Connect with us

សេដ្ឋកិច្ច

ផ្លូវជាតិទាំង ៣ ខ្សែ នឹងចូលរួមលើកកម្ពស់ជីវភាព សេដ្ឋកិច្ចប្រជាពលរដ្ឋ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ផ្លូវជាតិទាំង ៣ ខ្សែប្រវែងជាង ២០០ គីឡូម៉ែត្រ នឹងចូលរួម ក្នុងការបង្កើនសក្ដានុពល និងបង្កើតបណ្ដាញប្រទាក់ក្រឡាគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ហ៊ុន ម៉ាណែត បានក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣១, ៣៣ និងផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ២០២៥ អ្នកដែលទទួលបានផលផ្ទាល់គឺប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត និងមកពីចម្ងាយស្វែងរកការងារ។

សម្ដេច ហ៊ុន ម៉ាណែតថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីតភ្ជាប់នៃតំបន់សក្ដានុពលទាំងនោះ ដែលសម្ដេចប្រដូចទៅនឹងការរៀបចំបណ្ដាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសសៃឈាមរបស់មនុស្ស គឺត្រូវតែរត់គ្រប់កោសិការទាំងអស់ ទើបរាងកាយរឹងមាំល្អ។

សម្ដេច ហ៊ុន ម៉ាណែតលើកឡើងថា៖ «សមិទ្ធផល និងចំណងដៃថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ដែលនេះ ជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងការតភ្ជាប់ប្រទាក់ក្រឡា ពីតំបន់មួយទៅតំបន់មួយ ជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងទូទាំងប្រទេស»។

ផ្លូវជាតិទាំង ៣ ខ្សែ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ចំណាយថវិការសរុប​ប្រមាណ ១៨៨​លាន​ដុល្លារ ក្នុង​នោះ​ផ្លូវ​ជាតិ​លេខ​៣១ ចំណាយ ៦០​លាន​ដុល្លារ, ផ្លូវ​ជាតិ​លេខ​៣៣ ចំណាយ ៦១​លាន​ដុល្លារ និង​ផ្លូវ​ជាតិ​លេខ​៤១​ ចាយថវិកាប្រមាណ ៦៧​លាន​ដុល្លារ ដែល​ជា​ឥណទាន​សម្បទាន​ពី​រដ្ឋ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន រួម​ជា​មួយ​ និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល។

ផ្លូវទាំង៣ ខ្សែ នេះមានភាពប្រទាក់ក្រឡាគ្នា និងការតភ្ជាប់ដូចជា ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ តភ្ជាប់គ្នាត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក) ហើយចំ​ពោះផ្លូវ ជាតិលេខ៤១ វិញ គឺបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ ជាមួយខ្សែផ្លូវផ្សេងៗ​នៅក្នុងតំបន់នេះ​ក្នុងទិសដៅ​​ទៅឆ្ពោះកាន់​ខេត្តកំពត ជាពិសេសតំបន់ ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេស​ចរណ៍​ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតដែលមានភាពទាក់ទាញបំផុត រួមទាំងឆ្ពោះ​ទៅព្រំដែន​កម្ពុជា-វៀតណាម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម