៈសិក្សា​ រួមនិងសម្ភារៈ​ប្រើប្រាស់​ទៅចែកជូន​កុមារ​ៗ​នៅ​ទីជនបទដាច់ស្រយាល​នៃ​ខេត្ត​ពោធិ៍សាត់៕

គោប្រាក់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម