Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិកើនជាង ១% ជុំវិញ​លទ្ធភាពវាយប្រហារអ៊ីរ៉ង់របស់អ៊ីស្រាអែល

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ បាន​កើនឡើងជាង ១ ភាគរយសម្រាប់ការជួញដូរនៅថ្ងៃពុធនេះ ​ក្រោយ​មាន​របាយការណ៍ស្ដីពីផែនការរបស់អ៊ីស្រាអែលក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលអាចបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងនាពេលអនាគត ម៉ាក Brent ​បានកើនឡើង ៨៦ សេន ឬ ១,៣២ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៦,២៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង​ ៨ ព្រឹក នៅក្រុងហុងកុង។ ​តម្លៃអនាគតប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ៩០ សេន ឬ ១,៤៥ ភាគរយ ដល់ ៦២,៩៣ ដុល្លារ/បារ៉ែល។ ​

កំណើននៃតម្លៃប្រេងនេះ កើតឡើងក្រោយបណ្ដាញទូរទស្សន៍ CNN បានរាយការណ៍ពីរបាយការណ៍ស៊ើបការសម្ងាត់របស់​សហរដ្ឋអាមេរិក ដែលបង្ហាញថា អ៊ីស្រាអែលកំពុងត្រៀមខ្លួនក្នុងការវាយប្រហារតាមអាកាស​លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលជាសត្រូវធំប្រចាំតំបន់មជ្ឈិមបូព៌ារបស់ខ្លួន។

អ៊ីរ៉ង់​ គឺជា​ប្រទេស​ផលិត​ប្រេង​ធំ​ទី​៣​ក្នុង​ចំណោម​សមាជិករបស់​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេងកាត (OPEC)​ ហើយ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ អាច​នឹង​បង្ក​ការ​រំខាន​ដល់​លំហូរ​ប្រេងចេញ​ពី​ប្រទេស​នេះ។ ទន្ទឹមនឹង​នេះ ក៏មានការព្រួយបារម្ភផងដែរថា អ៊ីរ៉ង់អាចសងសឹកដោយការរារាំងនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ​​ដែលជា​ច្រកនាំចេញប្រេងដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីត គុយវ៉ែត អ៊ីរ៉ាក់ និងអារ៉ាប់រួម។

យ៉ាងណាមិន កំណើនតម្លៃប្រេងនៅតែមានកំណត់ ជុំវិញ​ភាពប្រសើរឡើងនៃការផ្គត់ផ្គង់ រួមទាំងកំណើនប្រេងក្នុងស្ដុករបស់សហរដ្ឋអាមេរិក និងកំណើនផលិតកម្មក្នុងប្រទេសកាហ្សាក់ស្ថានជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម