Connect with us

កីឡា

លោក ខូវ ឆាយ ​ប្រាប់​ពីមូលហេតុ​ ​កីឡាករគុនខ្មែរទៅវ៉ៃ​ក្រៅប្រទេស មិនសូវដឹងច្បាប់របស់គេ

បានផុស

នៅ

លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានទម្លាយពីហេតុផលមួយចំនួន ដែលការចេញទៅប្រកួតនៅក្រៅប្រទេសភាគច្រើន អ្នកដឹកនាំកីឡាករទៅប្រកួត និងសមីកីឡាករផ្ទាល់មិនសូវយល់ដឹងច្បាស់អំពីច្បាប់នៃការប្រកួតរបស់គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ខូវ ឆាយ

ជាការពិត នាមួយរយៈចុងក្រោយនេះ គុនខ្មែរ​រីកចម្រើន​គួរ​ឲ្យ​កត់​សំគាល់ទាំងការប្រកួតក្នុងស្រុក និងក្រៅប្រទេស ប៉ុន្តែជាបញ្ហាចោទ រាល់ពេលចេញទៅប្រកួតនៅប្រទេសផ្សេង គឺ​កីឡាករគុនខ្មែរភាគ​ច្រើន​នៅមានភាពស្រពិចស្រពិល មិនទាន់ជ្រាបច្បាស់អំពីច្បាប់ប្រកួតរបស់គេទាំងស្រុង។

ជាក់ស្តែងដូចករណីរបស់កីឡាករ រឿង សុភ័ណ្ឌ​ ចេញទៅប្រកួតនៅ អង់គ្លេស ជួបជាមួយកីឡាករ Luke Whelan កាលពីខែ តុលា ឆ្នាំ ២០២៤។ ពេលនោះច្បាប់ប្រកួតរបស់គេអនុញ្ញាតឱ្យកីឡាករពុះកែងពីលើក្បាលបាន ទាំងដែលច្បាប់នេះគឺផ្ទុយពីគុនខ្មែរទាំងស្រុង ហើយបើក្រឡេកទៅមើលស្ថានភាពកីឡាករនៅលើសង្វៀនផ្ទាល់វិញ ហាក់ដូចជាមិនដឹងអំពីច្បាប់នេះទាល់តែសោះ ដែលជាហេតុធ្វើឱ្យកីឡាករធ្វេសប្រហែស និងមិនបានត្រៀមក្បាច់ស្នៀតគ្រប់គ្រាន់ ដើម្បីការពារខ្លួន។

រូបភាពប្រកួត

យ៉ាងណា លោក ខូវ ឆាយ បានបកស្រាយថា មូលហេតុដែលអ្នកដឹកនាំកីឡាករ និងកីឡាករមិនសូវដឹងច្បាស់អំពីច្បាប់របស់គេ ដោយសាររាល់ការប្រកួតនៅក្រៅប្រទេស គឺគេមិនបានប្រើច្បាប់គុនខ្មែរឱ្យពេញលេញនោះទេ លុះត្រាតែការប្រកួតនោះត្រូវបានដឹកនាំ និងរៀបចំដោយខាងគុនខ្មែរ​តែម្តង។ កីឡារបស់ប្រទេសជិតខាង (មួយថៃ) បានរីកចម្រើនមុន​គុន​ខ្មែរ​ជាង ៣០ ទៅ ៤០ ឆ្នាំទៅហើយ ដោយសារពួកគេមានវិទ្យាស្ថានបណ្តុះបណ្តាលកីឡា ដែលជាហេតុធ្វើឱ្យពួកគេអាចបញ្ជូនមន្ត្រីរបស់ពួកគេទៅបណ្តុះបណ្តាលមន្ត្រី​នៅ​ អឺរ៉ុប និងអាមេរិក។ អ៊ីចឹងហើយ ទើបពេលកម្ពុជា​ដឹកនាំកីឡាករទៅប្រកួតនៅទីនោះ គេស្គាល់តែបទបញ្ជាប្រកួតរបស់ប្រទេសជិតខាងប៉ុណ្ណោះ។

លោកបានបន្ថែមថា រាល់ពេលដឹកនាំកីឡាករគុនខ្មែរទៅក្រៅប្រទេស លោកតែងតែសិក្សាអំពីច្បាប់របស់គេ គ្រាន់តែពេលខ្លះ​ មិនអាចដឹងពីច្បាប់របស់គេគ្រប់ជ្រុងជ្រោយ ដោយសារប្រទេសនីមួយៗមានលក្ខណៈប្រកួតខុសៗគ្នា។

លោក ខូវ ឆាយ

ទន្ទឹមនេះលោកក៏បានបង្ហាញអំពីផែនការរបស់សហព័ន្ធប្រដាល់គុនខ្មែរផងដែរ ​ដោយថ្ងៃអនាគត សហព័ន្ធនឹងព្យាយាមផ្សព្វផ្សាយអំពីច្បាប់គុនខ្មែរ តាមរយៈការយកច្បាប់គុនខ្មែរទៅតម្កល់នៅតាមប្រទេសនីមួយៗ ដែលបានចេញទៅប្រកួត ខណៈបច្ចុប្បន្ន សហព័ន្ធបានសម្រេចផែនការមួយហើយ ដោយបានតម្កល់ច្បាប់គុនខ្មែរនៅក្នុងប្រទេសបារាំងជាផ្លូវការ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម