នយោបាយ
ប្រធានព្រឹទ្ធសភាស្នើឱ្យជប៉ុនជំរុញទៅថៃឱ្យក្លាហានឡើងតុលាការអន្តរជាតិជាមួយកម្ពុជា
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅបន្តលើកឡើងថា «មានតែចោរទេដែលខ្លាចតុលាការ» និងស្នើឱ្យជប៉ុនជំរុញទៅប្រទេសថៃឱ្យមានភាពក្លាហានហ៊ានឡើងទៅតតាំងនៅតុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជា។

ថ្លែងក្នុងជំនួបជាមួយនាយសេនាធិការកងស្វ័យការពារជប៉ុន នាយឧត្តមសេនីយ៍ Morishita Tasunori នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាប្រទេសកម្ពុជាជាប្រទេសស្រលាញ់សន្ដិភាព មិនចង់ឃើញការផ្ទុះអាវុធ ឬសង្គ្រាមជាមួយអ្នកជិតខាងនោះទេ ដូច្នេះហើយទើបប្រើប្រាស់ច្បាប់អន្តរជាតិដើម្បីដោះស្រាយទំនាស់ជាមួយថៃ។ សម្ដេចក៏បានលើកឡើងពីបំណងចង់ឱ្យលោក Morishita ជំរុញទៅថៃឱ្យមានភាពក្លាហានឡើងតុលាការផងដែរ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យព្រឹទ្ធសភាលោក ជា ធីរិទ្ធ។
លោក ជា ធីរិទ្ធថា៖ «សម្ដេចតេជោបញ្ជាក់ថាកម្ពុជាមិនមានអ្វីក្រៅពីចង់ឱ្យជប៉ុនជួយឱ្យភាគីនៃជម្លោះដោះស្រាយបញ្ហាដោយសន្ដិវិធីហើយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ ជំរុញឱ្យភាគីថៃចូលរួមដោះស្រាយទៅតាមនិយាមឬច្បាប់អន្តរជាតិ»។
សម្ដេចតេជោក៏បានពន្យល់ទៅលោក Morishita ផងដែរថាបញ្ហាដែលកើតឡើងរវាងកម្ពុជា-ថៃនោះគឺកើតឡើងដោយសារថៃជាអ្នកចាប់ផ្ដើមដោយឱ្យទាហានឆ្លងដែនមកបាញ់សម្លាប់ទាហានខ្មែរ បិទព្រំដែនដោយឯកតោភាគី និងធ្វើសកម្មភាពជាច្រើនទៀតរំលោភបំពានលើកម្ពុជា។

នាយសេនាធិការកងស្វ័យការពារជប៉ុន លោក Morishita បានធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជា មុននឹងបន្តទស្សនកិច្ចនៅថៃនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ។
លោកនាយឧត្តមសេនីយ៍ Morishita Tasunori បានចូលរួមរម្លែកទុក្ខចំពោះការបាត់បង់ជីវិតយុទ្ធជនកម្ពុជាលោកព្រឹន្ទបាលទោ សួន រ៉ោន ព្រមទាំងបានអរគុណចំពោះការបញ្ជាក់ពីមូលហេតុពិតនៃបញ្ហាព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់គាំទ្រចំពោះយន្តការដោះស្រាយទំនាស់ដោយសន្តិវិធីរបស់កម្ពុជាផងដែរ។

កម្ពុជាបានដាក់បញ្ជូនលិខិតជូនដំណឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ នាទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឱ្យតុលាការការនេះសម្រេចសេចក្ដីលើសំណុំរឿងព្រំដែនកម្ពុជា-ថៃនៅតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី បើទោះបីថៃបដិសេធក្នុងការឡើងទៅតតាំងក្ដីក៏ដោយ។ ក្រសួងការបរទេសថៃបានចេញសេចក្ដីប្រការព័ត៌មានមួយកាលពីថ្ងៃទី១៥ ខែមិថុនា ដោយថាខ្លួនមានការខកចិត្តដែលកម្ពុជាលើយកករណីនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជ័យ តិច ធ្លាប់ប្រាប់កម្ពុជាថ្មីថា ការដែលថៃមិនចង់ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិដោយសារថៃដឹងមុនថាគ្មានសង្ឃឺមឈ្នះកម្ពុជា ព្រោះអ្វីដែលយកមកសំអាងព្រំដែនជាមួយកម្ពុជាគឺជាឯកសារដែលថៃធ្វើនិងទទួលស្គាល់ដោយខ្លួនឯងប៉ុណ្ណោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


