Connect with us

ព័ត៌មានជាតិ

ព្យុះទី១ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជា​មួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ស្ទើរទូទាំងប្រទេស

បានផុស

នៅ

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងធនធានទឹក និងឧតុនិយម ព្យុះទី១ ដែលជាព្យុះដំបូងក្នុងឆ្នាំ២០២៥ T2501 មានឈ្មោះ វូតទីព (Wutip) បានអស់ឥទ្ធិពល តែកម្ពុជានៅតែបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ស្ទើរទូទាំងប្រទេស។

បើតាមការប្រកាសរបស់ក្រសួងធនធានទឹក ព្យុះទី១ ឈ្មោះ វូតទីព នេះ បានក្លាយទៅជាសម្ពាធទាបដែលគ្រប​ដណ្តប់​លើសមុទ្រចិនខាងត្បូង ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។

តាមការប្រកាស ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខេត្តកំពត កោះកុង ព្រះសីហនុ កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។

ក្រសួងធនធានទឹក បានបញ្ជាក់បន្ថែមថា យោងលើការព្យាករ នៅក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងបរិមាណពីតិចទៅបង្គួរ ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម